បទសម្ភាសន៍លោក ហុង លីម តំណាងរាស្ត្ររដ្ឋវិកតូរីយ៉ា

ខ្មែរផុសស.រ.អា.

មកពិប្រទេសអូស្ត្រាលី លោក ហុង លីម តំណាងរាស្ត្ររដ្ឋ‹វិចតូរីយ៉ា›តាំងពី២២ឆ្នាំមកហើយ, លោកបានមកធ្វើទស្សនកិច្ចនៅទីក្រុងឡូវែលរដ្ឋ‹ម៉ាសាឈូសិត› កាលពីថ្ងៃទី៣០កញ្ញា-១តុលា២០១៧ តាមសេចក្តីអញ្ជើញរបស់បណ្តាញគណបក្ស

សង្គ្រោះជាតិ ដើម្បីមកជួបប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗនាសហរដ្ឋអាមេរីក នឹងឡូវែលផង ។ លោកបានផ្តល់បទសម្ភាសន៍មួយដល់កាសែតខ្មែរផុស ដែលមានលំនាំដូចតទៅ៖

ពិនសំខុនៈ ជម្រាបសួរលោក ហុង លីម, គឺជាកិត្តិយសណាស់ ដែលបានជួបសម្ភាសន៍នឹងលោក នឹងក៏ជាកិត្តិយសដល់ក្រុងឡូវែលដែលបានទទួលលោក ជាដំណាងរាស្ត្រដើមកំណើតខ្មែរ នៃប្រទេសសេរីដ៏ធំមួយគឺអូស្ត្រាលី លើទឹកដីអាមេរីកទីដែលសម្បូរខ្មែររស់នៅទីនេះផង។ ខ្ញុំចង់ដឹងណាស់ ថាតើលោកធ្វើយ៉ាងណា ដើម្បីឱ្យបានឡើងដល់ដំណែងដ៏ខ្ពង់ខ្ពស់ ជាតំណាងរាស្ត្រនៅទីនោះបាន?

ហុង លីមៈ បាទជម្រាបសួរ, គឺជាសំណាងរបស់ខ្ញុំ ដែលបានទទួលដំណែងនេះ ហើយក៏ជាការខិតខំរបស់ខ្ញុំ នឹងរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ ទើបខ្ញុំបានជាប់ជាតំណាងរាស្ត្ររបស់គណបក្សពលករ‹Labor Party›ដែលជាគណបក្សដ៏សំខាន់ នៅរដ្ឋ‹វិចតូរីយ៉ា›នេះ តែបើនៅសហព័ន្ធទីក្រុង‹កំប៊ែរ៉ា›វិញ គណបក្សពលករ ជាគណបក្សភាគតិច។ នៅពេលខ្ញុំរៀនចប់ថ្នាក់បរិញ្ញាខាងវីទ្យាសាស្ត្រនយោបាយនឹងសាលារដ្ឋបាលនៅក្រុងរបស់ខ្ញុំ នាឆ្នាំ១៩៧០ ខ្ញុំមិនអាចទៅកម្ពុជាវិញបានទេ ដោយស្រុកយើងមានសង្គ្រាម ខ្ញុំក៏មកបន្តរថ្នាក់‹ម៉ាស្ទ័រ›នៅវិចតូរីយ៉ា ចំពេលដែលមាន ក្រុមអ្នកភៀសខ្លួនច្រើនមកដល់ គេត្រូវការឱ្យខ្ញុំអ្នកជួយជាបន្ទាន់ ម្លោះហើយខ្ញុំក៏ក្លាយជាអ្នកជួយជនភៀសខ្លួនជាច្រើនឆ្នាំ ធ្វើតាំងពីរកទីជម្រក ដូចជាពីដើមយើងធ្លាប់មានផ្ទះតែរៀងៗខ្លួនមកដល់ស្រុកគេត្រូវជួលផ្ទះមិនចេះមើលកិច្ចសន្យា – រកប្រាក់ជំនួយ – រកសាលាឱ្យកូននឹងឱ្យខ្លួនឯងរៀន – ត្រូវការធ្វើបុណ្យឱ្យមនុស្សស្លាប់គ្មានលោកសង្ឃគ្មានវត្ត ម្លោះហើយត្រូវបង្កើតវត្ត – ធ្វើការចូលសញ្ជាតិ នៅឯណោះ តែ២ឆ្នាំចូលសញ្ជាតិបានហើយ…

ពិនសំខុនៈ តើពេលណាលោកចូលមកក្នុងឆាកនយោបាយ?

