ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង

ដោយ ពិន សំខុន តពីលេខមុន

ក្នុងដំណើរទៅតំបន់‹ន័រម៉ង់ឌី›នេះ យើងមិនចង់ធ្វើដំណើរតាមផ្លូវធំ(HWay)ទេ ពីព្រោះតែគ្មានទេសភាពជាជនបទនៃប្រទេសបារាំងសាមញ្ញនោះ ដូច្នេះយកផ្លូវជនបទជាជម្រើសទេសចរយើង ដែលធ្លាប់ស្គាល់តំបន់នេះកាលពី២០ឆ្នាំមុនមកម្លេះ។

ថ្វីត្បិតតែផ្លូវតូច រថយន្តយើងរត់មិនលឿនក្តី ផ្លូវនេះមិនបានធ្វើឱ្យយើងធុញទ្រាន់ទេ ពីព្រោះពីតំបន់មួយទៅតំបន់មួយទៀត ទេសភាពមិនដូចគ្នាទេ ហើយប្រវត្តិសាស្ត្រនៃតំបន់ក៏មិនដូចគ្នាដែរ ។ គេអាចឃើញព្រះវិហ៊ារចាស់ៗខុសសោភណ្ឌភាពគ្នា រចនាបទនៃភូមីឋានក៏ស្របទៅតាមចំណាស់នៃការកកើតភូមិក្រុង ដែលជនជាតិបារាំងរស់នៅរាប់ពាន់ឆ្នាំមកហើយ – ពិសេសជាងនេះទៅទៀត ក្រុងនៃតំបន់និមួយៗ គេបានតែងលំអដោយសួនច្បារ ប្រកបដោយបុផ្ផាចម្រុះពណ៌នៅជុំវិញ រូបចម្លាក់ ឬបូជនីយដ្ឋាន ដ៏មានតម្លៃក្នុងប្រវត្តិសាស្ត្រ ឬក្នុងស្នាដៃសិល្បៈជាដើម។

 

 

 

 

 

 

 

 

សំដៅទៅទីក្រុង‹ដូវីល›ដ៏គួរឱ្យចាប់អារម្មណ៍ជាទីបំផុត នាតំបន់ខាងជើងឈៀងខាងលិច គឺជាតំបន់ទេសចរល្បីល្បាញ ទាក់ទាញភ្ញៀវដោយសារមានកាស៊ីណូ ដ៏ធំជាងគេបង្អស់នាភាគខាងជើងប្រទេសបារាំង(គឺជាកាស៊ីណូដែលមានដំបូងគេបង្អស់នៅបារាំង ហើយប្រទេសនេះមិនមានកាស៊ីណូច្រើនដូចអាមេរីកទេ) នឹងមានរមនីយដ្ឋានស្រស់បំព្រងជាច្រើននារដូវក្តៅ ។ ភ្ញៀវជាច្រើនទៀត បានស្គាល់ឈ្មោះ‹ដូវីល›ដោយសារតែនៅក្នុងតំបន់ឈ្មោះ‹ន័រម៉ង់ឌី› តំបន់ដែលបក្សសម្ព័ន្ធអាមេរីកាំង-បារាំង-អង់គ្លេស បានវាយលុកលើទ័ព‹អាល្លឺម៉ង់›ចក្រព័ត្រ ដោយមិនដឹងខ្លួនជាមុន បណ្តាលឱ្យអាល្លឺម៉ងនៃរបប‹ហ៊ីត្លែ› ចាប់ប្តើមបាក់ទ័ព រហូតដល់ចាញ់សង្គ្រាមលោកលើកទី២ – ហើយ‹ដូវិល›ដីល្បីល្បាញម្យ៉ាងទៀតនោះ គឺឋិតនៅក្បែរកំពុងផែរបារាំង‹ឡឺអាវ›ដ៏ធំបំផុតមួយនៃភាគខាងជើង, ស្តេ្ចខ្មែរព្រះបាទស៊ីសុវត្តិ កាលពីជំនាន់បារាំង ក៏បានយាងមកទីក្រុងបារីស ហើយទ្រង់ត្រូវបានចុះចតកុប៉ាល់ ជាន់ដីបារាំងជាដំបូងបង្អស់នៅ‹ឡឺអាវ›នេះឯង។

