សៀងហៃទីក្រុងធំរបស់ចិនកុម្មុយនិស្ត

ដោយ ពិន សំខុន      តពីលេខមុន

‹ប្រព័ន្ធអាំងទែណែត›ពិសណ្ឋាគារទៅ ជាមួយបុគ្គលិកនៅកម្ពុជានឹងនៅឡូវែល… ពេលនោះទើបយើងដឹងថា នៅប្រទេសចិនមិនមាន‹ប្រព័ន្ធគូហ្កោល›នឹងប្រព័ន្ធ‹ហ្វេសប៊ុគ›ដ៏ល្បីល្បាញនៅក្នុងពិភពលោកនោះទេ ដែលធ្វើឱ្យយើងងាកមករកប្រើ‹ប្រព័ន្ធយ៉ាហ៊ូ›ទៅវិញ ដែលទំហ៊ំទំនាក់ទំនងតូចជាង តែនៅប្រើបានក្នុងប្រទេសចិន។ ជាមួយគ្នានោះ យើងដឹងដែរថារូបភាពនយោបាយ ដូចជាការប្រកួតប្រជែងនៅសេដ្ឋវិមានសហរដ្ឋអាមេរីក បានត្រូវរាំងស្ទះមិនឱ្យចេញផ្សព្វផ្សាយបានឃើញជាសាធារណនោះទេ…ផ្ទុយទៅវិញ ព័ត៌មានស្តីពិការបរាជ័យដែល‹អាស៊ាន›មិនបានចេញសេចក្តីថ្លែងការណ៍រួមនៅកិច្ចប្រជុំ‹វៀងចាន›ប្រឆាំងវត្តមានប្រទេសចិននៅដែនសមុទ្រខាងត្បូង បានត្រូវបំពងយ៉ាងខ្ទរខ្ទាទាំងក្នុងទូរទស្សន៌នឹងក្នុងកាសែតជាភាសាអង់គ្លេស(យើងមិនបានដឹងថានៅក្នុងកាសែតជាភាសាចិននិយាយពីអ្វីទេពីព្រោះមិនចេះចិន)។

img_9914 img_9449

សណ្ឋាគារ‹រឺណេសង់›ស្ថិតនៅកណ្តាលសង្កាត់ថ្មើជើងមួយ ដែលមានសំណង់ប្រវត្តិសាស្ត្រ ជាអតីតវិហ៊ារបូរាណដ៏ធំ ដែលគេប្រើជាហាងលក់ដូរឥវ៉ាន់នានា។ ទីនោះមានប្រជាប្រីយណាស់ មានមនុស្សទៅមកច្រើនណែនណាន់តាន់តាប់ ទិញរបស់ក៏ច្រើន ពីព្រោះ ជាទូទៅគេលក់របស់ដែលមានតម្លៃទាប… រីឯកន្លែងប្រណិត មានលក់របស់តម្លៃខ្ពស់ មានមនុស្សដើរច្រើនដែរ តែមិនសូវមានអ្នកទីញទេ-ហាងលក់គ្រឿងអលង្កា មានច្រើនហួសការស្មាននោះ ក៏មិនសូវឃើញមានភ្ញៀវដែរ។