ហុង លីមៈ គឺជាការចៃដន្យមួយ ដែលនៅពេលចុះទៅជួយជនភៀសខ្លួន ក៏ពេលខ្លះអ្នកនយោបាយខ្វះអ្នកកាន់បដារឃោសនា គេក៏ហៅខ្ញុំឱ្យជួយកាន់… ហើយពេលនោះការបោះឆ្នោត គេបោះឆ្នោត១ឆ្នាំម្តង(ឥឡូវគេដូរហើយ បោះឆ្នោត៤ឆ្នាំម្តង)ធ្វើឱ្យខ្ញុំស្គាល់អ្នកនយោបាយកាន់តែច្រើន ពួកគេក៏បានសួរខ្ញុំថា‹អ្នកកាន់បដារឱ្យគេច្រើនហើយ តើមាននឹកថានឹងកាន់បដាររបស់ខ្លួនឯងថ្ងៃណាមួយទេ?› ខ្ញុំយល់ភ្លាមថា‹ឱកាសបានមកដល់ឱ្យខ្ញុំធ្វើនយោបាយហើយ គេទំនងជាបានសម្លឹងខ្ញុំជាបេក្ខជនដ៏សមរមសម្រាប់តំបន់ហើយ›… នៅតំបន់នោះ គណបក្សពលករខ្លាំងណាស់ ‹គេដាក់បេក្ខជនរបៀបឆ្កែឆ្មាអីក៏ជាប់ដែរ ខ្ញុំក៏យល់ព្រម!› តំបន់ខ្ញុំ ជាតំបន់នៃប្រជាជនភាគតិច អតីតជនភៀសខ្លួនដល់ទៅ៥៨% ពួកស្បែកស‹អង់គ្លោសាក់សុង›មានតែ៤០%ទេ ហើយក្នុង៥៨%នោះ សាសន៍ចម្រុះប្រមាណជា៩០សាសន៍ឯណោះ សម្បូរខ្មែរ ឡាវ វៀតណាម មង…ដែលជាហេតុបានជាខ្ញុំជាប់ឆ្នោតជាតំណាងរាស្ត្រនៅរដ្ឋវិកតូរីយ៉ាពេលនោះទៅ ហើយខ្ញុំក៏ជាជនអាស៊ីដំបូងបង្អស់ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រ នៅរដ្ឋវិកតួរីយ៉ា របស់ប្រទេសអូស្ត្រាលី…

ពិនសំខុនៈ នៅក្នុងនយោបាយនៅរដ្ឋ‹វិកតូរីយ៉ា› តើកម្លាំងនយោបាយរបស់គណបក្សលោកធំប៉ុណ្ណា បានជាលោកហាក់ដូចជានិយាយពីកម្ពុជារបស់លោក ហ៊ុន សែន ម្តងៗ ឥតមានញញើតមាត់ តើមិនប៉ះពាល់ដល់អារម្មណ៍អ្នកនយោបាយឯទៀតៗទេឬ?
ហុង លីមៈ អត់ប៉ះអីទេ! អូស្ត្រាលីជាស្រុកមានសេរីភាព នរណាចង់និយាយអ្វីក៏និយាយទៅ… នៅសភាគេរៀបចំធ្វើច្បាប់មាន២ជាន់ គឺ‹សភាជាន់ក្រោម្- Lower House›សម្រាប់ធ្វើជារដ្ឋាភិបាលផង ជាសភាស្នើ-ពិភក្សា-អនុម័ទច្បាប់-បញ្ជូនទៅ‹សភាជាន់ខ្ពស់-Upper House›ជាអ្នកសម្រេចៈ ‹យល់ព្រម ឬ មិនយល់ព្រម›។ គឺសភាជាន់ក្រោមនោះហើយ ជាសភាមានឈ្មោះល្បី មានកម្លាំង ពិភក្សាច្បាប់ហើយអនុវត្តន៍ច្បាប់… មិនដូចនៅអាមេរីកនេះទេ ដែលព្រឹទ្ធសភា‹Senete›គេមានកម្លាំងជាង…

ពិនសំខុនៈ តើគណបក្សពលករ ជាគណបក្សភាគច្រើនឬ នៅរដ្ឋវិកតូរីយ៉ា?

