សោ ចន្ទដេតៈ ‹‹ប្រជែងគ្នាមិនមែនឈ្លោះគ្នាទេ››បទសម្ភាសន៍ព្រឹទ្ធសមាជិកខ្មែរជាមួយខ្មែរផុសសរអា

លោក សោ ចន្ទដេត ជាសមាជិកព្រឹទ្ធសភាខ្មែរ អាយុ៤៧ឆ្នាំ មកពីគណបក្ស សមរង្សី ប្រចាំតំបន់៤ មានៈ បាត់ដំបង-បន្ទាយមានជ័យ-ឧត្តរមានជ័យ នឹងប៉ៃលិន ។ លោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងឡូវែល ជាលើកទីមួយ ហើយជាលើកទី៤សម្រាប់សហរដ្ឋអាមេរីក។ លោកបានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុស ថ្ងៃទី២ខែមិនាឆ្នាំ២០១៧ ស្តីពីស្ថានភាពនយោបាយយ៉ាប់យ៉ឺននៅកម្ពុជា បន្ទាប់ពី សម រង្សី បានលាចាកពីដំណែងប្រធាននៃបក្សប្រឆាំងយ៉ាងតក់ក្រហល់ ដែលលោកកាន់តាំងពីជាង២០ឆ្នាំមកហើយ។ស្ថាប័នព្រឹទ្ធសភា មានសមាជិក៦១នាក់ ដែលជាដំណាងឱ្យព្រះមហាក្សត្រម្នាក់ ដំណាងឱ្យគណកម្មការឃុំសង្កាត់ មកពីគណបក្សប្រជាជន៤៩នាក់ នឹងមកពីគណបក្សសមរង្សី១១នាក់,នៅពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នឹងឡើងកាន់ដំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ, នៅទីនោះមិនទាន់មានសមាជិកគណបក្សសង្គ្រោះជាតិនៅឡើយទេ។ មានព្រឺទ្ធសមាជិកខ្មែរម្នាក់ទៀត នៃគណបក្សសមរង្សី ឈ្មោះ សេង ម៉ារឌី ជាអ្នកធ្លាប់រស់នៅ រៀនសូត្រធាត់ធំ ពីឡូវែលនេះទៅម្នាក់ដែរ។

សំនួរពិន សំខុន ខ្មែរផុសៈលោក សម រង្សី ទើបតែនឹងលាលែងពីមុខដំណេងប្រធានគណបក្ស តើលោកមើលឃើញអនាគតគណបក្សសង្គ្រោះជាតិនឹងមានដំណើរយ៉ាងណា?

សោ ចន្ទដេតៈ ខ្ញុំសុំតែនិយាយក្នុងនាមខ្លួនខ្ញុំជាបុគ្កលម្នាក់ឯងទៅចុះ ពីព្រោះខ្ញុំនៅជាតំណាងគណបក្សសមរង្សីនៅឡើយ នៅឯព្រឹទ្ធសភា – លោកប្រធាន សម រង្សី មិនដែលបង្ហាញអ្វីថាលោកធ្វើការដោយចង់បានមុខដំណែងអ្វីនោះទេលោកតែងតែតស៊ូបង្ហាត់បង្ហាញពួកយើងខ្ញុំឱ្យចេះស្រឡាញ់ជាតិ ហើយចង់ឱ្យតែជាតិមានយុវជនដែលមកជំនួសក្នុងការសង្គ្រោះជាតិ មកបន្តរភារកិច្ចជាតិឱ្យបាន, លោកថា‹បើយុវជនយើង អាចជំនួសចាស់ៗបានហើយនោះ ភារៈកិច្ចគាត់នឹងចប់ហើយ, ហេតុដូច្នេះហើយបានជាគាត់ ពុះពារចងគ្នាបង្កើតសហជីព បង្កើតសង្គមស៊ីវិល បង្កើតសមាគមដែលអាចកាពារខ្លួនឯងបាន…›គឺបង្កើតគណបក្សមួយដែលចេះកាពារជាតិខ្មែរជាប្រព័ន្ធ… ឥឡូវលោកប្រធានធ្វើបានហើយ ប្រជាជាតិតាមខែត្ត ឃុំ ស្រុក ចេះតវ៉ា-ស្គាល់នឹងចេះកាពារសិទ្ធិរបស់ខ្លួន ការបោះឆ្នោតឃុំសង្កាត់ នឹងបង្ហាញនូវប្រព័ន្ធនោះ ដែលខ្ញុំយល់ឃើញថា បើទោះជាអត់មានលោក សម រង្សី នៅជាប្រធានគណបក្សក្តី ប្រព័ន្ធនោះនឹងដើរដូចជាមានលោកប្រធាន សម រង្សី នៅទីនេះដដែល… នៅការបោះឆ្នោតឃុំសង្កាត់នៅ៣ខែខាងមុខ ខ្ញុំមានជំនឿយ៉ាងមាំថា គណបក្សសង្គ្រោះជាតិនៅតែឈ្នះដដែល…

