វិយោគកថាជូនចំពោះគ្រួសារសពដែលស្លាប់ក្នុងអគ្គីភ័យថ្ងៃទី១០កក្កដា២០១៤
ដោយ ខ្មែរផុស ស.រ.អា.
By KhmerPost USA

អគ្គីភ័យទើបនឹងបានឆក់យកជីវិតមនុស្ស ចាស់៤នាក់ នឹងកូនក្មេង៣នាក់ នាកណ្តាលក្រុងឡូវែល ដែលមានខ្មែររស់នៅច្រើនជាងគេបង្អស់ នាឆ្នេរខាងកើត នៃស.រ.អា.នេះ។ ជាថ្មីម្តងទៀត សហគមន៍ទាំងមូល បានកាន់ទុក្ខជូនគ្រួសារនៃសពដែលសុទ្ធតែខ្មែរ ជាអ្នកធ្លាប់ស្គាល់ការ ស្លាប់ច្រើនជាងរស់នៅ តាំងតែពីច្រើនទស្សវត្យមកហើយ ទើបបានមកដល់តំបន់ថ្មីនៃស.រ.អា. ដែលខ្លួននឹកស្មានថាអាចរស់នៅសុខសាន្ត គ្មានភិតភ័យតទៅទៀតនោះឡើយ ។ តាំងតែពីព្រឹកនៃ ថ្ងៃទី១០នោះ សហគមន៍ខ្មែរភ័យញ័ររន្ធត់ ចំពោះការបាត់បង់ដ៏ច្រើនបំផុត ជាលើកដំបូងនៅស.រ.អា.នេះ បានចេញមករកក្រុមគ្រួសារឬមិត្តភក្ត្រ ចំនួនច្រើនរយនាក់ ក្រុមថ្នាក់ដឹកនាំខ្មែរក៏ចេញមកព្រោងព្រាត មានសមាគមខ្មែរCMAAដឹកមុខ ចូលរួមសង្គ្រោះផ្លូវចិត្តនឹងកាយ ជាមួយក្រុមកាកបាតក្រហមRed Cross ក្រុម មេរីម៉ាក វ៉ាឡេ Merrimack Valley ក្រុមគ្រឹស្ត្រសាសនាឈើជChurch នៅមានបេក្ខជងតំណាងរដ្ឋ ខ្មែរទាំង២រូប មានតំណាងក្រុងខ្មែរ នឹងវត្តខ្មែរ ក៏បានចូលរួមជាចុងក្រោយដែរ តែពិសេសទៅទៀតនោះ លោកអភិបាលក្រុង អេលីយ៉ុត រ៉តនី ទឹកមុខក្រៀមក្រំ ក៏បានចេញមកជួយចាត់ចែង តាំងពីព្រលឹមដល់ព្រលប់ដែរ ទូរទស្សន៍គ្រប់ឆាណល់បានផ្សាយពត៌មានយ៉ាងរន្ថើន តាំងពីពេលផ្តើមកើតហេតុរហូតដល់យប់ជ្រៅ រីឯនៅទីលាន ប្រកួតកីឡា មានមនុស្ស រាប់សែននាក់ ក្រោកឈរ ស្មឹងស្មាតចូលរួមមរណទុក្ខ គោរពវិញ្ញាណក្ខន្ធ នាល្ងាចនោះដែរ។

ស.រ.អា.បានផ្តោតចក្ខុ មើលមកសហគមន៍ខ្មែរ ដោយសារមានខ្មែរស្លាប់ច្រើនក្នុងអគ្គីភ័យតែមួយ ចរន្តជំនឿថាការស្លាប់រស់នឹងសុខទុក្ខរបស់ សហគមន៍ខ្មែរគ្មាននរណាឈឺឆ្អាលទេនោះ បានត្រូវផ្លាស់ប្តូរ ។ តើនៅមានចរន្តអ្វីទៀតដែលកំពុងប្តូរដែរនោះ? មនុស្សស្លាប់ក្នុងអគ្កីភ័យលើកនេះ បានត្រូវទទួលការគោរព នឹងសោកស្តាយ យ៉ាងទូលំទូលាយ ពីអ្នកនៅរស់ ពុំមែនជាចៃដន្តទេ គឺប្រាកដជាការស្លាប់ដោយគ្រោះថ្នាក់ លើកនេះ ក៏ពុំមែនជាការរំដោះពីសេចក្តីទុក្ខទៀតដែរ ពីព្រោះអ្នកនៅរស់មានអារម្មណ៍ថា ខ្លួនមានការបាត់បង់មនុស្សដែលជាទីស្រឡាញ់របស់ខ្លួន ដែលមិន អាចបំភ្លេចឬរំងាប់បានឡើយ រីឯមនុស្សទៅបាត់ហើយនោះ ក៏ជឿជាក់ថាមិនបានបោះបង់សេចក្តីស្រឡាញ់ចោលពីអ្នកនៅរស់ដែរ ទ្រព្យសម្បត្ត នឹងសម្ភារៈទាំងអស់ លែងមាន ន័យអ្វីចំពោះសេចក្តីស្រឡាញ់ ទាំងនោះហើយ ។ អ្នកស្លាប់ទៅហើយក្តី ក៏បានបង្រៀនអ្នកនៅរស់ថ្ងៃនេះ នៅលើដែនដីថ្មី ពីភពនៃតម្លៃថ្មីថាជីវិតជាសេចក្តីស្រឡាញ់ ពុំមែនកំណើតជាទុក្ខ ដូចដែលយើងធ្លាប់ដឹងមកនោះទៀតទេ សេចក្តីស្រឡាញ់រវាង ម្តាយឧ៍ពុកនឹងកូន រវាងស្រីនឹងប្រុសជាប្តីប្រពន្ធ រវាងជីតាជីដូននឺងចៅ វាជាធម្មជាតិចាប់កំណើតជាមួយជីវិតជាស្វ័យប្រវត្ត ។ ចំណែកឯពាក្យ ចាស់ ឈឺ ស្លាប់ របស់ខ្មែរវិញ គេធ្លាប់យល់ថា ជាការវិវត្តន៍ធម្មតានៃជីវិតដែលកាន់តែមានបទពិសោធន៍ វាក្លាយជាទុក្ខកាន់តែច្រើនដែរ ដែលគេ រំដោះចេញពីទុក្ខនោះ ដោយការលះបង់ មិនចង់ឈ្នះមិនចង់មាន… ក៏ប៉ុន្តែការរស់នៅរបស់ជីវិតថ្មីវិញ មានន័យថា ជាការរៀនសូត្រសំរាប់គាំទ្រ ជីវិតឱ្យរឹតតែប្រសើរឡើង ដោយប្រឹងឱ្យទា
ល់តែឈ្នះ
មានគម្រោងនឹងមធ្យោបាយទប់ទល់វិបត្តបានគ្រប់យ៉ាងនឹងគ្រប់ពេលវេលា នេះហើយជាវិធី រំដោះទុក្ខបែបថ្មី ដែលយុវជនទាំងខ្មែរទាំងសាសន៍ដ៏ទៃ បានចេះដឹងរស់ដោយជោគជ័យ រីករាយ ឬក៏មិនទាន់មកដល់ក៏ដោយ។ ងាកទៅ មើលពាក្យ ឈឺ នឹង ស្លាប់ ដែលជាឧបត្តិហេតុធម្មតានៃជីវិត មនុស្សណាក៏ត្រូវតែជួបប្រទះដែរនោះ នៅទីនេះយល់ថាជា ទុក្ខខាងផ្លូវកាយនឹងចិត្ត គេខិតខំរៀប គម្រោងរុញច្រានឱ្យទៅឆ្ងាយបាន មានជម្ងឺខ្លះ គេបានឈ្នះជាស្ថាពរហើយ នៅសល់តែសេចក្តីស្លាប់ជាធម្មជាតិទេ ដែលគេអាចពន្យាពេលបានខ្លះ តែមិនរហូតទេ ។ អ្នកដែលបានស្លាប់ក្នុងអគ្គីភ័យថ្ងៃទី១០នេះ គឺជាការបាត់បង់ជីវិតដោយគ្រោះថ្នាក់ ដោយចៃដន្យ មិនបានត្រៀម ខ្លួនដូចអ្នក បាត់បង់ជីវិតធម្មតានោះទេ ទាំងអស់គ្នាយល់ថា ព្រលឹងអ្នកមិនអាចបង្ហាញនូវភាពរីករាយ នឹងក្តីស្រឡាញ់មកដល់អ្នកនៅរស់តទៅទៀតទេ អ្នកបានធ្វើឱ្យអ្នកដ៏ទៃនឹកស្តាយចំពោះការធ្វេសប្រហែស ដែលមិនបានឰសម្រែកនៃម៉ាស៊ីនប្រាប់ពីភ្លើងឆេះ ឬឡានទឹកមកយឺតពេល ឬក៏ផ្ទះឈើ នោះឆេះលឿនពេក ឬក៏មិនបានហាត់ប្រុងខ្លួនសម្រាប់ពេលមានអាសន្ន…។ល។ ទាំងអស់នេះ សុទ្ធតែអាចត្រៀមកាពារជាមុនបានទាំងអស់ ដើម្បីរំដោះគ្រោះកំណាចនោះឱ្យឆ្លងផុត ហេតុអ្វីក៏អ្នកនៅរស់មិនអាចជួយអ្នកបាន?

