ខួបគម្រប់១០ឆ្នាំនៃកាសែតខ្មែរផុសស.រ.អា

ដោយ ពិន សំខុន

ចាប់ផ្តើមនៅឆ្នាំ២០០៧ នៅហ្វីឡាដែលហ្វៀកាសែតខ្មែរផុសស..អា. បានចេញផ្សាយ២លេខក្នុងមួយខែក្នុងទំហ៊ុំ៣២ទំព័រមធ្យមជាទៀងទាត់ចំនួន ១០ឆ្នាំមកហើយ ឥឡូវយើងបានមកដល់ការផ្សាយលេខ២១៩ហើយ។ យើងនឹងប្រារឰពិធីខួបគម្រប់១០ឆ្នាំនេះឱ្យបានអធឹកអធម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅ“យូម៉ាស់ឡូ-អ៊ីន” ជាមួយនឹងបងប្អូនអ្នកអានទាំងអស់គ្នា ហេតុអ្វី?

ពីព្រោះយើងយល់ថា ១០ឆ្នាំមកហើយនេះ យើងបានបង្ហាញស្នាដៃដល់បរទេសនៅឡូវែលនឹងនៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកថា យើងមានអក្សរខ្មែរដែលអាចប្រស្រ័យទាក់ទងគ្នាបានគ្រប់គ្រាន់ថា ជាកាសែតដែលគោរពវិជ្ជាជីវបានសមរម្យដូចកាសែតបរទេសដែរ, នឹងជាការបង្ហាញពីអាជីវកម្មកាសែតនេះជាពាណិជ្ជកម្មប្លែកពីគេ តែ១គត់ដែលឡូវែលបានផ្គត់ផ្គង់លទ្ធភាពឱ្យយើងរស់នៅគង់វង្សដូចជាពាណិជ្ជកម្មធម្មតាបាន –ដូច្នេះគួរតែជប់ លៀងខួប១០ឆ្នាំដែល“កាសែតខ្មែរផុស ស..អា”នេះរស់បានយ៉ាងលំបាក រហូតដល់ទទួលបានសុខភាពប្រសើរបាន។

ជាមួយនឹងបុគ្គលិក“ខ្មែរផុស”ទាំងអស់រួមទាំងអ្នកស្ម័គ្រចិត្តផង យើងបានព្យាយាមបំរើវិស័យព័ត៌មានជាភាសាខ្មែរនិងភាសាអង់គ្លេសប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកដែលមានកំរិតភាសាអង់គ្លេសឱ្យអាចទទួលដំណឹងដូចគេឯងជូនដល់គ្រួសារដែលប្រើ២ភាសាក្នុងផ្ទះឱ្យអាចយល់នឹងគោរពគ្នា,​ជូនដល់អ្នកគ្រប់គ្រងប្រទេសដែលត្រូវការបញ្ជូបព័ត៌មានឱ្យដល់សហគមន៍យើង, នឹងជូនដល់ម្ចាស់ហាងនានា ឱ្យអាចផ្តល់ព័ត៌មានពីផលិតផលរបស់គេជូនដល់សាធារណជន –ដូច្នេះនេះក៏ជាបុព្វហេតុមួយទៀត ដែលខ្មែរផុសស..អា.ត្រូវធ្វើខួប១០ឆ្នាំនៃការ“ចូលរួមដៃអភិវឌ្ឍន៍”ក្នុងសហគមន៍ខ្មែរ។

នៅតំបន់និមួយៗតែងត្រូវការសារព័ត៌មាន ដើម្បីឆ្លុះបញ្ចាំងពីគុណភាពសហគមន៍តែរៀងៗខ្លួននឹងកែលំអសម្ផស្សសហគមន៍ឱ្យលេចមុមាត់ ប្រសើរខ្ពង់​ខ្ពស់ ដូចជា “កាសែតឡូសាន់” ជាអាទិ៍, រីឯខ្មែរនៅឡូវែលនឹងឆ្នេរខាងកើតមិនបានរស់នៅឯកោខុសពីគេទេ គឺមានកាសែតខ្មែរផុស ស..អា.មួយដែរ ដែលបំរើតួនាទីពិតប្រាកដរបស់ខ្លួន។ អ្នកនយោបាយ, ពាណិជ្ជករ, សិល្បករ, រួមទាំងបញ្ញាវន្តខ្មែរនឹងបរទេសផងដែរ តែងតែមានមោទនភាពនឹងឃើញ​កាសែតខ្មែរផុសនិយាយពីគុណសម្បត្តិខ្លួននិយាយពីព្រឹត្តិការណ៍ធំៗនៃវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរីក តាំងតែពី១០ឆ្នាំមកហើយ –ដូច្នេះនេះក៏ជាបុព្វហេតុដែលគួរឱ្យយើងធ្វើខួបទី១០នេះ ឱ្យ“តួនាទី”សម្រាប់បំរើបុគ្គលប្រសើររបស់កាសែតខ្មែរផុសផងដែរ។

