Caribbean Island Travel

១៩៨-ទស្សនាប្រជុំកោះការ៉ាអ៊ីប (ភាគ៣)

ដោយ សុបិន ពិន
…. នៅពេលសម្រាកហាលថ្ងៃ ខ្ញុំបានលះបង់ពីការគិតរកប្រាក់កំរ៉ៃប្រចាំថ្ងៃ ដែលជាការងាររបស់ខ្ញុំ ឈប់បានគិតពីការស្កាត់ទៅរកការជួបភ្ញៀវពាណិជ្ជកម្ម ឈប់គិតពីម៉ោងកូនចូលរៀន ឬក៏ចេញពីសាលា ឈប់គិតពីធ្វើម្ហូបអាហារព្រឹកល្ងាច…អស់រលីង រស់នៅពាក់កណ្តាលការដេកលក់លង់ នឹងការភ្ញាក់ មិនបានឃើញពីមនុស្ស ចេញចូលបុន្មានទេ ហើយអ្នកទាំងនោះក៏មិនខ្វាយខ្វល់ពីអ្នកណាមានសម្លៀកបំពាក់ហ៊ឺហាអ្វី ឬក៏គ្មានអ្វីក្រៅពីខោខ្លី ឬខោអាវសម្រាប់មុជទឹក យ៉ាងសាមញ្ញ នោះដែរ។ មេឃជាទូទៅស្រឡះ ច្រើនជាងស្រទុំ ជួនកាលក៏មានភ្លៀងមួយភ្លែតដែរ តែពពកតិចតួច មិនអាចបិទបាំងលំហមេឃខៀវស្រងាត់ ដ៏ធំធេងបានទេ ហើយពពកទាំងនោះ បើមើលយូរទៅ វាគូសវាសជាគំនូរក្រវេមក្រវាម ជារូបភាព ដែលប្តូរូបរាងរាល់នាទី បើតាមដានវាហើយ មិនចង់ឈប់ទេ។
ថ្ងៃទី៣នឹងទី៤ នៅលើ‹កោះការីប៊ីន›ឬប្រទេស‹ដូមីនិកាំនរេប៉ប្លីក› មិនឆ្ងាយពីទីប្រជុំជន‹សាំងដូមិងគោ›កម្មវិធីមិនសូវមានអ្វីផ្លាស់ប្តូរទេ ដោយសារតែយើងមិនចង់ទទួលយកអ្វីៗថ្មីៗ ដែលបុគ្គលិក‹ភូមិបាយ៉ាព្រិនស៊ីព›ស្នើថែមទៀតតែប៉ុណ្ណោះ ម្លោះហើយភាពសម្រាកកាយ ភាពលំហែរនៅតាមមាត់សមុត្ររលកតិច ខ្យល់បក់ត្រសៀក នឹងចំហាយនៃកំដៅថ្ងៃ ជះមកលើរូបរាងកាយ ដែលមិនសូវមានអ្វីបិទបាំង ដូចតែគេឯងនៅទីនោះ នាំសេចក្តីស្រម័យទៅពីភពថ្មីមួយទៀតដែលមិនមាននរណាមើលអ្នកផ្សេង ស្ងប់ស្ងាត់តែរៀងៗខ្លួន មិនខុសអ្វីពីពេលដែលយើងធ្វើ‹សម្មាធិ›ជាច្រើនម៉ោង យ៉ាងពេញចិត្តនោះទេ។ ប្តីខ្ញុំ គេចូលចិត្តនៅក្រោមឆ័ត្រ ប្រើកុព្យូទ័រសម្រាប់សរសេរអត្ថបទមិនចេះចប់ ស្លៀកខោខ្លី ដងខ្លួនទទេ នៅមិនឆ្ងាយពីអាងហែលទឹក ដែលប៉ុណ្ណារ៉ូគេលេងទឹក ជាមួយមិត្តក្មេងៗរបស់គេ។ ប៉ុណ្ណារ៉ូឥឡូវនេះ ហែលទឹកបានយ៉ាងចំណាប់ដោយមិនបាច់ប្រើពោង ដូចពេលមុនទៀតទេ គេអាចហែលទឹកបានមួយជុំ អាងដែលមានរាងក្រវិចក្រវ៉ក មានចរន្តទឹកហូរតិចផង។
ទាំងពីព្រឹករហូតយប់ សកម្មភាពកីឡាមានបន្តរជាហូរហែរ មានការបង្ហាត់កីឡាក្នុងអាងទឹកក៏មាន មានកីឡាបាល់ទាត់ ឬ‹វូឡេយ›បាល់លើដីខ្សាច់ក៏មាន មានការប្រណាំងជិះពោងក្នុងសមុទ្រ ជិះ‹ស្គីលើទឹកសមុទ្រ›ក៏មាន តែយើងមិនស្វែងរកអ្វីផ្សេង ក្រៅតែពីសម្រាកនោះទេ។ ពេលរសៀលឡើង កម្មវិធីកំសាន្តថ្មីៗទៀត បានចាប់ប្តើមជារៀងរាល់ពេលព្រលប់ មានភ្លេងជាច្រើនវង់ លេងភ្លេងនឹងច្រៀងកំដរភ្ញៀវយ៉ាងជំនាញ មានការទទួលភេសជ្ជៈ‹ខកថែល›ដល់គ្រប់ភ្ញៀវ មានល្ខោនឬបញ្ចាំងកុន ឬ‹កាណាវ៉ាល់›ឬក៏‹លេងសៀក›ជារៀងរាលថ្ងៃ ដើម្បីកំដរភ្ញៀវជាកិត្តយស។ ខ្លះគេមកជាមួយគូរកំណាន់ ក៏ទៅរកកន្លែងស្ងប់ស្ងាត់ អង្គុយហូបអាហារក្រោមពន្លឺទៀន្ ក្នុងពីភពសួគ៌ាយ៉ាងឯកោ មានក្រុមតន្រ្តីមកកំដរតែ២នាក់ក៏បាន។ រាត្រីកាល ក្រោមពន្លឺដួងចន្ទ ហ្វូងតារាព្រោងព្រាត មិនសូវមានន័យប៉ុន្មានទេ នៅទីនេះ គេណែនាំភ្ញៀវឱ្យទៅកំសាន្ត កន្លែងដែលមានភ្លើងពណ៌មានក្លឹនក្រអូប មានភ្លេងcara4ភ្លាត់ មានអ្វីដែលសង្គមធម្មតាមិនធ្លាប់មាន ព្រោះទស្សនៈសេដ្ឋកិច្ច គេមិនទុកឱ្យមនុស្សនៅទំនេរមិនចាយលុយនោះទេ… សង្គមមួយទៀតនោះ គេឱ្យឈ្មោះថា ជីវិត‹សម្បូរបែប› នៃ‹វណ្ណមូលធននិយម› ដែលមិនមាននរណាពិន័យទោសពៃរ៍ តៅះជាតិចតួចក៏គ្មានដែរ ពីព្រោះទីនេះគេហៅថា‹សេរីភាព› គេមានតិច ចាយតាមតិច បើមានច្រើន ចាយបានច្រើនក៏ប្រសើរ។
ប្រទេស‹ដូមីនីកានរេប៉ប្លីក›មិនមែនជាប្រទេសអ្នកមានដូចសហរដ្ឋអាមេរីកទេ តែប្រទេសនេះគេធ្វើការមានសហការណ៍ជាមួយអ្នកមាន ។ ធនធាននៃអ្នកមាន គេវិនិយោគជាតំបន់‹ទេសចរប្រណិត› សម្រាប់ពួកទេសចរដូចជាយើងខ្ញុំនេះ មកបំពេញ‹ការស្រម័យ›របស់ខ្លួនមួយរយៈ ដើម្បីបំភ្លេចការលំបាក បំភ្លេចការនឿយហត់ ដែលការ‹លំបាកនឹងនឿយហត់›ទាំងនោះ នាំឱ្យយើងហ៊ានចាយប្រាក់ដែលរកបានដោយងាយក្តី ដោយលំបាកក្តី នៅទីដែលទាក់ទាញយកអារម្មអ្លរបស់យើងបាន។ ខ្ញុំគិតថា នេះគឺជាគំរូនៃរបបទេសចរមួយ ដែលខុសគ្នាពីទេសចរទៅប្រទេសកម្ពុជា… បុព្វបុរសយើង បានទុកស្នាដៃ ជាប្រាង្គប្រាសាទរាប់ពាន់កន្លែង រៀបរាប់ជាប្រវត្តិនៃមនុស្សបានរាប់ពាន់រឿង ក្រុមអ្នកចេះដឹងខ្ពស់បំផុត ក៏គង់នៅតែល្ងង់ចំពោះមុខប្រាសាទខ្មែរនៅឡើយ កំពូលនៃអារីយធម៍ពិភពលោកស្ថិតនៅកណ្តាលកម្ពុជាកាលពី១៥០០ឆ្នាំមុន… នេះគឺគេនាំទេសចរឱ្យមក‹ស្រម័យរកអតីតកាល›ដែលគ្មាននរណាជឿបាន ប្រសិនបើមិនបានឃើញផ្ទាល់នឹងភ្នែក។ ភាពខុសគ្នា គឺនៅត្រង់ទេសចរនៅស្រុកខ្មែរ គេមក‹រៀនសូត្ររកការពិត› រីឯនៅ‹ដូមីនីកាំនរ៉េប៉ប្លីក› គេមកការ‹ស្រម័យ›រកការសម្រាកយ៉ាងរីករាយ ដើម្បីបំភ្លេចការលំបាកនឹងក្រខ្សត់›។cara6