យើងបានសំដៅមកបំរុងសម្រាកនៅ‹ដូវីល› ដែលនៅចម្ងាយ៣ម៉ោងប៉ុណ្ណោះពីប៉ារីស តែអស័យដ្ឋានសណ្ឋាគាររបស់មិននៅទៅនោះទេ គេបានបញ្ជូនយើងទៅទីក្រុងធំមួយទៀតឈ្មោះ‹កាបួ› ដែលយើងត្រូវធ្វើដំណើរបន្ថែមទៀតប្រមាណជាកន្លះម៉ោងទើបបានដល់សណ្ឋាគារ‹ឡាក្លូសឺរី› ដែលស្ថិតនៅចំពីមុខមហាសណ្ឋាគារមួយហៅថា‹ក្រងហូតែល› ដែលមានកន្លែងលេងល្បែង‹កាស៊ីណូ›តូចមួយទៀត។ យើងមិនបានអស់សង្ឃឹមឬក៏ខកចិត្តនឹងក្រុងតូចនេះទេ ពិព្រោះជាទិក្រុងដែលប្រកបដោយសោភ័ណ្ឌភាព នៃសួនច្បារធំៗ មានឆ្នេរសមុត្រសមរម្យមួយ ដែលមានអ្នកមកលេងទឹកជាហូហែរ ហើយគ៏ជាទិក្រុងដែលមានប្រវត្តិសាស្ត្រជាកំពង់ផែរចាស់មួយដែរ។ នៅទីនោះ យើងចូលចិត្តផ្លូវថ្មើរជើងមួយ ដែលមានហាងទំនិញ នឹងភោជនីយដ្ឋានទំនើប ជាច្រើន ដែលក្លិនឈ្ងុយនៃកាហ្វេ នឹងនុំបារាំងពេលព្រឹកព្រហ៊ាម ទ្រាំមិនចូលទៅទិញហូបទប់មិនបាន។ ពេលថ្ងៃយើងទៅកំសាន្តឯឆ្នេរសមុទ្រ ទឹកសមុត្រមិនជាថ្លាប៉ុន្មានទេ តែប៉ុណ្ណារ៉ូ អាចរកមិត្រលេងជាមួយគ្នាយ៉ាងរីករាយ បើទោះជានិយាយមិនយល់គ្នាក៏ដោយ – ពេលល្ងាច យើងទៅរកហូបម្ហូបគ្រឿងសមុទ្រ ដែលប៉ុណ្ណារ៉ូចូលចិត្តជាងគេនឹងហៅ‹ស៊ុបត្រី›ដ៏ល្បីថាជាស្នាដៃអ្នកស្រុក‹ន័រម៉ង់ឌី› ឯសូបិនចូលចិត្តហៅ‹គ្រុម›ដែលគេលើកម្តងៗ១ចានគោមបំរើភ្ញៀវម្នាក់ គេធ្វើឆ្ងាញ់របស់គេមែន។

កំដៅថ្ងៃនៃខែកក្កដានៅ‹កាបួ›ក្តៅខ្លាំងណាស់ ពេលត្រឡប់ពីដើរលេងខាងក្រៅម្តងៗ ប៉ុណ្ណារ៉ូតែងសុំទៅមុជទឹកនៅអាងហែលទឹករបស់សណ្ឋាគារ‹ឡាក្លូសឺរី› ប៉ុណ្ណារ៉ូតែងតែហែលទៅរកក្មេងៗដូចគ្នា ដើម្បីលេងជាមួយគ្នា មានឳពុកឬម្តាយគេមកជាមួយកូនគេ, តែកូនបារាំងមិនសូវហ៊ានមកជិតប៉ុណ្ណារ៉ូទេ ដោយនិយាយភាសាខុសគ្នា លេងមិនយល់គ្នាសោះ បានត្រឹមតែសើចស្ញេញស្ញាញដាក់គ្នាតែប៉ុណ្ណោះ។ ពេលយប់យើងមិនបាននៅក្រៅលើសពីម៉ោង៩យប់ទេ ដោយសារកន្លែងកំសាន្តមានតែមួយ គឺនៅកាស៊ីណូដ៏តូចមួយ គ្មានអ្វីលេងឱ្យបានរីករាយដូចនៅអាមេរីកទេ ជាទូទៅគេទៅលេងភ្នាល់ជាមួយម៉ាស៊ីនពេលថ្ងៃ, ពេលយប់ទើបមានបើកលេងបៀរលើតុល្បែង ដែលគេមានសណ្តាប់ធ្នាប់ច្រើនជាងនៅអាមេរីក។

យើងនៅ‹កាបួ›បាន២យប់ រួចយើងក៏ត្រឡប់មកដូរយកសណ្ឋាគារនៅក្រុង‹ដូវិល›វិញ ដែលទំនងជាធំជាង ហើយប្រហែលជាសប្បាយជាង‹កាបួ›ដែរ។      តទៅលេខក្រោយ