បុណ្យផ្កាប្រាក់‹វត្តខ្មែរសាមគី្គសន្តិការាម›នៅហាងសំពៅមាស

ខ្មែរផុសស.រ.អា.

ឡូវែលៈ ប្រជាពលរដ្ឋជាពុទ្ធសាសនិកប្រមាណ៤-៥០០នាក់បានមកចូលរួមបុណ្យផ្ការបស់វត្តសាមមគ្គីរាម ប្រារព្ធនៅភោជនីយដ្ឋាន‹សំពៅមាស កាលពីថ្ងៃសៅរ៍ទី២៥មិនាឆ្នាំ២០១៧ ជាមួយព្រះសង្ឃ៥អង្គ ដែលមួយអង្គមកពី‹រ៉ដអាយឡិន›នឹងមួយអង្គទៀតមកពីកម្ពុជារៀននៅសាកលវិទ្យាល័យ‹ហាវើដ›។ខកខានមិនបានធ្វើនៅវត្តដ៏ថ្មីស្រឡាងខ្លួនឯង នៅឯ‹ធិងបូរ៉ូ› ពីព្រោះវត្តនោះមិនទាន់ឆ្លងការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសក្រុងបាន មិនអាចធ្វើពិធីបុណ្យនៅទីនោះបាននៅឡើយទេ។

IMG_3343

វត្តសាមគ្គីសន្តិការាម បានសម្រេចកសាងវត្តថ្មីស្រឡាងមួយ នៅលើសំណង់ចាស់ ដែលមានទីធ្លាធំសមរម្យ នៅធិងបូរ៉ូ ចម្ងាយប្រមាណ១០នាទីបុណ្ណោះ ពី‹វត្តត្រៃរតនារាម› ជាទីដែលព្រះសង្ឃវត្តក្រោមនឹងគណកម្មការ បានសម្រេចចាកចេញពីទីដែលខ្លួនមានទំនាស់មិនចេះចប់នោះជិត៣០ឆ្នាំកាលពិ៤-៥ឆ្នាំមុននេះ ប្រមូលថវិការដែលសែសសល់ យកមកទិញបានវត្តនឹងដីថ្មីនេះក្នុងតម្លៃ៣០ម៉ឺនដុល្លា ។

ក្រុមត្រួតពិនិត្យសមត្ថកិច្ចក្រុងបានទាមទារ នាទីបញ្ចប់នៃការត្រួតពិនិត្យ ឱ្យវត្តសង់ថ្មីនេះដាក់បណ្តាញទឹកកាពារភ្លើងឆេះ‹ស្ព្រីងគ្លើ› នឹងបំពង់បញ្ចេញផ្សែងទៅក្រៅ តាមគម្រូនៃ‹ទីកន្លែងប្រើប្រាស់ជាសាធារណ›ដែលមានប្រើចង្ក្រានឧស្ម័ន, សំណង់បន្ថែមនេះនឹងត្រូវចំណាយប្រាក់ជាង១០ម៉ឺនដុល្លាថ្មីទៀត ដែលនេះជាបុព្វហេតុនៃពីធីបុណ្យផ្កាប្រាក់នៃថ្ងៃនេះ។ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធ មានសទ្ធាជ្រះថ្លា ចូលបច្ច័យចាប់កុសលជាប្រាក់ ជាង៣ម៉ឺនដុល្លាភា្លមៗ នាព្រឹកនោះ ក្នុងបរិយ៉ាកាសលះបង់ដើម្បីព្រះពុទ្ធសាសនាយ៉ាងរីករាយ។

IMG_3368

សំណង់វត្តថ្មីនេះ នៅពេលសង់ហើយសព្វគ្រប់ នឹងចំណាយប្រាក់អស់ជាង៨០ម៉ឺនដុល្លាដែលវត្តបានចេញប្រាក់ចំណាយរួចហើយចំនួន៥០ដុល្លា នៅសល់៣០ម៉ឺនដុល្លាទៀត ដែលត្រូវរកមកចំណាយបន្ថែម។ ចំណាយទាំងនេះ មិនបានរាប់បញ្ចូលនូវវិនិយោគក្នុងការទីដីនឹងវត្តដំបូងទីបង្អស់ ក្នុងតម្លៃ៣០ម៉ឺននោះនៅឡើយទេ ព្រះគ្រូចៅអធិការ សែម សារិន, គណកម្មការវត្ត នឹងពុទ្ធបរិស័ទជើងវត្ត ត្រូវរកប្រាក់សងរំលោះវិនិយោគចាស់ជាង២០០០ក្នុងមួយខែ ជារៀងរាល់ខែបន្តរទៅទៀត រហូតដល់រំលោះចប់។

វត្តសាមគ្គីសន្តិការាម មានព្រះសង្ឃគង់ជាប្រចាំចំនួន៤អង្គ សម្រាប់ជាទីពឹងពាក់ក្នុងការប្រារព្ធពីធីតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរ ជូនប្រជាពលរដ្ឋខ្មែរដ៏ច្រើនដែលមករស់នៅក្នុងតំបន់, តែក៏មានប្រជាពលរដ្ឋឡាវ នឹងថៃ ឥឡូវមានភូមាទៀត ដែលកាន់សាសនាដូចគ្នាក៏មករកវត្តអារាមខ្មែរ ដូចប្រជាពលរដ្ឋខ្មែរដែរ៕