ហុង លីមៈ បាទយើង(គណបក្សពលករ)ជាគណបក្សមានសម្លេងភាគច្រើន នៅរដ្ឋវិកតូរីយ៉ា ហើយយើងជាអ្នករៀបចំរដ្ឋាភិបាល, ខ្លួនខ្ញុំ ក៏ជារដ្ឋលេខាធីការរដ្ឋាភិបាលខាងវប្បធម៌ ខាងទំនាក់ទណងអាស៊ី ម្នាក់ដែរ ធ្វើការនៅសភាដូចគ្នា…បើនៅ‹កំប៊ែរ៉ា›វិញ គណបក្ស‹លីបេរ៉ល›គេមានសម្លេងភាគច្រើន គេកាន់អំណាច… នៅពេលធ្វើបាតុកម្ម ខ្ញុំបានទៅគៀងគរពលរដ្ឋឱ្យមកសម្តែងឆន្ទៈ បញ្ចេញមតិឱ្យគេឯងដឹង ឱ្យសភាគេចាប់អារម្មណ៌, ជាពិសេសឱ្យ‹កំប៊េរ៉ា›ដែលមានរដ្ឋាភិបាលសហព័ន្ធ គេដឹងឮពីការឈឺចាប់របស់យើង… បាតុកម្មរបស់ខ្មែរយើង បានធ្វើឱ្យសមាជិកសភា៨រូបនៅ‹កំប៊ែរ៉ា›កក្រើក ចេញមកថ្លែងការថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន, ដែលនេះជាសញ្ញាឱ្យក្រសួងកិច្ចការបរទេសអូស្ត្រាលី មានជំហ៊រការពារប្រជាពលរដ្ឋខ្មែរ ហើយដាក់សម្ពាតលើ ហ៊ុន សែន បាទ… នៅស្រុកគេ ប្រព័ន្ធធ្វើការរបស់គេ គឺប្រធាននៃគណបក្សប្រឆាំង គឺជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសរបស់គេ នៅពេលដែលគណបក្សប្រឆាំង គេទទួលសម្លេងភាគច្រើនទៅវិញ, គេមិនដែលព័ទចាប់ប្រធានគណបក្សប្រឆាំងទាំងយប់ ហើយមិនដឹងជាមានអ្វីសម្រាប់ចោទប្រកាន់គេរបៀបហ្នឹងទេ ធ្វើរបៀបនេះធ្វើឱ្យគេភ្ញាក់ផ្អើលទាំងសកលលោក…

ពិនសំខុនៈលោកបាននិយាយថា បាតុកម្មរបស់ពលរដ្ឋដើមកំណើតខ្មែរមានឥទ្ធិពល លើអ្នកមានអំណាចនៅអូស្ត្រាលី តើមានអំណាចរៀបណា?

ហុង លីមៈ ខ្ញុំបានអញ្ជើញតំណាងសហគមន៍ខ្មែរពីគ្រប់កន្លែង នឺងមានតំណាងវត្តមានព្រះសង្ឃប៣អង្គ ឱ្យមកសម្តែងការមិនសប្បាយចិត្ត នៅចំពោះមុខប្រធាននៃគណបក្សប្រឆាំងនៅ‹កំប៊ែរ៉ា› គឺប្រធានរបស់ខ្ញុំហ្នឺងឯង ដែលជាអនាគតនាយករដ្ឋមន្តី្រ ដែលគេនឹងទៅកាន់ដំណែងពេលគេឈ្នះឆ្នោត លោកមានសិទ្ធនឹងទិទាននាយករដ្ឋមន្ត្រីកាន់អំណាច ប្រសិនបើនៅកាន់ជើងហ៊ុន សែន, រួចនាំគ្នាទៅប្តឹងដល់រដ្ឋមន្ត្រីកិច្ចការបរទេស នៃរដ្ឋាភិបាលស្រមោល នៅក្នុសភាហ្នឹង…

ពិនសំខុនៈ អ្វីទៅដែលលោកហៅថា រដ្ឋមន្ត្រីកិច្ចការបរទេស នៃរដ្ឋាភិបាលស្រមោល?