ឃើញការដាច់ខ្សែចំណងគ្រួសារយ៉ាងទាន់ហន់ដូច្នេះ ឃើញចំណងក្តីស្រឡាញ់បាត់បង់តែមួយប៉ព្រិចភ្នែក ព្រលឹងអ្នកស្លាប់ទៅហើយ កំពុងរង់ ចាំការរៀបចំការពារខ្លួន រៀបចំកិច្ចកាពារក្រុមគ្រួសារ ពីអ្នកនៅរស់ កុំឱ្យការស្លាប់ ដោយគ្រោះថ្នាក់ អាចធ្លាក់មកដល់អ្នកឯទៀតបាន ដូចពេលមុន ទៀត ។ ក្នុងករណីភ្លើងឆេះផ្ទះអស់ច្រើនល្វែងពេលនេះ តម្រូវឱ្យអ្នកជួលឬទិញផ្ទះ មើលចំណុចសុវត្ថភាព ជាអាទិភាព បើត្រូវជួសជុលត្រូវប្រើសេវា ឯកទេស ទើបច្បាស់លាស់ហើយចំណេញលុយជាងសេវាងងិត ។ នៅផ្ទះមានកុមារនឹងស្ត្រី គេត្រូវត្រៀមចម្លើយតបនឹងសំនួថា បើមានភ្លើងឆេះ ក្នុងផ្ទះតើត្រូវធ្វើអ្វីខ្លះ? បើមានទឹកលិច? បើមានខ្យល់ព្យុះ? បើមានរញ្ជួយផែនដី? តើត្រូវធ្វើរបៀបណា ? ដើម្បីសុវត្ថិភាពរបស់គ្រួសារ ។ បើមានចម្លើយនឺងសំនួរសុវត្ថិភាពទាំងនោះរួចហើយ គេត្រូវធ្វើតែស្តសាកល្បង លើចម្លើយនោះជារឿយៗ ដើម្បីឱ្យចាំ នឹងដើម្បីកែរតម្រូវ ឬក៏ ជួសជុលឡើងវិញ បើការសាកល្បងនោះ ប្រទះនឹងការខ្វះខាតណាមួយ ជាពិសេស សូមកុំសន្សំសំចៃលើវិស័យសុវត្ថិភាពឱ្យសោះ ទើបវាសនា ទទួលបាននូវអាយុវែងមានជោគជ័យ។
អ្នកស្លាប់ទៅហើយ ពុំមានអាយុវែងពីណាទៀតទេ តែនឹងមានសេចក្តីស្ងប់ទៅចាប់ជាតិសាជាថ្មីបាន ប្រសិនបើការស្លាប់នេះបានក្លាយជាគំរូល្អ ទុកជូនជាប្រយោជន៍ នឹងការពិចារណា ដល់អ្នកនៅរស់ច្រើនគ្នាបាន ។ គេនឹងអាចពិចារណាទៅដល់ ការប្រុងប្រយ័ត្នក្នុងគ្រោះថ្នាក់ផ្សេងទៀតដែរ ដូចជាវិបត្តសង្គម វិបត្តផ្លូវចិត្ត ជាដើម…។ល។ យើងមានជំនឿថា ការបាត់បង់ជីវិតរបស់អ្នកទាំងអស់ នឹងមិនឥតប្រយោជន៍ឡើយ ។
សូមឱ្យព្រលឹងអ្នកទាំង ៧នាក់ ជួបតែនឹងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។ ។