American Ninja Warrior

សេម សាន់(Sam Sann) ខ្មែរតែមួយរូប ដែលប្រកួតកីឡាឆ្លងកាត់ឧបស័គ្គ American Ninja Warrior

ដោយសុខា

ក្រុង ហសតុន រដ្ឋតិចសាស់៖ កីឡាឆ្លងកាត់ឧបសគ្គ ដែលរៀបចំដោយការច្នៃប្រឌិតរបស់មនុស្ស ប្ រកួតនៅសហរដ្ឋអាមេរិក មានឈ្មោះថា American Ninja Warrior។ កីឡាមួយនេះ មានដើមចម ចេញពីប្រទេសជប៉ុន ហើយបានបញ្ច្រាបចូលក្នុងសហរដ្ឋអាមេរិក កាលពី20ឆ្នាំមុន មានឈ្មោះដើមថា Sasakue។

លោក សេម សាន់ (Sam Sann)ស្ថិតក្នុងឈុតពណ៌លឿងនៅឯការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅក្រុងដាឡាស។ លោក សេម សាន់ បានឆ្លងកាត់ឧបសគ្គដោយជោគជ័យ និងទាន់ពេលវេលា ហើយទទួលបានឳកាសប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្រុងឡាសវេហ្គាស។

វត្តមានរបស់លោកសេម សាន់ ដែលជាខ្មែរតែម្នាក់ចេញមកពីរដ្ឋតិចសាស់ ទៅប្រកួតថ្នាក់ជាតិនៅ ក្រុងឡាសវេហ្គាស បានធ្វើឲ្យមហាជនចាប់អារម្មណ៍ នឹងសមត្ថភាពរបស់សេម សាន់ជាខ្លាំង។ លោកមានមោទនភាពចំពោះសមត្ថភាពរបស់លោក ហើយលោកចង់បង្ហាញដល់សាធារណជនឲ្យបានដឹងថា អាយុមិនមែនជាឧបសគ្គសម្រាប់អ្នកឡើយ។ គួរបញ្ជាក់ផងដែរ លោក សេម សាន់ ជាបេក្ខជនដែលមានអាយុច្រើនជាងគេ(47ឆ្នាំ)ប្រកួតក្នុងកីឡាមួយនេះ។

Sam as baby with mother
Sam Sann as a baby and his mother, Bunsorn Khy (Currently looking for his mom)

លោក សេម សាន់ បានរៀបរាប់អំពីការដាក់ចិត្តដាក់កាយលេងកីឡា យ៉ាងដូច្នេះថា លោកមើលឃើញពីជីវិតកន្លងមក មិនដែលបានសប្បាយឡើយ ដូចនេះ ការលេងកីឡា ជាសកម្មភាពផ្តល់ភាពរីករាយ។ លោកចាត់ទុកសេចក្តីសុខ ដែលលោកទទួលបានពីកីឡា យកមកបូកដកទូទាត់ជាមួយពេលលំបាកកាលនៅប្រទេសខ្មែរ (ពិសេស ពេលដែលលោកឆ្លងកាត់របបប៉ុល​ ពត ខ្វះអាហារ សម្លៀកបំពាក់

