‹‹វិភាគនយោបាយ›› ‹‹ចំណេះជិះកឯង››

ខ្មែរផុសស.រ.អា.

ដំណើរកាន់តែជិតមកដល់ នៃការបោះឆ្នោត៣ដងជាប់ៗគ្នា៦ខែម្តង ដំបូងគឺការបោះឆ្នោត‹ឃុំនឹងសង្កាត់›នៅខែមិថុនា២០១៧ បន្ទាប់មកមានការបោះឆ្នោត‹ព្រឹទ្ធសភា›នៅខែវិច្ឆិកា២០១៧ នឹងចុងក្រោយបង្អស់បោះឆ្នោត‹សភាជាតិ›នៅខែមិថុនា២០១៨ ។ សញ្ញាជាច្រើនបង្ហាញថា គណបក្សប្រជាជនដឹងខ្លួនប្រជាជាតិនឹងមិននៅខាងខ្លួនទៀតទេ បើទោះជាមានការប្រឹងប្រែងបន្លំសន្លឹកឆ្នោតក៏ដោយ។

បើអាវុធធម្មតាដែលគេធ្លាប់ជឿថាប្រើបាន គឺការគម្រាមកំហែងដោយ‹បូលីសគណបក្ស› ការប្រើតុលាការ‹រណប› ការប្រើកម្លាំងមតិភាគច្រើននៅសភាដើម្បីសម្លាប់មតិភាគតិច, តែវាគ្មានប្រសិទ្ធិភាពតទៅទៀតហើយនោះ, ពេលវេលាប្រើអាវុធសម្ងាត់ក៏មកដល់ហើយ សម្រាប់លោក ហ៊ុន សែន, វាលែងជារឿងជាតិទៀតហើយ ឥឡូវគឺជារឿងអាយុជីវិតផ្ទាល់ខ្លួន ផ្ទាល់គ្រួសារលោក, បានសេចក្តីថាលោកប្រាថ្នាឱ្យក្រុមគ្រួសារលោកជាអ្នកឡើងកាន់អំណាច ប៉ុន្តែលោកដឹងថា‹គ្មានវិធីណាអាចយកឈ្នះដោយសន្លឹកឆ្នោតបានទៀតទេ› ដូច្នេះលោកជា‹អ្នកជម្ងឺដែលបានឃើញក្តារម្ឈូសខ្លួនឯងហើយ›។ ភាពស្រវារករស់ក៏បានបង្ហាញឡើង លែងព្រួយបារម្ភពីការខ្មាស់អៀន វាយប្រហារសត្រូវគ្រប់មធ្យោបាយដែលមាននៅដៃ ដូចជាប្រាថ្នាកាត់ក្បាលបក្សប្រឆាំង បំបែកបក្សប្រឆាំង ឥឡូវចង់រំលាយបក្សប្រឆាំងចោលថែមទៀត ដើម្បីឱ្យបានឈ្នះដោយគ្មានការប្រកួត។ លោកចង់រំលាយច្បាប់‹ទទួលស្គាល់គណបក្សភាគតិច› តែជាមួយគ្នានោះលោកក៏រំលាយច្បាប់‹ទទួលស្គាល់មេគណបក្សភាគច្រើន›ដែលដំណាងដោយលោក ស ខេង មេចរន្តគណបក្សប្រជាជនខ្សែរលោក ជា ស៊ីម, លោកចង់រំលាយគណបក្សសង្គ្រោះជាតិដោយកាត់ក្បាល តែកាត់មិនដាច់ ដោយគណបក្សប្រជាជននៅតែត្រូវការវត្តមានគណបក្សប្រឆាំង ដើម្បីឱ្យខ្លួនឯងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនៅឡើយ,  លោកចង់រំលាយគណបក្សប្រឆាំងចោលតែម្តង អនាគតវានឹងប្រាប់លោកថា ‹គេក៏អាចរំលាយគណបក្សប្រជាជននៅថ្ងៃក្រោយវិញបានដែរ› ដោយគណបក្សលោកធ្លាប់បានរំលោភរដ្ឋធម្មនុញ្ញខ្មែរ។ ក្នុងខណៈនេះ ភ្នែកប្រជាជាតិ នឹងសហប្រជាជាតិកំពុងតែសម្លឹងមកលោក ហ៊ុន សែន ប្រកបដោយភាពចងចាំ‹ចំណេះរបស់លោក បានជិះកលោកច្រើនដងមកហើយដែរ ហើយបើលោកនៅតែប្រើល្បិចដើម្បីឈ្នះ ល្បិចនោះនឹងជិះកគណបក្សលោកម្តងចុងក្រោយ យ៉ាងយូរអង្វែង›។