ហុង លីមៈ នៅសភាអូស្ត្រាលី រដ្ឋាភិបាលស្រមោល គឺជាអ្នកដែលមានភារកិច្ច តាមដានក្រសួងនិមួយៗហើយទិទានជាសាធារណៈបាន នៅពេលធ្វើអ្វីខុសនិមួយៗ ពិរដ្ឋសភាទៅ, គឺអ្នកនោះឯងហើយ ដែលនឹងទៅកាន់ដំណែងដ៏មានអំណាចនោះនៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោតវិញ, អីចឹងខ្ញុំនាំលើកគ្នា ទៅប្តឹងក្រួងការបរទេសនៃរដ្ឋាភិបាលស្រមោលក្នុងគណបក្សខ្ញុំហ្នឹង កឺដូចជាខ្ញុំទៅប្តឹងសារទុក្ខនៅក្រសួងការបរទេសនៃរដ្ឋាភិបាល‹កំប៊ែរ៉ា›ដែរ ពីព្រោះគេធ្វើការក្នុងនយោបាយ ដោយពិគ្រោះគ្នា ឬក៏ប្រជែងគ្នា… នៅស្រុកខ្មែរ គណបក្សប្រឆាំងបែរជាមិនអាចទីទានរដ្ឋាភិបាល ដែលជាតួរនាទីចំបងរបស់គេទៅវិញ ចោទគេថាក្បត់ជាតិ…វាមិនត្រូវទេ!

ពិនសំខុនៈ នៅពេលមកដល់សហរដ្ឋអាមេរីក តើលោកមើលឃើញនឹងចាប់អារម្មណ៍យ៉ាងណាដែរ ចំពោះសកម្មភាពពលរដ្ឋខ្មែរអាមេរីកាំង?

ហុង លីមៈ ខ្ញុំបានឃើញថា បងប្អូនយើងមានការយកចិត្តទុកដាក់ខ្លាំងចំពោះវាស្នាជាតិខ្មែរយើង ដែលកំពុងឆ្លងកាត់ការគ្រោះថ្នាក់ ដែលរដ្ឋាភិបាលចង់នាំប្រទេសកម្ពុជាត្រឡប់ទៅរករបបផ្តាច់ការវិញ បើចង់ធ្វើអីចឹង ម៉េចក៏មិនទៅនៅរស្រុកយួនតែម្តងទៅ! ពលរដ្ឋខ្មែរឥតត្រូវការរបៀបហ្នឹងទេ! ខ្ញុំឃើញបងប្អូនបានអញ្ចើញមកមកទទួលខ្ញុំយ៉ាងរាក់ទាក់ ហើយច្រើនរយនាក់បានមកស្តាប់វេទិការសាធារណ ដែលខ្ញុំបានធ្វើជូនកាលពិម្សិលមិញ ធ្វើឱ្យខ្ញុំមានមោទនភាពណាស់, ច្រើនគ្នាបានទូរស័ព្ទមកក្នុងកម្មវិធីសួរឆ្លើយតាមទូរទស្សន៍ គឺជាការចេះប្រើសិទ្ធសេរីភាព ប្រើលទ្ធិប្រជាធិបតេយ្យ នៅពេលមានបងប្អូនច្រើនរូប បានឈរឈ្មោះឱ្យគេបោះឆ្នោតធ្វើជាសកាជិកក្រុមប្រឹក្សាសាលាក្រុង ក្រុមប្រឹក្សាសាលារៀន…ខុសគ្នាពិហ៊ុន សែន ដែលគាត់បិទកាសែត បំបិទវិទ្យុ ទូរទស្សន៍ដែលប្រឆាំងនឹងគាត់… គឺយើងចង់ឱ្យមានការគ្រប់គ្រង បែបសេរី ចង់ធ្វើមានរចនាសម្ព័ន្ធ របៀបនេះនៅកម្ពុជាដែរ

ពិនសំខុនៈ បងប្អូនខ្មែរជាច្រើនបានចាកចេញពិកម្ពុជា មករស់នៅឯបរទេស ចុះរូបលោកអញ្ជើញចេញពីតំបន់ណា នៃប្រទេសកម្ពុជា?

ហុង លីមៈខ្ញុំនៅស្រុកស្អាង ខេត្រកណ្តាល ឃុំព្រែកគយ…ខ្ញុំបានត្រឡប់ទៅមើលស្រុកភូមិកំណើតខ្ញុំ តែបានបាត់បង់អស់ហើយមិនដូចដើមទេ… គ្មានបងប្អូនខ្ញុំណាត្រឡប់ទៅវិញទេ តែស្រុកស្អាងមានប្រពៃណីមួយ គឺមិនចុះញ៉មទេ ខៀវសំផន អីៗចេញពីហ្នុង!… មានមេស្រុកកោះធំខាងគណបក្សប្រជាជន នៅជាប់គ្នាហ្នុងគាត់ថា អ្នកស្រុកគាត់ ហៅមកប្រជុំគាត់មក.. ហៅឱ្យលុយក៏យក..ដល់បោះឆ្នោតបោះឱ្យសង្គ្រោះជាតិអស់…ចំណែកស្អាងវិញ ក្នុង១១ឃុំយកអស់១០ឃុំហើយ… កាលនៅស្រុកខ្មែរ ខ្ញុំបានទៅរៀនសាលាអង់គ្លេស ហើយដោយសាចេះលើសគេតែភាសាអង៉គ្លេសនោះ ខ្ញុំក៏ប្រឡងជាប់បានអាហារូបករចេញមករៀននៅអូស្ត្រាលី…