គ្មានការរៀនសូត្រ ជីវិតហាក់ឥតមានន័យឡើយ)។

ការយកចិត្តទុកដាក់ ទៅលើកីឡា តស៊ូនឹងឧបសគ្គនេះ (American Ninja Warrior) លោកចាំមិនភ្លេចនិមិត្តរូបគ្រូបង្វឹករបស់លោកដែលមានឈ្មោះថា ចេន ខាលហេន (Jaine Culhane)។ ការអំណត់ព្យាយាម និងភាពច្បាស់លាស់ក្នុងវិស័យអត្តពលកម្មនេះ បានធ្វើឲ្យលោកក្លាយជាអ្នកលេងកីឡាដ៏ប្រសើរ និងមានសមត្ថភាពបើកនូវមជ្ឈមណ្ឌលកីឡាដែលមានឈ្មោះថា អាយអិន ស្ពតក្លឹប (Iron Sport Club)។ ក្រៅពីនេះ លោកនិងភរិយា ហ្គាបប៊ី (Gabby) មានបើកជាហាងកែសម្ផស្សថែមទៀតផង។ លោកបង្ហើបថា លោកធ្វើការមួយថ្ងៃ 16ម៉ោង នៅទីកន្លែងទាំងពីរ។ អ្វីៗដែលបានកសាង សុទ្ធសឹងជាញើសឈាមនៃការតស៊ូទាំងពីរនាក់ប្តីប្រពន្ធ។ ជាមួយគ្នានោះ

លោកបានឲ្យតម្លៃជាវិជ្ជមានដល់សហគមដែលលោករស់នៅ មានសាសន៍មិកសិកកូ និងសាសន៍ផ្សេងទៀត ដែលរស់នៅចេះស្រឡាញ់គ្នា ដូចបងប្អូន។

Sam wife Gabby and daughter Amber
Sam Sann’s wife Gabby and his daughter Amber

ទាក់នឹងជីវិតឯកជន និងជីវិតក្រុមគ្រួសារ លោក​ សេម សាន់ មានក្តីសោមនស្សចែករំលែកជាមួយសាពត៌មានខ្មែរផុសសហរដ្ឋអាមេរិកថា លោកមានភរិយា ឈ្មោះថា ហ្គាបប៊ី (Gabby Sann) បានរៀបការជាមួយគ្នាតាំងពី 21ឆ្នាំមុន ហើយមានកូនស្រីម្នាក់ឈ្មោះថា (Amber Sann)។ លោក សេម សាន់ជាកូនខ្មែរកាត់ចិន។ លោកមានទីកន្លែងកំណើតនៅក្រុងភ្នំពេញ តែធំធាត់ឡើង

រស់នៅជាមួយជីដូនក្នុងខេត្តសៀមរាប។

ឈ្មោះពិតរបស់លោក គឺ សម្បត្តិ សាន់(Sambath Sann)។ ឳពុករបស់លោកនាម សម្រង​ សាន់ ក្រោយប៉ុលពល ឳពុក និងកូន បានជួបគ្នានៅកាណាដា ហើយឳពុកលោកបានទទួលមរណភាពកាលពី5ឆ្នាំមុន។ ម្តាយនាម ឃី ប៊ុនសន បានបាត់ខ្លួនគ្មានដំណឹងដល់សព្វថ្ងៃ ជាមួយនឹងបងប្អូនទាំង5នាក់ទៀត។

លោកមានក្តីប្រាថ្នាបី ទីមួយគឺចង់ស្វែងរកម្តាយ និងបងប្អូនទាំង5នាក់ ដែលបានបាត់ខ្លួនទៅនោះ។ លោកសង្ឃឹមថា វត្តមានរបស់លោកក្នុងកញ្ចក់ទូរទស្សន៍អាចឲ្យលោកមានឳកាសបានជួបជុំជាមួយម្តាយ និងបងប្អូន ព្រោះបើពួកគេពិតជានៅរបស់ប្រាកដមែន ហើយបានឃើញលោក្នុងទូរទស្សន៍ ពួកគេប្រហែលជាអាចរកគ្នាឃើញ។ ទីពីរ លោកសង្ឃឹមថា លោកអាចក្លាយជាអគ្គរដ្ឋទូតសុឆន្ទៈនៃAmerican Ninja Warrior ទៅកាន់ប្រទេសជប៉ុន ឬប្រទេសផ្សេងៗទៀត។ ក្តីប្រាថ្នាទីបី គឺជ័យលាភីវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ។ គួរកត់សម្គាល់ផងដែរថា ជ័យលាភីក្នុងការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ American Ninja Warrior គឺ $500,000.00។