គណបក្សសង្គ្រោះជាតិ ដែលនៅរស់ពីល្បិចរបស់លោក ហ៊ុន សែន បានក៏ព្រោះតែគេមានកម្លាំងសុច្ចរឹត ប្រមូលបានជាកម្លាំងសាមគ្គី ភាពស្មោះត្រង់នឹងស្រឡាញ់ជាតិ កាពារពលរដ្ឋរបស់ពួកគេ អាចធ្វើឱ្យគេមានសិទ្ធទាមទារយកការគ្រប់គ្រងប្រទេសពីដៃលោកបាន។ លោកមានទម្លាប់នឹងជំនៀថា‹ប្រទេសកម្ពុជាជាជ័យភណ្ឌរបស់ពួកលោក› តែលោកក៏មិនដែលឈ្នះម្តងណានៅឡើយទេ លោកគ្រាន់តែជាអាយ៉ងនៃបរទេសដែលបន្លំយកប្រទេសខ្មែរតែប៉ុណ្ណោះ, ត្រង់នេះប្រជាជាតិបានដឹងទាំងអស់ហើយ ដោយសារទង្វើស្មោកគ្រោកបន្តរបន្ទាប់ក្លាយជាសារជាតិរបស់ក្រុមលោក, ហេតុនេះហើយបានជាគេបានបោះបង់លោកចោល ទៅបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនោះ។លោក ហ៊ុន សែន នឹងបានឃើញលទ្ធផលដែលគណបក្សសង្គ្រោះជាតិយកឃុំសង្កាត់ពី‹កណ្តាប់ដៃដែក›របស់លោកនៅខែកក្កដាខាងមុខ(ពីគ្មានសោះទៅរាប់រយឃុំ) ពេលនោះលោកនឹងបានឃើញក្តារម្ឈូស ដែលនឹងនាំភាពក្រអឺតក្រទមរបស់លោក ទៅដុតចោលនៅឆ្នាំ២០១៨ជាអវសាន្ត។ ហេតុនេះហើយបានជាលោកប្រញាប់កំចាត់គណបក្សសង្គ្រោះជាតិឱ្យបានមុន ថ្ងៃអន្សារ, បុន្តែលោកនឹងធ្វើអ្វីៗ គ្រាន់តែចង់ឱ្យបានឆាប់ នេះដោយគ្មានគិតជាមុនថា‹សត្រូវលោកនឹងទន់ខ្សោយឬក៏ទ្វេគុណ›នោះទេ ។ បើយោងតាមកម្លាំង នឹងភាពវៃឆ្លាតរបស់គណបក្សប្រឆាំងមួយនេះ ប្រជាជាតិនឹងថ្នាក់ដឹកនាំរបស់គេនឹងក្លាយជា‹ទឺកសមុទ្រដែលព័ទជុំវិញលោក មិនអាចក្តាប់ជាប់បានទេ› សមុទ្រនៅតែជាសមុទ្រដដែល។ បន្ថែមពិលើនេះ ដោយសារវត្ថុបំណងលោក គ្រាន់តែបំរើប្រយោជន៍ក្រុមគ្រួសារដ៏ខ្ចីរហក់ខ្លួនឯងទេនោះ សមាជិកឯទៀតៗនៃបក្សប្រជាជនរបស់លោក ក៏នឹងពាក់មុខអាម៉ាស់ជាមួយលោក ទៅរំលឹកគុណលោក ជា ស៊ីម ឯណោះសោះ ដែលបានក៏សាងគណបក្សប្រជាជនឱ្យរស់នៅបានត្រឹមឆ្នាំ២០១៨ដែរ។

ភាពឆ្លេឆ្លារបស់លោក ហ៊ុន សែន គឺគាត់មិនអាចរស់ជ្រកដំបូលប្រទេសសេរីបានទេ, លោកបាននាំខ្លួនលោកទៅបំរើនយោបាយចិន ក្រែងចិនគាំទ្រឱ្យរស់នៅបានយូរបន្តិច, តែថ្មីៗនេះចិនបានធ្វើថ្លែងការថា‹ចិនបានវិនិយោកនៅកម្ពុជាច្រើនណាស់ ពីព្រោះចង់ឃើញកម្ពុជាមានលំនឹងនឹងការរីកចំរើន› ដូច្នេះមិនច្បាស់ជាចិនត្រូវការសង្គមពុករលួយ រាស្ត្រមិនចូលចិត្តថ្នាក់ដឹកនាំរបស់ខ្លួននោះទេ, ចិនក៏អាចនៅស្ងៀម មិនច្បាស់ជាពឹងពាក់តែមនុស្សគ្មានអនាគត នឹង ក៏អាចគាំទ្រអ្នកនយោបាយឈ្នះឆ្នោតថ្មីបានដែរ៕