Lowell Southeast-Asian Water Festival 2014

(រូបថត អ៊ុំទូក ដែលផ្ញើនេះ)

មកលេងឡូវែលរដ្ឋម៉ាសាឈូសែត

ដោយ ពិន សំខុន

សប្តាហ៍នេះសហគមន៍ខ្មែរនៅឡូវែល ជាពិសេសសហគមន៍អាស៊ីអគ្នេយ៍ក្នុងដំបន់ កំពុងរៀបចំពីធីបុណ្យអុំទូកប្រចាំឆ្នាំដ៏អធឹកអធម្ម មួយ នាថ្ងៃទី១៦សីហា២០១៤ សម្រាប់ជាឱកាសទទួលភ្ញៀវពីក្រៅ ដែលរៀងរាល់ឆ្នាំមកកំសាន្តវប្បធម៌អាស៊ីផង នឹងមកស្គាល់តំបន់ ដែលជនជាតិខ្មែរ លើកតំកើងវប្បធម៌អាស៊ីបានខ្ពង់ខ្ពស់ជាងគេ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះផង។

កាសែតខ្មែរផុសបានផ្តល់ការចូលរួមយ៉ាងសកម្ម ក្នុងផ្នែកអភិវឌ្ឍន៍ តាមជំនាញនឹងតួរនាទីរបស់ខ្លួន ដោយបានបោះពុម្ភផ្សាយ នៅក្នុង កាសែតលេខមុន១៥៨ នូវផែនទីក្រុងខ្មែរដ៏សម្បូរជាងគេដោយហាងពាណិជ្ជកម្មខ្មែរធំតូច ផ្ជាប់ទៅនឹងកន្លែងដែលប្រារព្ធអុំទូក ព្រម ទាំងរំលឹកពីប្រវត្តិនៃកំណើតសហគមន៍អាស៊ីអគ្នេយ៍គ្រាន់ទុកជាការរៀនសូត្រ ជាមួយផងដែរ។

រៀងរាល់ឆ្នាំ អុំទូកនៅឡូវែល បានទាក់ទាញភ្ញៀវមកពីជិតឆ្ងាយ ប្រមាណជា៣-៤ម៉ឺននាក់(ខ្លះថា៥-៦ម៉ឺននាក់) ឱ្យបានមកលេង បុណ្យយ៉ាងអ៊ូអរ បើទោះជាពីធីអុំទូក អកអំបុក សំពះព្រះខែ ជាវប្បធម៌ដ៏មានប្រជាប្រីយនៅកម្ពុជា បានក្លាយមកត្រឹមតែជាការ អុំទូកប្រណាំងខ្មែរ ឬអាស៊ីក៏ដោយ ក៏ជាឱកាសប្រមូលប្តុំជួបជុំបងប្អូនគ្រួសារមិត្តភក្ត្រដ៏សំខាន់មួយ នៃអតីតជនភៀសខ្លួនអាស៊ីអគ្នេយ៍ ដ៏ធំជាងគេបង្អស់ប្រចាំឆ្នាំ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកដែរ។ ក្នុងពេលនោះ គឺរៀងរាល់ពាក់កណ្តាលខែសីហា នៅលើដងទន្លេ មែរីម៉ាក