តាំងពី១០ឆ្មាំមកហើយ កាសែតខ្មែរផុសស..អា. តែងយកបទពិសោធន៍វិជ្ជាជីវៈទៅតាមដានយកព័ត៌មានដែលត្រូវនឹងពេលវេលាត្រូវនឹងស្ថានការ​មកជូនពលរដ្ឋខ្មែរនៅឆ្នេរខាងកើតសហរដ្ឋអាមេរីកដោយភ្ជាប់នូវការវិភាគជាច្រើនទៀតបង្ហាញពីភាព“ត្រូវនឹងខុសពីសីលធម៌សង្គម” បង្ហាញនឹងទស្សន៍ទាយឱ្យឃើញពីបំណងវែងឆ្ងាយនៃព្រឹត្តិការណ៍ដែលកំពុងកើតឡើង, ធ្វើឱ្យសង្គមមានអារម្មណ៍រឹងមាំអាចពិចារណាប្រកបដោយបំណង វិជ្ជមាន, ការពារគ្រួសារខ្លួនឯងទល់នឹងការប៉ុនប៉ងយាយីពីខាងក្រៅបាន ។ យើងមិនដែលពាំនាំព័ត៌មានសម្រាប់ឱ្យមនុស្សឈ្លោះគ្នា ឬក៏ឱ្យដៃសម្រាប់ “មិត្តភក្ត្រឈ្នះជម្លោះ” មួយដោយគ្មានលក្ខខណ្ឌទេ, លក្ខខណ្ឌនោះគឺ “យុត្តិធម៌” សម្រាប់ទាំងអស់គ្នាយកឈ្នះឱ្យបានយូរអង្វែង, ពេលខ្លះវាប៉ះអារម្មណ៍អ្នកខិលខូចវាជាការធម្មតាទេ –ត្រង់នេះហើយដែលយើងតែងនិយាយថា “យើងមិនមែនលំអៀងទេ តែឱ្យតម្លៃអ្នកធ្វើត្រូវជានិច្ចមិនឈរកណ្តាល​​ ហើយប្រកាសថា ខ្លួនអព្យាក្រឹតនោះទេ” ទ្រឹស្តីនេះកំពុងត្រូវបានទទួលស្គាល់ក្នុងសហគមន៍យើងហើយៗក៏មានមនុស្សចេញមកការពារ “អំពើយុត្តិធម៌” កាន់តែច្រើនឡើងដែរ។

អ្នកបំរើវិស័យព័ត៌មានជាអ្នកបំប៉ន “វត្ថុប្រផេះ”នៃខួរក្បាលរបស់សហគមន៍ បើម្នាក់ៗក្នុងសហគមន៍មានការវិនិច្ឆ័យចំពោះព័ត៌មានដែលឡោមព័ទ្ធយើង​រាល់ថ្ងៃប្រកបដោយភាពវិជ្ជមានបុគ្គលនោះនឹងភ្លឺថ្លា ក្លាយជាអ្នកដឹកនាំល្អសម្រាប់គ្រួសារ ផ្ទុយទៅវិញ បើម្នាក់ៗចេះតែធ្វើកាវិនិច្ឆ័យអវិជ្ជមានចំពោះសង្គមពីព័ត៌មានដែលស្រមើស្រម័យទទួលជារាល់ថ្ងៃទៅវិញ បុគ្គលនោះនាំភាពស្រពាប់ស្រអាប់ដោយចម្លងពាក្យមិនពិតដោយបន្តនូវភាពមិនគប្បីនូវកំហឹងនឹងភាពជម្លោះបែកបាក់មកទុកក្នុងផ្ទះតែរៀងៗខ្លួននោះ សង្គមនឹងមិនបានសេចក្តីសុខនោះទេ ទាំងនេះជាសីលធម៌របស់អ្នកសារព័ត៌មាន ហើយ សម្រាប់សារព័ត៌មានខ្មែរផុសស..អា មានបន្ថែម “ព័ត៌មានជាវប្បធម៌របស់ខ្មែរ”ថែមទៀត។

ប្រារឰខួប១០ឆ្នាំនៃកំណើតកាសែតខ្មែរ ផុសស..អា. គឺជាមោទនភាពនៃការបំរើសហគមន៍យ៉ាងស្ងៀមស្ងាត់នឹងព្យាយាម្បផ្តល់នូវការអានភាសាខ្មែរបាននៅពេលចង់, បង្ហាញពីពិធីនានាជាអំនួតរបស់ពូជពង្សខ្មែរជំនួសលោកអ្នកដែលរវល់នឹងជីវភាព, ការពាររំលឹកលោកអ្នកអានខ្មែរប្រឈមមុខនឹងការយាយីដោយមិនចាំបាច់ គេប្រើនេះហើយ គឺជាតួនាទីនៃអ្នកបំរើ ដ៏ស្មោះត្រង់ម្នាក់របស់លោកអ្នកសូមលោកអ្នកចូលរួមអបអរ“ខួប១០ឆ្នាំរបស់ខ្មែរផុសស..អា.” ដោយរីករាយ៕