ខ្មែរផុសស.រ.អា. តើលោក សោ ចន្ទដេត ខ្លួនឯងនឹងក្លាយទៅជាសមាជិកគណបក្សសង្គ្រោះជាតិ ឈរឈ្មោះឱ្យគេបោះឆ្នោតនៅពេលខាខមុខដែរឬទេ?

សោ ចន្ទដេតៈជាការពិត ខ្ញុំនឹងក្លាយទៅជាសមាជិកគណបក្សសង្គ្រោះជាតិ នៅពេលខ្ញុំចប់អាណត្តិពីមុខដំណែងសព្វថ្ងៃនេះទៅ បាទ!

ខ្មែរផុសស.រ.អាពេលបោះឆ្នោតដែលលោកថាសំខាន់ណាស់នោះក៏មកនឹងដល់ គោលដៅដែលត្រូវឈានឱ្យដល់នោះក៏នៅមិនទាន់មកដល់ តើអវត្តមានលោក សម រង្សី លោកជឿថាប្រព័ន្ធថ្មីនោះ នៅតែអាចធ្វើបានដោយគ្មានសមរង្សីដែរឬទេ?

សោ ចន្ទដេតៈ ដូចខ្ញុំនិយាយអំបាញមិនអីចឹង ទោះជាគេលែងដឹកនាំជារូបភាពបុគ្គលទៅហើយក្តី ទោះជាលោកប្រធានទើបនឹងជាប់ឆ្នោត លោក កឹម សុខា គ៏នៅទទួលស្គាល់និរន្តភាព ភាពរឹងមាំរបស់គណបក្ស នឹង‹វិរជនរស់›របស់យើង, ដូច្នេះបើទោះជានរណាឡើងមកជាប្រធានក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ យកជ័យជំនះបាន ពីព្រោះវិរជនរស់របស់យើង គឺលោក សមរង្សី នៅតែនៅជាមួយយើង ប្រជាពលរដ្ឋនៅតែគាំទ្រយើង យើងមិនខ្វះបេក្ខជនឃុំដូចពិមុនទេ ដូច្នេះខ្ញុំសប្បាយ នឹងឃើញជ័យជំនះនៅពីមុខយើងនេះហើយ គ្មានស្រពេចស្រពិល អ្វីទៀតទេ!

ខ្មែរផុសស.រ.អា. តែបញ្ហាបច្ចុប្បន្នវាមិនមែនអីចឹងនោះទេ!

សោ ចន្ទដេតៈរូបភាពខាងក្រៅ មិនបញ្ជាក់ពីខ្លឹមសារនៃព្រឹត្តការណទេ, ខ្ញុំជាអ្នកអនុវត្តន៏នៅមូលឋានឃើញថា ឥឡូវយើងមានបេក្ខជនច្រើនម្លោះហើយមានការប្រជែងគ្នារកបេក្ខជនឱ្យបានល្អ ‹ប្រជែងគ្នាជាសញ្ញានៃភាពសម្បូរបេក្ខជន មិនមែនឈ្លោះគ្នាទេ›តែយើងមានបរិមាណ យើងអាចរកគុណភាពបានហើយ, យើងអាចបោះឆ្នោតប្រកួតគ្នានៅមូលដ្ឋានបាន គឺយើងមានភាពរឹងមាំហើយ…

ខ្មែរផុសស.រ.អា. ខ្ញុំមើលពីខាងក្រៅទៅ ឃើញលោកហ៊ុន សែន ប្រាថ្នារំលាយគណបក្សសង្គ្រោះជាតិ ឱ្យទាល់តែបាន តើលោកទប់បំណងដ៏សាហាវនេះរបៀបណា?

សោ ចន្ទដេតៈខ្ញុំឥតមើលឃើញអីចឹងផង, ជាក់ស្តែងនៅថ្ងៃនេះ គ.ជ.ប.គេបានចេញលិខិតតែងតាំងជាផ្លូវការថា គណបក្សដែលមានឈ្មោះដាក់ឱ្យគេបោះឆ្នោតរួចហើយ មានគណបក្សទាំងអស់៧, ក្នុងនោះក៏មានគណបក្សសង្គ្រោះជាតិមួយដែរ ដូច្នេះឥតមានអីត្រូវរំលាយបានទៀតទេ…

ខ្មែរផុសស.រ.អា តើលោកអាចរាប់ ឈ្មោះគណបក្សទាំងអស់នោះបានទេ?