ពិនសំខុនៈ កាសែតខ្មែរផុសយើង មានអាយុ១១ឆ្នាំហើយ មានគេអានច្រើន តើលោកមានសារអ្វីទេសម្រាប់ផ្ញើរទៅជូនអ្នកអានរបស់កាសែតយើងទេ?

ហុង លីមៈចំពោះកាសែតលោកប្អូន ខ្ញុំមានមោទនភាពណាស់ នឹងសុំសសើរដែលបានធ្វើឱ្យកាសែតខ្មែររស់បាន១១ឆ្នាំនៅបរទេស ជាការលំបាកខ្លាំងណាស់… ខ្ញុំនៅអូស្ត្រាលីឯណោះ កាសែតកើតហើយស្លាប់ កើតហើយស្លាប់ លោកប្អូនធ្វើហើយរស់បាន១០ឆ្នាំទៅហើយ ខ្ញុំមានសេចក្តីត្រេកអរណាស់ហើយនឹងនាំដំណឹងនេះទៅប្រាប់បងប្អូនយើងនៅឯនាយ, ហើយសូមឱ្យបងប្អូនឯណេះ បន្តរជួយគាំទ្រកាសែតខ្មែរនេះឱ្យរស់បន្តរបានយូរអង្វែង សម្រាប់ជាកិត្តិយសដល់សហគមន៍ខ្មែរយើង…ហើយដែលទូលំទូលាយជាងនេះទៅទៀត សូមឱ្យបងប្អូនបបង្កើនការយកចិត្តទុកដាក់ថែមទៀត ពីព្រោះស្រុកខ្មែរយើងកំពុងតែឆ្លងគ្រោះថ្នាក់ខ្លាំងណាស់ ហ៊ុន សែន ចង់បំបាត់លទ្ធិប្រជាធិបតេយ្យ បំបាត់សេរីភាព ជាការគួរឱ្យឈឺចាប់ណាស់ … ហេតុដូច្នេះហើយ ការចេញទៅបោះឆ្នោតជាការសំខាន់ណាស់ សម្រាប់ផ្លាស់ប្តូរជីវីតបងប្អូន សម្រាប់ជីភាពប្រសើរ សូមឱ្យប្រាប់ទៅបងប្អូនដែលនៅឯស្រុកខ្មែរ ឱ្យទៅចុះឈ្មោះបោះឆ្នោត នឹងចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា… សុខ ឥសាន និយាយថា បងប្អូនចាកស្រុក ទៅធ្វើការស្រុកគេ គឹបានលុយច្រើន…និយាយគ្មានដឹងអីសោះ..ចាកស្រុកទៅធ្វើការស្រុកគេ ចំណេញតែស្រុកគេទេ ហើយបើសិក្សាធិការសិស្សរៀនតែកន្លះថ្ងៃ ទៅប្រជែងនឹងក្មេងអាស៊ានយ៉ាងម៉េចនឹងបាន? ឥឡូវចាស់ខ្មែរ មានកូនខ្ចីអស់ហើយ! គួរឱ្យអាណោចអាធម្មណាស់ ព្រោះអីកូនៗចេញទៅធ្វើការស្រុកក្រៅ គេទុកចៅឱ្យយាយតាមើល! ដូច្នេះត្រូវតែឱ្យមានការផ្លាស់ប្តូរនៅស្រុកយើង ទើបបាន! មិនអាចទុកពេទ្យ ទុកសិក្សាធិការ ទុកជីវិតពលរដ្ឋឱ្យនៅរបៀបនេះតទៅទៀតទេ! ខ្ញុំមកនេះ សូមអំពាវនាវឱ្យបងប្អូន ‹‹ធ្វើចលនា តវ៉ាក្នុងសម្លេងតែមួយ ពេលតែមួយ នៅជុំវិញពិភពលោក›› ដើម្បីរំដោះឱ្យបងប្អូនខ្មែរយើង បានរួចពីទុក្ខទោស ដែលគម្រាមកំហែងដោយរបបតិរឆ្ចានរាល់តែថ្ងៃ៕