ត្រង់កន្លែងទំនប់ទឹកធ្លាក់ មនុស្សប្រជ្រៀតគ្នាប្រមាណ៣ម៉ាយល៍ នៅតាមដងផ្លូវផទូខេត មកមើលតូបរាប់រយ ដែលបាន ចែកជូនឱ្យអ្នកបំរើសហគមន៍ ឱ្យអ្នករកស៊ីក្នុងតំបន់ ឱ្យសិល្បករ ក្រុមសាសនាខ្មែរ ឡាវ ថៃ ចិន វៀតណាម ភូមា ឥណ្ឌា ដើម្បីមកតាំងបង្ហាញផលិតផល ឫស្នាដៃជំនាញ វត្ថុអនុស្សាវរីយ៍ ដំណាំក្នុងផើង ម្ហូបចំណីអាស៊ី គំនូរ ចម្លាក់ សំលៀកបំពាក់ មានទាំងរបាំ ភ្លេង ចម្រៀង ចម្រុះសាសន៍របស់ខ្លួន ទៀតផង។ គេនៅចាំនៅឡើយថា ក្រោមកំដៅហុយៗ ជិត១០០អង្សាF ជនជាតិអាស៊ីភាគច្រើន ច្រើនជាងគេគឺខ្មែរ លាយឡំនឹងអាមេរីកាំង ទាំងស ទាំងខ្មៅ នាំកូនចៅមកកំសាន្តពេញមួយថ្ងៃ ស្ទើររកដីអង្គុយភ្លក់ម្ហូបអាហារគ្មាន ធាតុអាកាសក្តៅរបៀបនេះនាំឱ្យគេចងចាំនូវ ទឺកត្រជាក់ផឹកមិនចេះឆ្អែត ផឹកទឹកអំពៅកិនថ្មីៗ ដ៏កំពុងមានប្រជាប្រីយ ទោះជាបន្តរកន្ទុយចាំយ៉ាងវែងក៏មិនខ្ជិល ក្មេងស្លៀកពាក់ តាមរបៀបខ្លីខើចបញ្ចេញសាច់ដូចនៅមាត់សមុទ្រ យុវជនជាច្រើនបង្ហាញមូតឈាមរាវ ខោធ្លាក់ក្តិត មានសាក់ពេញខ្លួនពាក់មួក ពាក់ក្រវិលច្រមុះ ពាក់មួកបញ្ឆិតទៅក្រោយ គួរឱ្យខ្លាចព្រោះរាងដូចជាក្រុមគ្ហេង តែរុញរទេះនាំកូនដើរកំសាន្តឱ្យស្គាល់វប្បធម៌ខ្លួនឯង ដូចជាបំណងនៃឧ៍ពុកម្តាយធម្មតាដែរ… ចាស់ៗរមទម្យច្រើនមានទម្លាប់ប្រើខោសំពត់អាវបូរាណ  ដើរជូតញើសកាត់ក្លិនផ្សែងសាច់ ឬពោតអាំងឈ្ងុយផ្លែកៗគ្នា ធ្វើឱ្យគេដឹងបានថាក្លិនណាមួយជាម្ហូបចំណូលចិត្តរបស់ខ្លួន …ថ្ងៃនោះក្រុមពាណិជ្ជករដឹងថានឹងលក់ដាច់ណាស់ អាចរាប់ថា ជាចំណូលដ៏សំខាន់បំផុតប្រចាំឆ្នាំបាន ម្លោះហើយរៀបចំខ្លួន នាំក្រុមគ្រួសារមកជួយបំរើច្រើនគ្នា នឹងប្រើពាក្យភាសារពិរោះគួរសម ដាក់ភ្ញៀវ គួរឱ្យចង់ចូលជជែកគ្នាលេងផង។

គណកម្មការរៀបចំបុណ្យអំទូក កាលពីឆ្នាំដំបូងៗសម្បូរខ្មែរចូលរួមដុតដៃដុតជើងណាស់ តែដល់ក្រោយមកក៏ក្លាយទៅជាពីធីបុណ្យ ជនជាតិអាស៊ីអគ្នេយ៍ ដែលក្នុងនោះមានគណកម្មការចម្រុះសាសន៏ ដឹកនាំបច្ចុប្បន្ន

ដោយខ្មែរជាប្រធានមានឈ្មោះ វ៉ែន ពេជ្រ បានរៀបចំទទួលភ្ញៀវដោយគ្មានខ្វះចន្លោះ តាំងពីប្រណាំងទូក តាំងពីពណ៌ផលិតផលជនជាតិអាស៊ី នឹងផលិតផលបំរើសហគមន៏ តាមតូប កម្មវិធីបង្ហាញវប្បធម៌សហគមន៍ រៀបចំសន្តិសុខ ។ល។ ករណីរបៀបនេះ ធ្វើឱ្យបណ្តាជនជាតិអាស៊ីក្នុងតំបន់ ស្កាល់គ្នាកាន់តែប្រសើរ ដោយធ្វើកាងាររួមកាន់តែច្រើន រីឯភ្ញៀវដែលមកពីតំបន់ជុំវិញឬឆ្ងាយៗ ក៏កាន់តែស្គាល់ឡូវែលរឹតតែច្បាស់ ឡើងដែរ។រូបភាពអធឹកអធម្មនៃពីធីបុណ្យអំទូក