នៅពេលដើរកំសាន្តតាមផ្លូវ ដ៏ធំទូលាយជាច្រើនខ្វាត់ខ្វែង ព័ទ្ធជុំវិញមហាអាគ៌ាធំៗខ្ពស់ៗ ប្រកបដោយរូបរាងទំនើបៗ ប៉ុណ្ណារ៉ូឱទ្ទានជាភាសាខ្មែរថា‹ទីនេះដូចផ្ទះយើងនៅអាមេរីកាដែរ›, នេះជាការពិត ព្រោះធ្វើឱ្យយើងនឹកទៅដល់ទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរីក តែទិក្រុងនេះស្អាតជាង គ្មានកន្លែងគគ្រិចក្រខ្វក់ទេ គ្មានរុយឬមូសមករំខានមនុស្សឬម្ហូបទេ – ប៉ុណ្ណារ៉ូមកលើកនេះ ធ្វើអត្ថាធិប្បាយជាភាសាខ្មែរបានច្រើននៅឯប្រទេសចិនកុម្មុយនិស្ត ដោយសារកាលពីមកដល់ស្រុកខ្មែរក៏និយាយខ្មែរ, ទៅដល់ស្រុកយួនទៀត ក៏ទីនោះ គ្រួសារក៏និយាយតែខ្មែរទៀត ម្លោះហើយបានជាទៅដល់ស្រុកចិន បែរជានិយាយខ្មែរទៅវិញ, ក្នុង១ខែនេះ គេរៀនខ្មែរបានច្រើន។ បើមើលតាមផែនទី ទីក្រុង‹សៀងហៃ›ជាខែត្តមួយដែលគ្មានដីសល់សម្រាប់ធ្វើស្រែចំការទេ គឺមានតែទីក្រុងរកស៊ី ផ្ទះធ្វើថ្មីរាល់ថ្ងៃ ហើយខ្ពស់ៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនដ៏ច្រើនជាងគេក្នុងពិភពលោកនោះ។

img_9397 img_9354

ទៅលេងសួនច្បារ‹យូ – Yu Garden

នៅក្នុងបរិវេណវិហ៊ារចាស់ដ៏ធំហើយថែរបានល្អ នាកណ្តាល‹សៀងហៃ› នៅមានមនុស្សកាន់សាសនាប្រារព្វប្រពៃណីនៅឡើយ មនុស្សម្នាជាច្រើនបានចូលទៅទស្សនា អុចធូប បន់ស្រន់ក្នុងជំនឿមហាយានចិនខ្លាំងខ្លា ហាក់ដូចជារបបកុម្មុយនិស្តមិនបានហាមឃាត់នោះទេ។ សំណល់ចិនបូរាណ បានធ្វើឱ្យយើងកោតសសើរដល់ស្ថាបត្យកម្ម នឹងក្បាច់សិល្បៈកំរឹតខ្ពស់ជារូបចម្លាក់ ជាផ្ទាំងគំនូរ ជាសំណង់ ជារបស់ប្រើប្រាស់… នៅផ្តំលើផ្ទៃដីច្រើនសិបហិចតា ធ្វើឱ្យយើងដើរមើលតែ១កន្លែង ស្ទើពេញមួយថ្ងៃនៅមិនទាន់ចប់។ យើងបានទៅដល់ឧទ្យានមួយកន្លែង ដែលគេដាក់សញ្ញាយ៉ាងរាយមាយថា‹កន្លែងភ្លក់តែបូរាណ – Ancient Tea House› មានផ្ទះបូរាណតូចមួយឋិតនៅចំកណ្តាលឧទ្យាន គេហៅថាកន្លែងផឹកតែបូរាណ តែកន្លែងនេះមានកំណើតតាំងពី២០០ឆ្នាំមកហើយ បំរើ‹តែ›ពិសេសៗផុតលេខ ទៅដល់ទីនោះទើបយើងដឹងថា ហាងផឹកតែដ៏តូចច្រឡឹងនេះ ធ្លាប់បំរើតែដល់ស្តេច‹អេលីហ្សាបែត›នៃចក្រភពអងគ្លេស ពីសេសទៅទៀតនោះ សម្តេចនរោត្តម សីហនុ នឹង អ្នកសម្តេចមហេសីម៉ូនីក ក៏លោកធ្លាប់យាងមកសោយតែដ៏ពីសេសនេះ នៅទីនោះកាលពីឆ្នាំ១៩៧០ដែរ – យើងដែលបានមកអង្គុយតុក្នុងបន្ទប់ដដែលនេះ មានចិត្តរំភើបជាទីបំផុត នឹកថា‹ព្រះអង្គមុខជាបានលំហែរព្រះកាយបានខ្លះ ជាមួយនឹងតែចិនបូរាណដ៏ពិសេសនឹងឆ្ងាញ់ពិសារ នាពេលនោះ ពីព្រោះព្រះអង្គបានចេញពីប្រទេសកម្ពុជាហើយមិនអាចត្រឡប់ទៅវិញបានទេ›។

