ត្រូវតែដោះលែងលោក អ៊ុំសំអាន

​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៧ ខែ​សីហាលោកទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែននិង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះបោះ​បង្គោល​​ព្រំដែន​គោក​​កម្ពុជា-វៀតណាមលោក វ៉ា គឹមហុង ឲ្យ​ដឹង​ថាភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លើ​លិខិត​សុំ​ជំនួយ​បច្ចេកទេស​ផ្នែក​ការ​គូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)។

lim-kimyaការពិភាក្សា​គ្នា​គឺលើ​លិខិត​សុំ​ជំនួយ​បច្ចេកទេស​ផ្នែក​ការ​គូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000) បានសេចក្តីថា​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)  ដែលយកទៅប្រើការបោះបង្គោលទល់ដែនគឺអត់ត្រឹមត្រូវ បានជាពិចារណា​សម្រេច​លើ​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។

ក្រោយពីកិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាមនា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦លោក វ៉ា គឹមហុង បានឲ្យ​ដឹង​ថាភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​រយៈពេល​លើស​ពី២០​នាទី​ទាក់ទង​នឹង​សេចក្ដី​ព្រាង​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង។លោក​បន្ត​ថា ភាគី​វៀតណាម ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង ជួយ ៧​ចំណុច។លោក​មិន​បង្ហើប​ឲ្យ​ដឹង​លម្អិត​ពី​ចំណុច​ទាំងនេះ​ឡើយ ក៏ប៉ុន្តែ​លោក​ថាភាគី​កម្ពុជា សុំ​បារាំង ជួយ​តែ​លើ​ពីរ​ចំណុចដែល​ក្នុង​នោះ​មាន​ការ​ស្នើ​អ្នក​ជំនាញ​បច្ចេកទេស​បារាំងផ្នែក​ការ​គូស​ចម្លង​ផែនទី។

លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាមដែល​ចូលរួម​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៅ​ថ្ងៃ​នេះដែរមាន​ប្រសាសន៍​ថា ភាគី​វៀតណាម បាន​ឆ្លើយ​តប​នឹង​កំណត់​ទូតនិង​លិខិត​របស់​ភាគី​កម្ពុជា ថា វៀតណាមកន្លង​មក​ធ្វើ​សំណង់​ទាំងអស់​មិន​បាន​រំលោភ​ចូល​ដី​កម្ពុជា នោះ​ទេ។តែ​យ៉ាង​ណា លោក​សង្កត់​ធ្ងន់​ថា កម្ពុជានឹង​តវ៉ា​រាល់​ការ​រំលោភ​បំពាន​របស់​វៀតណាម លើ​ទឹក​ដី​កម្ពុជា៖«ខ្ញុំ​បាន​តវ៉ា​ថា បើ​ហ៊ាន​ធ្វើ​ខ្ញុំ​ឲ្យ​រុះ​ចេញ…»។ បើយើងស្តាប់សំដីរបស់លោកឡុង វិសាលោ វៀតណាមបានរំលោភ និង ធ្វើសំណង់ជាច្រើនដងមកហើយលើដីខ្មែរ ដែលមានកំណត់ទូតខ្មែរជាច្រើនដង ជាភស្តុតាង ។ តែយើងមិនដែលឃើញ លោកឡុង វិសាលោបញ្ជាឲ្យរុះចេញនៃសំណង់ទាំងនោះទេ ។ នេះលោកនិយាយឲ្យតែឮ និង កម្លាតែប៉ុណ្ណោះឬ?

​បើផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)  មិនត្រឹមត្រូវ គេអាចសន្មត់ថាជាក្លែងក្លាយក៏បាន ពីព្រោះវាមិនត្រឹមត្រូវ ហេតុនេះការសន្និដ្ឋានរបស់លោក អ៊ុំសំអាន ថា រដ្ឋាភិបាលខ្មែរប្រើផែនទីក្លែងក្លាយអត់ខុសទេ ការដែលលោកអ៊ុំ សំអានអះអាងនេះហើយដែលលោកហ៊ុនសែនបញ្ជាឲ្យចាប់ដាក់គុក ។ នេះជាភស្តុតាងមួយដែលតុលាការត្រូវតែពិចារណា ហើយដោះលែងឲ្យមានសេរីភាពមកវិញ ពីព្រោះលោកអ៊ុំ សំអានអត់បំភ្លើសអ្វី គឺនិយាយការពិត ពីព្រោះលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែននិង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះបោះ​បង្គោល​​ព្រំដែន​គោក​​កម្ពុជា-វៀតណាមបានសារភាពជាផ្លូវការណ៍ទៅហើយនោះ។