សោ ចន្ទដេតៈបាន! គឺគណបក្ស ហ្វុន ស៊ិនប៉ិច, គណបក្សប្រជាជន, គណបក្សសង្គ្រោះជាតិ, គណបក្សសំបុកឃ្មុំ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសម្ពន្ធដើម្បីប្រជាធិបតេយ្យ,នឹងគណបក្សរួបរួមជាតិ…

ខ្មែរផុសស.រ.អា. កាលពិអាទិត្យមុននេះសោះ លោក ហ៊ុន សែន នឹងមេទ័ពគាត់ មិនមានការចង់ប្តូរដៃនៃអំណាចប្រទេសតាមផ្លូវច្បាប់ថែមទៀត  តើតាមរយលោកដែលធ្វើការនៅមូលដ្ឋាននោះ លោក ហ៊ុន សែនអាចនៅមានក្បាច់អីទៀតទេ?

សោ ចន្ទដេតៈខ្ញុំមើលមិនឃើញថា នឹងមានអ្វីទៀតដែលអាចមករំលាយគណបក្សសង្គ្រោះជាតិបានទេ ហើយសំខាន់បំផុតនោះចាប់តាំងពីក្បាលម៉ាស៊ិនសង្គ្រោះជាតិបានរៀបចំរួចហើយនោះ … លោកហ៊ុន សែនប្រធានគណបក្សប្រជាជន បានសរសេរលិខិតមកជូនពរគណកមមការថ្មីនោះដែរ បានន័យថា‹ទទួលស្គាល់ដៃគូរប្រកួតនយោបាយរបស់គាត់ហើយ គឺគណបក្សសង្គ្រោះជាតិ!›

ខ្មែរផុសស.រ.អា.តើលោកជឿលោកហ៊ុន សែន បានដែរឬទេ?

សោ ចន្ទដេតៈ ជាធម្មតា ជឿមិនជឿ គឺយើងជឿទៅលើច្បាប់, នៅទីលានប្រកួតកីឡា គូរប្រកួតតែងតែចង់ឈ្នះគ្នាដូច្នោះហើយ! តែដែលសំខាន់នោះ យើងត្រូវដឹងថាតើខ្លួនយើងមានកម្លាំងប៉ុណ្ណា ដែលចូលប្រកួតនោះ? គឺយើងជឿកម្លាំងខ្លួនយើង…

ខ្មែរផុសស.រ.អានៅ៣ខែប៉ុណ្ណោះ ការបោះឆ្នោតឃុំសង្កាត់នឹងមកដល់ បើតាមអ្វីដែលខ្ញុំបានឃើញ គឺប្រជាពលរដ្ឋលែងខ្លាចការគម្រាមកំហែងពីរដ្ឋអំណាចអ្វីទៀតហើយ,ដូច្នេះប្រសិនបើឃុំសង្កាត់មានជោគជ័យ ជាសញ្ញានៃការប្តូរដៃនៃអំណាចរដ្ឋនៅឱកាសបោះឆ្នោតខាងមុខទៅឱ្យគណបក្សសង្គ្រោះជាតិ… ក្នុងន័យនេះ បើគណបក្សប្រជាជននឹងមិនប្រគល់អំណាចទេ តើនឹងមានអ្វីកើតឡើង?

សោ ចន្ទដេតៈខ្ញុំមិននិយាយពីអ្វីដែលមិនទាន់កើតឡើងនោះទេ តែក៏យើងនឹងមិនធ្វើឱ្យមានសង្គ្រាមជាជម្លោះរវាងខ្មែរគ្នាឯង កើតឡើងបានទេ, គណបក្សសង្គ្រោះជាតិមានគោលការណ៍អហឹង្សា មិនធ្វើឱ្យគេខឹងប្រកាន់ចរិយាជាគំរូ ថាយើងប្រាកដជាអាចដឹកនាំការងារប្រទេសបាន បើគេមករករឿងយើង ៗកុំតែតបតរបង្ករកំហឹងនោះទៅ នោះវាមិនអាចឈ្លោះគ្នាបានទេ, បើយើងឈ្នះឆ្នោតហើយ គេមិនចុះចេញឱ្យយើងចូលទៅកាន់អំណាចទេនោះ ៗវាជាការទទួលខុសត្រូវរបស់គេ…
ខ្មែរផុសស.រ.អា. ខ្ញុំគិតថា ‹បើយោងទៅតាមចរឹករបស់ សម រង្សី ដែលតែងតែដៃដល់ តឹងតែងចំពោះស្ថានការនយោបាយ មិនដែលខ្លាចឬរួញរា ចំពោះសត្រូវ គឺបើអត់ពី សម រង្សី ទៅមិនអាចយកអំណាចពីគណបក្សប្រជាជនបានទេ› តើលោកយល់យ៉ាងណាពីប្រយោគនេះ?