IMG_0386
Visitors from nationwide and international

អាស៊ីអគ្នេយ៍ បង្ហាញឱ្យឃើញថា សហគមន៍អាស៊ីបានចូលរួមអភិវឌ្ឍន៍សហគមន៍ នឹងតំបន់ ដែលខ្លួនរស់នៅ បានយ៉ាងថ្លៃថ្នូរ។  យ៉ាងណាមិញប្រជាពលរដ្ឋខ្មែរ ដែលមករស់នៅឡូវែលនេះតាំងពីជាង៣០ឆ្នាំមកហើយ បានរីកសុះសាយ រហូតដល់បង្កើតបាន

ជាក្រុងខ្មែរ ប្តើមឡើងពីតំបន់ដែលខ្មែរឱ្យឈ្មោះខ្លួនឯងថាផ្សារប៉ៃលិន ដែលឋិតនៅក្នុង បរិវេណចន្លោះផ្លូវ មីដលសិច រហូតដល់ផ្លូវ ឆែមស្វត កាត់តាមផ្លូវ វេសហ្ហ្វត មានហាងលក់ទំនិញធំៗមាន អាហារដ្ឋានខ្មែរល្បី ឈ្មោះច្រើន មានជាងសំណង់ មានកន្លែងកែរសម្ផស្ស មានបណ្ណាគារ ដែលបង្ហាញពីសោភណ្ឌភាពវប្បធម៌អាស៊ីមួយទៀត ដែលប្លែក ពីឆាយណាថោនដាច់គ្នាស្រឡះតែម្តង ។  គួរកត់សំគាល់ថា ឡូវែល គឺជាតំបន់នៃសហគមន៍ខ្មែរដ៏ធំបង្អស់ នាផ្នែកខាងកើត នឹងកណ្តាលសហរដ្ឋអាមេរីក ដែលគេអាចជ្រើសរើសភោជនីយដ្ឋានខ្មែរដ៏ល្បីៗ មានហាងលក់គ្រឿងទេសធំៗ ហាងកាត់សំពត់អាវ គ្រឿងល្អៗគ្រប់បែប រកសិល្បករគំនូរ ចម្លាក់ ស្មូនកែវចាន ព្រមទាំងមានទាំងអ្នក

