ចម្លាក់អប្សរាតំណាងឲ្យប្រទេសកម្ពុជា មានវត្តមាននៅអាមេរិក

ដោយ សុខារ័ត្ន កូយ

ឡងប៉ិច– ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីអត្ថប្រយោជន៏នៃឈើ និងតើឈើមានតួនាទីសំខាន់បែបណាសម្រាប់អនាគតប្រកបដោយនិរន្តរភាពនោះ កម្មវិធីWorld Wood Day (WWD)ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី 21 ខែមិនា ដោយមានការសហការគ្នារវាងមូលនិធីWorld Wood Day Foundation និងអង្គការInternational Wood Culture Society។

សម្រាប់ឆ្នាំ 2017កម្មវិធីWWDនេះ បានរៀបចំឡើងដោយមានរយៈពេលពេញមួយសប្តាហ៏ចាប់ពីថ្ងៃទី 21ដល់ 26 ខែមិនា ឆ្នាំ 2017ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកម្សាន និងសន្និបាទឡងប៉ិច នៅក្រុង​ឡងប៉ិច​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានកម្មវិធីសំខាន់ៗដូចជាកម្មវិធីធ្វើរបស់ពីឈើ (មានការចម្លាក់, ការខៃ, និងការធ្វើគ្រឿងសង្ហារឹមដោយយុវជន), រោងជាងចំលាក់រូបសិល្បៈ, ការដាំដើមឈើ និងការតាំងពពិពណ៌ជាដើម។

Cham Lak1

កម្មវិធី 2017 World Wood Dayនៅក្រុងឡងប៉ិចនេះមានអ្នកចូលរួមប្រមាណជាង 200 នាក់មកពីប្រទេសចំនួន 160ទូទាំងពិភពលោក។ អ្វីដែលគួរឲ្យកត់សម្គាល់ ប្រទេសកម្ពុជា ក៏មានតំណាងចំនួនពីររូប ត្រូវបានអញ្ជើញមកចូលរួមក្នុងព្រឹត្តការណ៏នេះផងដែរ គឺលោក ហៃ សុកលីម អនុវប្រធានការិយាល័យសូនរូប និងសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងលោក រឹម រឿន តំណាងឲ្យជាងចម្លាក់កម្ពុជា ។

លោក ហៃ សុកលីម​ បានប្រាប់ Khmerpostតាមទូរសព្ទឲ្យដឹងថានេះគឺជាលើកទីពីរហើយសម្រាប់រូបលោកដែលបានចូលរួមកម្មវីធី WWDនេះ ដោយលើកទីដំបូងនៅឆ្នាំ 2016លោកបានចូលរួមកម្មវិធីនេះនៅប្រទេសណេប៉ាល និងលើកទី 2 នេះ គឺនៅសហរដ្ឋអាមេរិក។”លោក បានបន្តថា  ​«ការចូលរួមលើកនេះ ដោយសារតែវេលាមានកំណត់ យើងបានជ្រើសរើសយករូប ”អប្សរា” មកធ្វើការឆ្លាក់លើឈើដែលមានទំហំកម្ពស់ប្រហែល 1 ម៉ែត្រ និងទទឹង 0.5ម៉ែត្រ ​ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីនេះ»។

សម្រាប់រូបអប្សរានេះ ត្រូវចំណាយពេល 5 ថ្ងៃក្នុងកំឡុងពេលចូលរួមកម្មវិធីដើម្បីធ្វើឲ្យរួចរាល់និងយកទៅដាក់តាំងបង្ហាញនៅថ្ងៃបញ្ចប់ ហើយបន្ទាប់ពីបញ្ចប់កម្មវិធី រូបចម្លាក់តំណាងប្រទេសនិមួយៗទាំអស់ នឹងត្រូវរក្សាទុកនៅសារមន្ទីក្រុងឡងប៉ិច នេះបើតាមការលើកឡើងរបស់លោក សុកលីម ។ ដោយឡែកលោក រឹម រឿន វិញនិយាយថា  លោកមោទណភាពដែលត្រូវបានអញ្ជើញមកចូលរួមកម្មវិធីនៅសហរដ្ឋអាមេរិកនេះ និងបានផ្លាស់ប្តូរបទពិសោធន៏ និងចំណេះដឹងទៅវិញទៅមកជាមួយបណ្តារប្រទេសផ្សេងទៀតផងដែរ។