សោ ចន្ទដេតៈយើងបានឆ្លងកាត់ពីការគ្រប់គ្រងគណបក្សជាបុគ្គលនោះ មកការគ្រប់គ្រងជាប្រព័ន្ធហើយ ហើយការដែលលោកគិតនោះវាគ្រាន់តែជាការស្រម័យ ឬជាការទស្សន៍ទាយតែប៉ុណ្ណោះ ខ្ញុំមិនជឿបាននឹងមានការរឹងរូសបង្ហូរឈាមអីទៀតទេ ពីព្រោះគណបក្សសង្គ្រោះជាតិនៅតែមិនយកខ្មែរណាម្នាក់ជាសត្រូវរបស់ខ្លួនទេ ទោះជាយើងឈ្នះក៏ដោយ, ហើយម្យ៉ាងទៀតបោះឆ្នោតឃុំសង្កាត់ក៏មិនទាន់មកដល់ផង ដូច្នេះទាំងអស់គ្នានៅរង់ចាំលទ្ធផលនៃឃុំសង្កាត់, ទាំងអស់គ្នានឹងមាន‹ការប្រែប្រួលនឹងដំណោះស្រាយថ្មី›សម្រាប់អនាគតនៅពេលបោះឆ្នោតរួចនោះហើយ… គណបក្សសង្គ្រោះជាតិនឹងដើរតួរផ្សះផ្សារជាតិសំខាន់ណាស់លោកបានឃើញហើយយើងបានប្តូរភាពតឹងតែង មកសន្តិភាពហើយតើ អ្នកដែលធ្លាប់តែពូកែរខាំ ក៏ឱ្យកាច់ធ្មេញចោលសិនហើយ…

ខ្មែរផុសស.រ.អា. សំនួរនយោបាយចុងក្រោយស្តីពីនយោបាយ ថា ក្រោយពីរៀបចំបានថ្នាក់ដឹកនាំថ្មីហើយ តើគណបក្ស សម រង្សី នឹងរលាយចូលគ្នា១០០%ជាមួយគ្នានឹងគណបក្សសិទ្ធមនុស្សដែរឬទេ?

សោ ចន្ទដេតៈឥឡូវនេះលែងមានគណបក្ស សមរង្សី ឬ សិទ្ធមនុស្ស អ្វីទៀតទេ មានតែសង្គ្រោះជាតិតែមួយប៉ុណ្ណោះ សូម្បីតែលោកប្រធាន កឹម សុខា លោកស្រីអនុប្រធាន មួ សុខហួរ លោកអនុប្រធាន ប៉ុល ហម ឬលោកអនុប្រធាន អេង ឆៃអ៊ាង ក៏លែងមាននរណាជាគណបក្ស សិទ្ធមនុស្ស ឬ សមរង្សី អ្វីតទៅទៀតហើយ។

ខ្មែរផុសស.រ.អា. លោកបញ្ចប់ទស្សនកិច្ចពីឡូវែលនេះទៅ មានបំណងទៅទីណាផ្សេងៗទៀតទេ? ហើយទៅដើម្បីធ្វើអ្វី?

សៅ ចន្ទដេតៈខ្ញុំចប់ពីនេះទៅ នឹងចេញទៅ ញូយ៉ក រួចបន្តរដំណើរទៅ ឡុងប៊ិច នឹងទីក្រុងផ្សេងៗប្រមាណ២០កន្លែងទៀត ទើបត្រឡប់ទៅស្រុកខ្មែរវិញ នៅពាក់កណ្តាលខែមេសា, ខ្ញុំមានបំណងពាំនាំបទពិសោធន៍នៃស្រុកអាមេរីកនេះ ទៅជម្រាបបងប្អូនខ្មែរយើង ដើម្បីរៀបចំយកគំរូរដែលគេមានរៀបស្រួលបួលរួចហើយជូនជាការរៀបចំនៅស្រុកយើងធាមិនពិបាកទេ មានគេធ្វើបានជោគជ័យរួចហើយ…។

ខ្មែរផុសស.រ.អា. សូមអរគុណលោក សៅ ចន្ទរឹទ្ធ ចំពោះបទសម្ភាសន៏នេះ។