ថ្ងៃទី៥ទី៦ នៃវិស្សមកាលរបស់យើង គឺបន្ថែមដោយការស្វែងរកទិញវត្ថុអនុស្សវរីយខ្លះ សម្រាប់ត្រឡប់មកផ្ទះវិញ នៅតាមហាងតម្រៀបគ្នាជាជួរ នៅជុំវិញបរិវេណនៃ‹ភូមិបាយ៉ាព្រិនស៊ីព›។ ខ្ញុំតែងតែចូលចិត្តដើរមើលតាមហាងល្អៗណាស់ តាំងពីគ្រឿងអង្ការ មាសពេជ្រ ក្រឡៃ សំលៀកបំពាក់ក្នុងស្រុក គ្រឿងចម្លាក់ធ្វើពីឈើ ធ្វើពីស្រការត្រី ឬធ្វើពីសំបកលាស សំបកគ្រុំ ធ្វើដោយដៃអ្នកស្រុក បានត្រូវរៀបតុបតែងដាក់លក់ជាជួរ ក្នុងទូរកញ្ចក់ ឬរាយប៉ាយយ៉ាងមានសណ្តាប់ធ្នាប់… នេះក៏គឺជាឱកាសដ៏តិចតួចបំផុតដែលយើងអាចនិយាយលេងឱ្យស្គាល់ ពីមនុស្សនឹងតំបន់ដែលពួកគេរស់នៅ បានខ្លះៗ ជាទូទៅពួកនោះ មិននិយាយពីខ្លួនឯងឡើយ។ ទោះជាមិនប្រាប់ ក៏យើងអាចឃើញ មនុស្សវ័យចំណាស់
ច្រើនសិបនាក់ ជាអ្នកថែរសួនច្បារឱ្យបានស្អាតនឹងស្រស់បោះ ដែលជាចំណុចកណ្តាលនៃភូមិទេសចរ… បន្ទាប់មក ស្រីៗច្រើនសិបអ្នកទៀត ជាអ្នកមើលថែរ‹សំអាតបន្ទប់ភ្ញៀវមិនឱ្យក្នក់ចិត្ត រីឯយុវជនស្វាហាប់ប្រមាន១០០នាក់ ប្រដាក់គ្នារៀបកម្មវិធីប្រចាំថ្ងៃ គ្មានឈប់ឈរ នឹងដោយរីករាយ ដែលទាំងនេះជាគុណសម្បត្តិរបស់ពលរដ្ឋស្រុក‹ដូមីនីកៃន›នេះ សម្រាប់ទទួលភ្ញៀវដែលចូលមកសំណាក់នៅ‹បាយ៉ាព្រិនស៊ីព›រាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ។ គុណសម្បត្តិទាំងនេះហើយ ដែលនាំធនធានពីខាងក្រៅប្រទេស cara7ចូលមកចិញ្ចិម ពលរដ្ឋ‹ដូមីនីកាំន›បាន។ ទោះជានេះមិនមែនជារូបភាពដំណាងឱ្យប្រទេស‹ដូមីនិកាំង›ទាំងមូលក៏ដោយ ប្រទេសនេះបានខិតខំប្រឹងពង្រីកគម្រោងរបៀបនេះ បន្តរពីកន្លែងដ៏ច្រើនដែលមានមុនមកហើយដែរ ហើយចែករំលែកភាពចំណេញ ទាំងម្ចាស់លុយមានដើមទុន នឹងទាំងអ្នកមានបញ្ញា-កម្លាំងពលកម្ម-ទេពកោសល្យ បានរស់ទាំងអស់គ្នាដែរ។
ថ្ងៃទី៧ ជាបញ្ចប់មកដល់ យន្តហោះបាននាំយើងចេញដំណើរមកឡូវែលវិញ ដោយមានដំណាក់ប្តូរយន្តហោះនៅ‹ញូយ៉ក› តែបែរជាមកចុះចតនៅចំណតយន្តហោះ‹ផ្លរីដា›ទៅវិញ ដោយត្រូវរង់ចាំបន្តរដំណើរទៅ‹ញូយ៉ក› ដែលនៅទីនោះកំពុងមានខ្យល់ព្យុះ យន្តហោះមិនអាចចុះចតបានទេ ។ ៣ម៉ោងក្រោយមក ទើបបន្តរហោះហើរទៅ‹ញូយ៉ក›បាន… នៅទីនោះ ដោយខកជើងយន្តហោះ យើងត្រូវសម្រាកនៅសណ្ឋាគារមួយយប់ ស្អែកឡើងទើបអាចបន្តរដំណើរមកផ្ទះរួច ។
យើងបានបញ្ចប់វិស្សមកាលរបស់យើង ដោយបន្សល់ទុកនូវអនុស្សវរីយ នៃរូបភាពត្រកាលនៅមានសមុត្រ‹អាត់ឡង់ទីក› នៃភូមិដ្ឋានប្រកបដោយសួនច្បារចម្រុះពណ៌ នៃមនុស្សធ្វើការដ៏រាក់ទាក់ ជាពិសេសទទួលនូវការសម្រាកកាយនឹងចិត្តបានច្រើន សម្រាប់ត្រឡប់មកប្រឈមមុខនឹងកាងារដ៏ស្មុគស្មាញ ដែលកំពុងតែរង់ចាំយើង នៅឯឡូវែលឯណេះ៕