‹ទាខ្វៃបែបប៉េកាំង›Pekin duck House

បំណាច់នឹងមកដល់ស្រុកចិនទៅហើយ យើងក៏គួរតែទៅភ្លក់‹ទាខ្វៃបែបប៉េកាំង›ដែលជាម្ហូបវប្បធម៌ចិនពិសេស មានឈ្មោះល្បីល្បាញក្នុងលោក តើគេបំរើរបៀបណា? នៅជាន់ទី៣ទាំងមូល ក្នុងអាគារដ៏ធំស្កឹមស្កៃ នាផ្លូវធំមិនឆ្ងាយពីសណ្ឋាគារ‹រឺណេសង់› ភោជនីយដ្ឋាននោះមិនពិបាករកទេ តែហាងធំរបៀបនេះក៏មិនសូវសម្បូរដែរ។ យើងបានបញ្ជាយកទាខ្វៃចិញ្ចឹមដោយអ្នកស្រុក(Organic)មកធ្វើម្ហូបសម្រាប់យើង៣នាក់ ក្នុងតម្លៃថ្លៃបំផុត គឺ៣៤០យេន ស្មើរនឹងប្រមាណ៥០ដុល្លា ក្នុងតម្លៃនោះយើងទទួលបានមកវិញ នូវម្ហូបប្រណិត៧មុខពីសាច់ទាតែមួយដែលយើងបានបញ្ជាទិញ។ ក្នុងពេលអង្គុយចាំម្ហូបចេញ យើងសង្កេតឃើញអ្នកបំរើជាច្រើន រង់ចាំបំរើភ្ញៀវ ដែលមានប្រមាណតែ៤-៥តុប៉ុណ្ណោះ… យើងមានសំណាងដោយ អ្នកបំរើតុយើង ជានិស្សិតមហាវិទ្យាល័យ អាចនិយាយទាក់ទងជាមួយយើងយ៉ាងជំនាញ ដែលនៅ‹សៀងហៃ›យើងមិនសូវមានឱកាសនិយាយ‹អង់គ្លេស›ទេ ដោយមិនមានអ្នកចេះនិយាយ ដូច្នេះយើងហៅម្ហូប ឬចង់ទិញរបស់អ្វីមួយដោយ‹ចង្អុល›លើរូបតែប៉ុណ្ណោះ រីអ្នកលក់វិញក៏ពូកែរជំនាញលក់ទំនិញមិនឱ្យខូចភ្ញៀវទេ គឺនិយាយគ្នាដោយមានការបកប្រែតាម‹អាយហ្វូន›។ ៤៥នាទីក្រោយមក ម្ហូបក៏មកដល់ ដោយមានពិធីការជាចុងភៅ ចេញមកវះយក‹ស្បែកទាស្រួយខ្ញោក› មកតម្រៀបលើថាស នៅពិមុខយើងជូនភ្ញៀវ សាច់ដែលនៅសល់ គេយកទៅធ្វើជាម្ហូបសាច់-ឆា-សម្លរ-បាយលិង ចុងបញ្ជប់យកឆ្អឺងទា ទៅធ្វើជាបបរម្នាក់មួយចានជូនភ្ញៀវថែមទៀត។ ចុងបញ្ជប់អាហារដែលយើងបារម្មថា‹ថ្លៃ› បែរជា‹តម្លៃល្អ›សមរម្យ មិនបានធ្វើឱ្យយើងខកចិត្តសោះទេ។