ឯកទេសខាងច្បាប់ ខាងពេទ្យ ខាងអចលនវត្ថុ ឬសំណង់បានយ៉ាងងាយស្រួល។ បន្ថែមពីនេះ ឡូវែលក៏ជាតំបន់នៃសួនឱទ្យានដ៏ ត្រកាល ដោយសារជាតំបន់ដែលស.រ.អា.ចាត់ទុក ថាជាសួនឱទ្យានប្រវត្តិសាស្ត្រ ។ ដោយសារមានប្រជាពលរដ្ឋដើមកំណើតខ្មែរ ប្រមាណជា៤ម៉ឺនរស់នៅ ធ្វើឱ្យឡូវែលបានក្លាយ ជាក្រុងទី២ នៃចំនួនប្រជាជនខ្មែរច្រើន បន្ទាប់ពីឡុងប៊ិចដែលមានខ្មែរប្រមាណជា៦ម៉ឺន នាក់រស់នៅ តែចំនួននេះតំណាងឱ្យតែ ៣ភាគរយតែប៉ុណ្ណោះនៃប្រជាពលរដ្ឋឡុងប៊ិចទាំងមូល រីឯនៅឡូវែលវិញ ប្រជាពលរដ្ឋខ្មែរតំណាងឱ្យ៣០ភាគរយនៃពលរដ្ឋទាំងមូល ដោយសារវិសាលភាពដីតូចជាងឡុងប៊ីច ដូច្នេះធ្វើឱ្យឡូវែលក្លាយជា ក្រុងដែលមានខ្មែរជាចំណាត់ថ្នាក់លេខ១ទៅវិញបាន។ ដោយសារចំនួនច្រើននេះហើយ បាននាំឱ្យមានខ្មែរជាប់ឆ្នោតជាក្រុមបឹក្សាក្រុង បាន២ដងដែរ… បន្ថែមដោយវត្តមានខ្មែរផុស ស.រ.អាមកឈរជើងនៅឡូវែល តាំងពី៥ឆ្នាំកន្លងមកនេះទៀត ក៏បានជាជំនួយដល់ ទំនាក់ទំនងសហគមន៍ ចែករំលែកគំនិតថ្មីៗ រឹតតេប្រសើរឡើងបាន។ វៀតណាមនឹងឡាវ មិនសូវមានវត្តមាននៅឡូវែលច្រើនដូចខ្មែរទេ មានភោជនីយដ្ឋាន ខ្លួនខ្លះដែរ រីឯភូមា ជាប្រជាជនទើបមកដល់ថ្មី មិនទាន់មានអ្វីទេ។

IMG_0354
Southeast-Asian Food Vendors

វត្តអារាមខ្មែរមាន៣ ដែលបានបំរើជំនឿខ្មែរខាងព្រះពុទ្ធសាសនាថេរវាទិ គឺ១វត្ត ត្រៃរតនារាមខាងលើ ២-វត្តត្រៃរតនារាមខាងក្រោម នឹងវត្តពន្លឺពុទ្ធចក្រ។ កាលពីមុនមានវត្តតែ២ទេ ប្រជាពលរដ្ឋ តែងមានការ គាំទ្រវត្តទាំងនោះយ៉ាងកក់ក្តៅ ក៏ប៉ុន្តែរហូតតាំងពី ប្រមាណ១៥ឆ្នាំមុននេះមកដល់ថ្ងៃនេះ ពុទ្ធបរិស័ទបានបន្ថយការគាំទ្រទៅលើវត្ត ត្រៃរតនារាម ដោយសារមានការប្តឹងប្តល់គ្នា រវាងវត្តលើនឹងវត្តក្រោមរហូតដល់ លោកគ្រូចៅអធិការវត្តលើចេញពីវត្ត ទៅបង្កើតវត្ត១ទៀតនៅត្រើយម្ខាងទន្លេមេរីម៉ាក រីឯអ្នកនៅ សល់បន្តរជម្លោះ រហូតដល់មានការបិទវត្តទាំងមូលដោយអាជ្ញាធរចោទថាមិនគោរពបទបញ្ជា លោកវត្តក្រោមបានទៅជួលកន្លែងថ្មី នៅខាងក្រៅ បន្តរមកក៏បង្កើតវត្តថ្មីមួយទៀត រីឯលោកវត្តលើនៅគង់ត្រង់កុដិតូចដដែល… ដូច្នេះវត្តពន្លឺពុទ្ធចក្រ នឹងវត្តក្រោម មានកន្លែងធ្វើបុណ្យ រីឯវត្តលើមិនមានកន្លែងធ្វើបុណ្យស្របច្បាប់ទេ ។ នៅមានសមាគមខ្មែរដែលធ្លាប់បំពេញភារកិច្ច ជួយដល់ ខ្មែរមិនចេះភាសារគេ ជួយខាងអប់រំ ជួយឱ្យឆ្លងឧប្បស័គ្គលំបាកៗក្នុងជីវិត ។ល។ សមាគមរក្សាវប្បធម៌ អង្គរ ដែលរៀងរាល់ថ្ងៃ ខិតខំបង្ហាត់បង្ហាញសិល្បៈដែលជាវប្បធម៌ជាតិ សព្វថ្ងៃនេះ ខ្មែរអាមេរីកាំងជាច្រើនបានទទួលមរតករួចហើយ បានចូលរួមចំណែក នាំដំណើរអភិវឌ្ឍន៍សង្គមខ្លួន យ៉ាងរលូន។

