ខ្ញុំត្រូវបានប៉ូលីសពិន័យ

ខ្ញុំត្រូវបានប៉ូលីសពិន័យ

ដោយ រ៉ជ័រ ពិន

ឡូវែលៈ ទើបបានចូលសញ្ជាតិអាមេរីកាំងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានប៉ូលិសចាប់ហើយ‹ផាក›យ៉ាងចាស់ដៃ។ ធម្មតាខ្ញុំតែងតែភ័យ បារម្ភ ឃើញប៉ូលីស តែងប្រកាសចុះចាញ់ហើយជាស្រេច ពីព្រោះពេលយើងមានកាតបៃតង‹គ្រីនខត› មិនឱ្យចាញ់សម្លុតប៉ូលីសម្តេចបាន ពីព្រោះគ្មាននរណាការពារយើងក្រៅតែពីរកមេធាវី ហើយចាយលុយដូចគេជះចោល ទើបអាចរកយុត្តិធម័បានខ្លះ។ តែនៅថ្ងៃទី២មករាឆ្នាំ២០១៥ ប៉ូលិសចាប់លើកនេះ ស្រាប់ទេមានកម្លាំងចិត្តមកពីណា ថាត្រូវប្រើសិទ្ធថ្មីស្រឡាងរបស់ខ្លួន ដើម្បីតទល់ពួកនេះម្តង!

ខ្ញុំនៅចាំនៅឡើយថា ថ្ងៃនោះ មេឃត្រជាក់ខ្លាំងណាស់ ធ្វើឱ្យមានជម្ងឺផ្តាសាយពេញផ្ទះ ដូច្នេះត្រូវចេញទៅទិញថ្នាំក្អកនឹងផ្តាសាយ នៅឯ‹វ៉លគ្រីន›នៅផ្លូវ‹ផ្លែនស្ត្រីត›ទើបបានរួចជីវិត។ ទិញបានថ្នាំនៅម៉ោង១២ថ្ងៃត្រង់រួចហើយ ចេញមកវិញក៏ឡើងតាមផ្លូវ‹អិចប្រេសវេយ› ក៏ស្រាប់តែឃើញឡានប៉ូលីសមួយចតខាងមុខ កំពុងចាប់អ្នកបើកបរម្នាក់ ឈប់នៅពីមុខឡានគាត់។ លោកប៉ូលីសនោះ គាត់បញ្ចប់កាងារជាមួយឡានពីមុខគាត់រួចហើយ ក៏ត្រឡប់ត្រៀមបើកទ្វារចូលឡានគាត់។ ឃើញគាត់រៀបនឹងបើកទ្វារឡានដូច្នោះ ខ្ញុំក៏ឈប់ឡាន ទុកឱ្យផ្លូវទូលាយសិន ទើបទៅមុខទៀតបាន។ រីឯលោកប៉ូលិសនោះវិញ ឃើញខ្ញុំឈប់ឡាននៅលើផ្លូវដែលគេ‹ត្រូវបើកបរលឿន អិចប្រេសវេយ›ក៏ថយទៅមុខឡានគាត់វិញ ទុកផ្លូវឱ្យខ្ញុំទៅមុខបាន ខ្ញុំក៏បន្តរដំណើរទៅមុខទៀត។ គ្រាន់តែផុតឡានប៉ូលីសនោះបន្តិច ខ្ញុំក្រឡេកទៅក្រោយតាមកញ្ចក់ ស្រាប់តែឃើញលោកប៉ូលិសនោះ ប្រញាប់ប្រញាល់រត់ចូលរថយន្តគាត់ ប្រដេញតាមខ្ញុំភ្លាម ដោយដាក់‹ស៊ីរែន›ផង។ ខ្ញុំក៏បញ្ឈប់ឡាន ប៉ូលីសក៏មកឈប់ពីក្រោយឡានខ្ញុំ លើផ្លូវថ្នល់ពាក់កណ្តាល លើចិញ្ចើញថ្នល់ពាក់កណ្តាល ដូចដែលគាត់ធ្វើពីមុននេះបន្តិច ជាមួយរថយន្តមុន។ ប៉ូលីសសួរខ្ញុំដោយមានទឹកមុខមាំថា‹អ្នកឯងដឹងខ្ញុំចាប់អ្នកឯងដោយសារអ្វីទេ?› ទម្លាប់តែខ្លាចប៉ូលីស ហើយក៏មិនចង់បង្ហាញភាពរឹងរូសដាក់គេ ក៏ឆ្លើយតបថា‹ខ្ញុំដឹង› គាត់ក៏ទារសំបុត្រស្នាមឡាន នឹង‹អាយឌី›យកទៅពិនិត្យក្នុងឡានគាត់ ខ្ញុំនឹកថា‹មិនបានធ្វើអ្វីខុសច្បាប់ទេ› តែក៏នឹកមិនឃើញថាតើអាចនឹងមានកំហុសអ្វីបានទេ! នៅពេលដែលលោកប៉ូលិសនោះត្រឡប់មកវិញ ប្រគល់លិខិតទាំងអស់មកខ្ញុំវិញ ថែមទាំងលិខិត‹ផាក›មួយតម្លៃ១០៥ដុល្លា មកជាមួយផង ដោយគាត់ចារុថា‹ឈប់ឡាននៅលើផ្លូវដែលបើកលឿន› ខ្ញុំហួសចិត្ត ដោយត្រូវប៉ូលីសយល់ថាខ្ញុំចង់ឈប់លេងនៅទីនោះ! ប៉ូលីសនិយាយប្រាប់ខ្ញុំថា ឡានផ្លូវនេះបើកលឿនៗណាស់ អ្នកមិនអាចឈប់បានទេ អ្នកដឹងទេ! ខ្ញុំឆ្លើយ‹បាទ›ម្តងទៀត ដោយមិនចាំច្បាស់ថាខ្ញុំបានឈប់យ៉ាងម៉េច ដែលធ្វើឱ្យខ្ញុំខុសនឹងច្បាប់នោះ? បូលីសបន្ថែមថា‹បើអ្នកមិនពេញចិត្តនឹងសេចក្តីសម្រេចនេះទេ អ្នកអាចនឹងទៅតវ៉ាទៅតុលាការបាន!› ខ្ញុំក៏តបដោយស្វ័យប្រវត្តទៅវិញថា‹អាយវៀល› បានន័យថាខ្ញុំនឹងទៅ។

ខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ មិនអស់ចិត្តថា ‹លើកនេះខុសពីរាល់ដង នៅពេលខ្លួនខ្ញុំទទួលការផាកពីន័យ ហេតុអ្វីក៏មិនច្បាស់ជាបានធ្វើខុសយ៉ាងដូច្នោះ? គួរឱ្យចំឡែកដែរ! ដូច្នេះលោកប៉ូលីសនេះ ច្បាស់ជាខកខ្លួនហើយលើកនេះ ខ្ញុំច្បាស់ជាមិនសុខចិត្តចុះចាញ់ដូចមុនៗទៀតទេ ពីមុនទោះជាត្រូវឬខុសក៏ដោយ ខ្ញុំទទួលខុសទាំងអស់ កុំឱ្យតែមានរឿងវែងឆ្ងាយ។

ខ្ញុំបានផ្ញើរសំបុត្រតវ៉ាភ្លាម ក្រោមការលើកទឹកចិត្តពីមិត្តភក្ត្រខ្លះដែលយល់ថា មានប៉ូលីសខ្លះមិនចូលចិត្តពួកអាស៊ីយើងទេ ថាយើងល្ងង់ណាស់ ‹ផាក›របៀបណាក៏គ្មានតវ៉ាអីដែរ! មែនពិមុនមកខ្ញុំមិនដែលតវ៉ានឹងការផាកពិន័យមែន។

គ្រាន់តែប្តើមតវ៉ាភ្លាម ខ្ញុំត្រូវបង់ប្រាក់៥០ដុល្លា ដើម្បីឱ្យខ្ញុំបានជួបនឹងក្រឡាបញ្ជីម្នាក់នឹងតំណាងប៉ូលីសម្នាក់មកពិនិត្យករណី‹ពិន័យ›របស់ខ្ញុំ នៅ២ខែក្រោយមក។ នៅពេលបានជួបក្រឡាបញ្ជី នឹងតំណាងប៉ូលីស លោកប៉ូលីសហាក់ដូចជាយល់ករណីដែលធ្វើឱ្យខ្ញុំជំទាស់នឹងការ‹ពិន័យ›លើរូបខ្ញុំ តែក្រឡាបញ្ជីតំណាងតុលាការមិនយល់ស្រប នៅតែបញ្ជូនខ្ញុំទៅ‹ឧទ្ធរ›ទាល់តែបាន ហើយខ្ញុំត្រូវបង់៥០ដុល្លាទៀត ដើម្បីឱ្យបានទៅជួបចៅក្រម។ លើកនេះអយុត្តិធម៌ពេញបន្ទុក ប្រសិនបើបង់‹ផាក›អស់១០៥ដុល្លាទៅ រឿងត្រូវចប់ ហើយក៏មិនខាតបង់ពេលទៀត! ហេតុយ៉ាងនេះធ្វើឱ្យខ្ញុំគិតថា‹បើធ្វើជាល្ងង់ប្រហែលជាចំណេញជាង›… តែនៅពេលនេះ ខ្ញុំមានពេលច្រើន ដោយខ្ញុំចូលនិវត្តន៍ហើយ ហើយសញ្ជាតិអាមេរីកាំងថែមទៀត ដែលនឹងបើកឱកាសឱ្យខ្ញុំអាចតវ៉ារឺតតែឆ្ងាយជាងទៅតុលាការបាន ដូច្នេះត្រូវសាកល្បងប្រើសិទ្ធនោះ តើអយុត្តិធម៌វានឹងទៅដល់ណា? ស្មានតែគេភ្លេចខ្ញុំបាត់ទៅហើយ ៨ខែក្រោយមក មានដីការកោះហៅឱ្យទៅសាវនាការម្តងទៀត។

ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ នៅសាលលេខ៦ នៃតុលាការចរាចរក្រុងឡូវែល ពេលនោះមានចៅក្រមស្ត្រីចំណាស់ម្នាក់មកជាអធិបតី ឃើញមានអំណាចពេញបន្ទុក តែទឹកមុខញញឹម មិនដូចលោកប៉ូលីសដែលមានអំណាចដែរ តែត្រូវតែធ្វើមុខកាចជានិច្ចនោះទេ។ ក្រឡាបញ្ជីបានហៅឈ្មោះខ្ញុំ ជាករណីមុនគេ ប្រឈមមុខនឹងតំណាងប៉ូលិសម្នាក់ដែលគ្មានឯកសណ្ឋាន នៅក្បែរគ្នាតែមិនងាកមើលទៅណាផ្សេង ក្រៅតែពីតុលាការទេ។ គាត់បានត្រូវអញ្ជើញឱ្យរាយការ ពីហេតុដែលខ្ញុំត្រូវមានទោសដោយបានធ្វើរំលងច្បាប់ មុនគេ គាត់បានរៀបរាប់យ៉ាងវែង លំអិត លំអដោយមាត្រានៃច្បាប់ទៅជាមួយផង ថាខ្ញុំមិនព្រមបើកឡានគេចទៅរកផ្លូវបន្ទាត់ខាងឆ្វេង បែរជាឈប់ឡាន លើផ្លូវដែលគេកំពុងបើកលឿនទៅវិញ ធ្វើឱ្យមានជាប់ឡានពីក្រោយទៀតផង… តាមសាច់រឿងសមតែខ្ញុំជាប់គុកមែន! តែខ្ញុំនៅតែមានជំនឿយ៉ាងមាំថា ខ្ញុំជាអ្នកបើកបរ ខំទប់កុំឱ្យមានគ្រោះថ្នាក់ ដែលខ្ញុំមើលឃើញថាបង្ករដោយប៉ូលីសម្នាក់នោះ នៅតែមានកម្លាំងលើច្បាប់នោះជានិច្ច។ ដល់វេនខ្ញុំកាពារខ្លួនម្តង ខ្ញុំបានបញ្ជាក់ថាសេចក្តីរាយការរបស់ប៉ូលីសនោះ បានកើតរបៀបនោះមែន ប៉ុន្តែសម្រាប់ខ្ញុំ ដែលទើបចេញពីផ្លូវតូច‹អិចស៊ីត›មិនទាន់បង្កើនល្បឿន ឆ្លងទៅបន្ទាត់ឆ្វេងបាន ស្រាប់តែមកដល់ឡានប៉ូលីស ដែលមានប៉ូលីសម្នាក់ត្រៀមបើកទ្វារឡានខ្លួន…លោកស្រីចៅក្រម សួរកាត់ថា ហេតុអ្វីក៏អ្នកមិនឆ្លងកាត់ចេញទៅបន្ទាត់មួយទៀតទៅ? ខ្ញុំតបថា លោកប៉ូលីសបានទទួលស្គាល់ថា ផ្លូវនោះមានឡានច្រើនហើយបើកលឿន ចំណែកខ្ញុំចេញពី‹អិចស៊ីត›ភ្លាម មិនអាចបើកលឿនបានទេ ដូច្នេះទៅខាងឆ្វេងក៏អាចគ្រោះថ្នាក់ ទៅមុខត្រង់ក៏អាចគ្រោះថ្នាក់ ខ្ញុំគ្មានជម្រើសក្រៅពីឈប់ឡានខ្ញុំសិនបានទេ!។ ថ្វីត្បិតតែលោកប៉ូលីសនៅតែទទូចថា ខ្ញុំនៅតែអាចមើលឃើញឡានប៉ូលីសពីចម្ងាយ ហើយគេចចេញបាន តែលោកស្រីចៅក្រមបានសម្រេច កាត់សេចក្តីថា‹ខ្ញុំឥតមានកំហុសទេ›រួចទៅហើយ។

ខ្ញុំចេញមកវិញ មានការពេញចិត្តនឹងសេចក្តីសម្រេចចិត្តថា‹បានកាពារសិទ្ធរបស់ខ្លួន› ដោយបានចូលសញ្ជាតិដណ្តើម‹សិទ្ធស្មើនឹងអ្នកដ៏ទៃ›បាន រាប់ទាំងសិទ្ធអំណាចប៉ូលីសផង… ប្រសិនបើចាញ់ក្តីពេលនេះ ហើយបើទៅ‹ឧទ្ធរ›ទៀតបាន ត្រូវរកមេធាវីឱ្យទៅជួយកាពារក្តីនៅទីនោះទៀត…បើគេមិនឱ្យទៅ‹ឧទ្ធរ›ទេ ខ្ញុំត្រូវចេញថ្លៃគេ‹ផាក›ខ្ពស់ជាងមុនមែន តែត្រូវស្វែងរក‹កម្លាំងនយោបាយ› ទៅកែរច្បាប់‹អយុត្តិធម៌›នោះចេញ ទើបអស់ចិត្ត៕