ទៅទស្សនា‹ណានសៀន›ផ្សារនៅក្នុងភូមិចាស់

img_0382

ដោយមានការណែនាំពីបុគ្កលិកហាងទាខ្វៃ យើងក៏បានមករកមើលភូមិចាស់មួយទាំងមូល ឈ្មោះ‹ណានសៀង› បានក្លាយទៅជាផ្សារដ៏ធំមួយសម្រាប់ប្រជាជនចិន ដែលមានមនុស្សអ៊ូអរដើរពេញផ្លូវ ចាប់តាំងពីរសៀលម៉ោង២ទៅរហូតដល់អាធ្រាត។ យើងបានជិះ‹មេត្រូ› ដែលជាមធ្យោបាយដឹកនាំសាធារណសៀងហៃធម្មតា ដ៏ទំនើប គុណភាពខ្ពស់ជាងនៅអាមេរីកទៅទៀត ក្នុងដំណើរប្រមាណ១ម៉ោង ទៅដល់ក្បែរទល់ដែនខាងជើងនៃ‹សៀងហៃ›។ សម្បូរយុវជន-យុវនារី ជិះមេត្រូណាស់ គេនាំគ្នាចុះនៅ‹ណានសៀន›ដូចយើងដែរ ដោយសារទីនោះមានសាកលវិទ្យាល័យដ៏ធំមួយ។ ឆ្ងាយពីនោះបន្តិច នៅ‹ណានសៀន›ជនជាតិចិន ប្រជ្រៀតគ្នាដើរកំសាន្តតាមភូមិបូរាណរបស់គេ យ៉ាងរីករាយ មានឥវ៉ាន់លក់ដូរ នឹងម្ហូបចំណីគ្រប់បែបយ៉ាង គួរឱ្យចង់មើលនឹងចង់ភ្លក់។ ចិនប្រើទូរស័ព្ទស្ទើរគ្រប់គ្នាសម្រាប់ទាក់ទង យានជំនិះរបស់ពួកគេ មានម៉ូតូ ឬរថយន្ត ប្រើអគ្គីសនី ដែលបើកគ្មានឰសូរសម្លេងស្ទើរតែទាំងអស់ សូម្បីតែឡានក្រុងក៏ដូចគ្នាដែរ។ យើងបាននៅកំសាន្តនាក្រុងបូរាណចិន ពេញមួយល្ងាច ដូចជាបានស្ថិតនៅក្នុង‹កុនចិនកាប់ដាវ›បែបរឿង‹សាមកុក›ជាដើម ធ្វើឱ្យសូបិនដែលជាកូនចៅចិនស្រាប់ មានចិត្តរំភើបឥតឧបមា។

យប់បន្តិចហើយ យើងត្រឡប់មកសណ្ឋាគារវិញ តាម‹មេត្រូ›យ៉ាងចង្អៀតណែន នឹងតាមផ្លូវដ៏ឆ្ងាយ ពុំមានកន្លែងសល់សម្រាប់យើងអង្គុយទេ តែទោះជាគ្មានអ្នកចេះភាសាសម្រាប់យើងសួរ ក៏យើងអាចយល់ពីផ្លូវដែលយើងត្រូវទៅបានដែរ ដោយសារគេសរសេរអក្សរ‹អងគ្លេស›ជាច្រើននៅលើផែនទី ឬនៅលើផ្លូវ ឬនៅក្នុងមេត្រូជាដើមដែរ។

ស្អែកឡើងយើងត្រូវភ្ញាក់ពីព្រលឹម រៀបចំខ្លួនចេញដំណើរពីសៀងហៃ មកសហរដ្ឋអាមេរីកវិញ ដោយសោមនស្សក្រៃលែង ពីព្រោះយើងបានចាកចោលឡូវែលអស់រយៈពេល៦សប្តាហ៍ហើយ ភាពរលឹកស្រុកក៏កើតឡើងយូរបន្តិចហើយ… បាយ! បាយ! សៀងហៃ!។