នៅឡូវែលមានមណ្ឌលផ្តល់កម្មវិធីថែរទាំមនុស្សចាស់បានល្អណាស់ សាលារៀនសម្រាប់យុវជននឹងកុមារ ក៏មានកំរឹតអប់រំខ្ពស់ មន្ទីរ ថែរទាំសុខភាពសាធារណ ក៏មានលក្ខណៈប្រសើរណាស់ដែរ ដែលប្រសើរជាងនេះទៅទៀតនោះ សហគមន៍ខ្មែរមានពេទ្យរបស់ខ្លួន មួយ ឈ្មោះពេទ្យមេត្តា ដែលខ្មែរៗយើងមានមោទនភាពនឹងស្នាដៃនៃអ្នកដឹកនាំសហគមន៍នេះណាស់ គេអាចនិយាយបានថា ដោយ សារ តែពេទ្យមេត្តានេះ ក្រុមខ្មែរយើងមានសំណាងជាងគេខ្លាំងណាស់។ ថ្វីត្បិតតែមានបញ្ហាវិបត្តក្នុងគ្រួសារនៅច្រើននៅឡើយក្តី សហគមន៍ខ្មែរបានទទួលការកោតសរសើរថា ពូកែររកស៊ី ដោយសារវិបត្តសេដ្ឋកិច្ចបានកញ្ជ្រោកបោកបក់លើស.រ.អា. ច្រើនលើក ហើយ តែពាណិជ្ជករខ្មែរនៅឡូវែលទប់ទល់បានល្អណាស់ ។

IMG_2093
Over 65 booths in the Water Festival

ឡូវែលដែលគេឃើញបំពង់ផ្សែងធំៗ ហើយខ្ពស់ត្រដែតនោះ គឺជាតំបន់ប្រវត្តិសាស្ត្រជាតិនៃរោងតម្បាញដ៏ធំ ធ្លាប់មានប្រើបុគ្គលិក ២ម៉ឺន៥ពាន់ នាក់នាឆ្នាំ១៩២០ ព្រែកជីកខ្វាត់ខ្វែងកាលពីអតីតកាល គឺសម្រាប់ដឹកទំនិញ

នឹងបង្កើតអគ្គីសនីស្វយ័តសម្រាប់មុខរបរ ត្បាញ ឥឡូវនេះរបស់អស់ទាំងនោះបានក្លាយទៅជាសារមន្ទីរ ដែលគេថែរក្សា នឹងជួសជុលឱ្យថ្មី យ៉ាងប្រុងប្រយ័ត្ន។ គឺនៅក្នុងសួន ឱទ្យានប្រវត្តិសាស្ត្រជាតិនោះហើយ ដែលព្រឹត្តិការណ៏សិល្បៈ វប្បធម៌ជាតិគ្រប់សាសន៍បានត្រូវយកមកសម្តែងជារៀងរាល់ឆ្នាំ នៅតាមផ្លូវសាធារណ៍ឬនៅក្នុងរោង មិនចេះចប់ ជាពិសេសនារដូវក្តៅ រីឯបុណ្យប្រណាំងទូកអាស៊ីអគ្នេយន៍ ដែលប្រារព្ធតាំងពី១៧ឆ្នាំ មកហើយ ក៏កំពុងតែក្លាយជាព្រឹត្តិការណ៍ប្រវត្តសាស្ត្រនៃវប្បធម៌អន្តោប្រវេសន៍អាមេរីកាំងដ៏ធំមួយ បង្កើតឡើងដោយសហគមន៍ខ្មែរ ចូលរួមកំណត់ឱ្យឡូវែល

បានក្លាយជាតំបន់អន្តោប្រវេសន៍អាមេរីកាំងតឹតតែច្បាស់លាស់ជាងគេ នៅសហរដ្ឋអាមេរីកនេះ។។