ហេតុអី្វបានជាលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រី​សារភាពយ៉ាងដូច្នេះ ឬមួយគាត់បានពីគ្រោះជាមួយនឹងរាជរដ្ឋាភិបាលហើយឬនៅ? ឬ មួយគាត់និយាយដោយត្រង់មិនបានគិតដូចកាលពីព្រឹកថ្ងៃទី ២ កក្កដា ឆ្នាំ ២០១៥ គាត់បានធ្វើសន្និសីទសារព៌តមាននៅទីស្តីការគណៈរដ្ឋមន្ត្រីដោយថ្លែងថា ៖ «ខ្ញុំ​សូម​ជម្រាប​ថា​អ្វី​ដែល​យើង​បាន​ស្នើ​សុំ [វៀតណាម] ធ្វើយើង​បាន​ចែង​នៅក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​​ក្នុង​ការ​​កំណត់​ព្រំដែន។ យើង​ត្រូវការ​ផែនទី​សដែល​យក​​​​ខ្សែ​បន្ទាត់​ផែនទី​​ 1/100.000 លើ​ផែនទី UTM ផែនទីដែល​យើង​ស្នើ​វៀតណាម​ឲ្យ​ថត​ចម្លង​គឺជា​ផែនទី​ពណ៌​ស​ដោយ​គ្មាន​ខ្សែ​បន្ទាត់​ព្រំដែន​។ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​យើង​បាន​អនុញ្ញាត​​​ឲ្យ​ប្រតិភូ​យើង​​​ធ្វើការ​ពេញ​មួយ​ខែ​នៅ​ទីក្រុង​ហាណូយ​»​។នេះបញ្ជាក់យ៉ាងច្បាស់ថាខ្សែបន្ទាត់ព្រំដែនបានគូសសារជាថ្មី ។

កាលពីថ្ងៃទី ២០ សីហា ឆ្នាំ ២០១៥រាជរដ្ឋាភិបាលរៀបចំពីធីប្រៀបធៀបផែនទីដែលបង្ហាញដោយរាជរដ្ឋាភិបាល និង ផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិនៅវិមានសន្តិភាព ។

កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៥រាជរដ្ឋាភិបាលរៀបចំពីធីប្រៀបធៀបផែនទីដែលបង្ហាញដោយរាជរដ្ឋាភិបាល និង ផែនទីដែលខ្ចីពីសាធារណរដ្ឋបារាំងនៅវិមានសន្តិភាព ។

ការប្រៀបធៀបផែនទីគឺអត់មានអីចំឡែក គឺដូចគ្នា ពីព្រោះផែនទីនេះចេញពីប្រភព័តែមួយ ។ តែយើងឆ្ងល់បើអត់អីចំឡែក ហេតុដូចម្តេចបានជានៅ ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៥ តំណាងគណបក្សសង្គ្រោះជាតិសុំសួរសំណួរ តែលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រី បែរទៅសួរយោបល់លោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ពេលនោះលោកហោណាំហុងអត់អនុញ្ញាឲ្យមានសំណួរអ្វីឡើយ ។ បានសេចក្តីថាពិធីនេះជាការឡប់ឡែរគ្មានតម្លាភាពអី្វទេ ត្រូវដឹងថារឿងទល់ដែន ជារឿងបូរណភាពទឹកដី ហេតុនេះប្រជាពលរដ្ឋទាំងអស់ត្រូវតែដឹង ។

ខ្ញុំបានលើករឿងនេះមកនិយាយនៅសភាកាលពីថ្ងៃទី ២០ តុលា ឆ្នាំ ២០១៥ ថា ប្រទេសមានលទ្ធិប្រជាធិបតេយ្យ គឺយើងត្រូវមានវប្បធម៌ជជែកគ្នា បើប្រសិនជាពេលនោះបើកឲ្យសួរសំណួរ ឲ្យអស់ចំងល់ទៅ ប្រហែលជារឿងទល់ដែនចប់សព្ធគ្រប់ហើយ មិនចាំបាច់មានបញ្ហាមកដល់សព្ធថ្ងៃនេះទេ ។ សំនួរដែលយើងចង់សួរ តើផែនទីណាមួយដែលយកទៅបោះបង្គោលទល់ដែននោះ ។ ផែនទីដែលបង្ហាញនេះ ឬ ផែនទីគូសារជាថ្មី ។

បើតាមលោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ទទួលបន្ទុកព្រំដែន បានសំភាសន៍ជាមួយវិទ្យុបារាំង RFI កាលពីថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៥ ត្រង់ចំណុច ១០ នាទី ៥០ វិនាទី លោកជំទាវប្រកាសថា កិច្ចបោះបង្គោលទល់ដែន គឺយកតាមផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000) ពីព្រោះវាច្បាស់ជាង។

បើផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)  ដែលយកទៅប្រើការបោះបង្គោលទល់ដែន អត់ត្រឹមត្រូវ តើការបោះបង្គោលជាង ៨០ ភាគរយរួចទៅហើយនោះ តើគិតយ៉ាងដូចម្តេច?

ក្រោយពីឆាកល្ខោនប្រៀបធៀបផែនទីនេះមក លោកហ៊ុន សែន និយាយ ៣ ម៉ោងដោយមានឯកសារ ២៩ ទំព័របញ្ចប់បញ្ហាផែនទី កាលពីថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៥ ។

លោកហ៊ុនសែនបានបញ្ជាឲ្យទូរទស្សន៍ជាតិ និង ឯកជនទាំង ១៤ ប៉ុស្តិ៍ចាក់សេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖ “ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនអត់ឳនឲ្យនរណាមួយដែលបន្តប្រើពាក្យផែនទីមិនត្រឹមត្រូវ ផែនទីក្លែងក្លាយ ផែនទីចោរ ហើយក៏សុំបញ្ជាក់ បើគេមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យគេសុខដែរ អីចឹងមន្ត្រីទាំងអស់ អ្នកអនុវត្តច្បាប់ទាំងអស់ត្រូវចាប់ខ្លួននៅនឹង ចំពោះអ្នកណាក៏ដោយដែលប្រើពាក្យនេះ ។ បើគេមិនឲ្យខ្ញុំសុខទេ ខ្ញុំក៏មិនឲ្យគេសុខដែរ ។ យោគយល់ដល់អ្នកដ៏ទៃ ព្រៃផ្សៃចំពោះខ្លួនឯង ។ ….. ។ ខ្ញុំព្រះករុណាខ្ញុំបានប្តេជ្ញាចិត្តរួចហើយថា ប្រសិនបើផែនទីមកពីបារាំងខុសគ្នាទៅនឹងផែនទីដែលចុះហត្ថលេខាជាមួយវៀតណាម ខ្ញុំព្រះករុណាខ្ញុំនឹងចុះចេញពីតំណែងភ្លាម មិនធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត ហើយក៏ស្មគ្រ័ចិត្តចូលទៅមន្ទីរឃុំឃាំង រង់ចាំតុលាការកាត់ទោស ព្រោះនេះជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ។ ក្នុងនាមជាកូនប្រុស ហ៊ានស៊ី ហ៊ានសង “ ។

តើលោកហ៊ុនសែនគិតយ៉ាងដូចម្តេច បើ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែននិង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះបោះ​បង្គោល​​ព្រំដែន​គោក​​កម្ពុជា-វៀតណាមបានឲ្យ​ដឹង​ថាគំនូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទីយូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000) ដែលយកទៅបោះបង្គោលមានបញ្ហា។

ហេតុអ្វីក៏មានព្រឹត្តការណ៍អស់នេះ បើអាជ្ញាតែងតែអះអាង ដូចសំដីលោកហ៊ុន សែន ថា គ្មានបញ្ហាអ្វីទេពីរឿងទល់ដែន ហើយគេហាមមិនឲ្យនិយាយ ព្រមទាំងគេបន្លឿនបោះបង្គោលទល់ដែនថែមទៅទៀត ឬមួយជិតដល់ពេលបោះឆ្នោតនៅឆ្នាំក្រោយ នៅតែ ១០ខែទៀតនិង នៅឆ្នាំ២០១៨ ?

 

លិម គិមយ៉ា

តំណាងរាស្ត្រមណ្ឌលកំពង់ធំ

សមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា