លោក ង៉ោ គឹមឈៀង បង្ហាញសំណល់ប្រវត្តិសាស្ត្រនៅកំពង់ឆ្នាំង

ដោយ ខ្មែរផុសស.រ.អា

លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រខ្មែរ ទៅពី‹ឡូវែល›រដ្ឋម៉ាសាឈូសិត ទៅឈរឈ្មោះ ជាប់ឆ្នោតនៅមណ្ឌលកំពង់ឆ្នាំងអាណត្តិឆ្នាំ២០១៣-១៨។ ក្នុងឱកាសទៅជួបរាស្ត្រនៅមណ្ឌលរបស់លោក កាលពីខែកក្កដាឆ្នាំ២០១៦ លោកបានបង្ហាញសំណល់ប្រវត្តិសាស្ត្រមួយកន្លែង នៅក្រាំងលាវ ដែលយើងមានសេចក្តីរីករាយនឹងរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះដូចតទៅ៖

IMG_8886

លោក ង៉ោ គឹមឈៀង ជាតំណាងរាស្ត្រនៅ‹មណ្ឌលប្រវត្តិសាស្ត្រតស៊ូរំដោះជាតិពីអនានិគម›ដ៏ធំធេងមួយ ដែលប្រជារាស្ត្រខ្មែរខែត្តកំពង់ឆ្នាំង បានធ្លាប់ក្រោកតស៊ូប្រឆាំងនឹងបារាំង នាឆ្នាំ១៩២៥ សម្លាប់‹រេសុីដង់បារដែស› ទុកឆ្អឹងនៅទីនោះ។ រូបថតចេតីយដែលយើងថតបានមកនេះ គឺជាទីសំណាក់ចុងក្រោយរបស់‹រេស៊ីដង់ បាដែស› ជាចៅហ្វាយខេត្តកំពង់ឆ្នាំង ដ៏ល្បីល្បាញខាងកាចសាហាវ នឹងពូកែរទារពន្ធដែលចេះតែឡើងមិនឈប់ឈរ។ សៀវភៅប្រវត្តិសាស្ត្រលោក កែវ ប៊ុនឈឿន សរសេរថាៈ  ថ្ងៃ២៥មេសា ឆ្នាំ១៩២៥ បារដែស បានចេញមកទារពន្ធដោយខ្លួនឯង នាំយកអ្នកបកប្រែជាតិយួន(បារាំងមិនទុកចិត្តខ្មែរឱ្យធ្វើការជាមួយខ្លួនទេ)នឺងមានទាហ៊ានកាពារខ្លួនទៅជាមួយផង – ខឹងនឹងអ្នកបង់ពន្ធមិនទាន់ពេល ក៏ចាប់ខ្លួនប្រជារាស្ត្រទាំងនោះ ចងស្លាបសេក បង្អត់អាហារនៅហាលថ្ងៃរហូតថ្ងៃត្រង់។ នៅពេលកំពុងបាយថ្ងៃត្រង់ នៅចំពោះប្រពន្ធនឹងកូនអ្នកទោស ព្រះសង្ឃ៣អង្គបានមកបិណ្ឌបាទ សុំឱ្យទឹក១ត្រឡោតឱ្យអ្នកទោសបានផឹកផង តែ បារដែសមិនព្រម។ បាយរួចហើយ ពេលចេញដំណើរ បាដែស នាំអ្នកទោសបំរុងទៅដាក់គុកឯកំពុងឆ្នាំង ។ ព្រឹត្តការណ៍ដ៏អស្ចារ្យមួយបានផ្ទុះឡើង ដោយគ្មានគ្រោងទុក គឺយាយ តា ស្រីៗជាប្រពន្ធនឹងបងប្ហូន បានហក់មកសង្គ្រប់ វាយនឹងកាំបិត ពូថៅទាល់ទេស្លាប់នៅហ្នឹងកន្លែង ភ្លើងកំហឹងកសិករ ប្រៀបបានទៅនឹងភ្លើងឆេះខែប្រាំងដូច្នោះដែរ។ បងប្អូនស្រីៗក្តៅក្រហាយ នាំគ្នាកាត់ដៃ កាត់ជើងខ្មោច បារដែស ដូចចិញ្ច្រាំ។ បងប្អូនកសិករ នាំគ្នាដោះខ្នោះពីដៃ ហើយស្រែកទាមទារឱ្យដោះលែង អ្នកខ្វះពន្ធ ហើយក៏នាំគ្នាដង្ហែរក្បួនបំរុងដើរទៅសាលាខេត្តកំពង់ឆ្នាំង តែទាហ៊ានបារាំង ឱ្យដំណឹងទៅចៅហ្វាយដោយអ្នកបកប្រែនឹងទាហ៊ាន បានបញ្ជូនកងទ័ពមកបង្ក្រាបបាញ់ប្រហារស្លាប់ដូចគេហាល។ អ្នកណារួចជីវិត រត់ទៅរស់នៅក្នុងព្រៃ ពួនអាត្មាសខ្លាចការរាតត្បាត។ បន្ទាប់មក បារាំងបានបញ្ជាឱ្យស្តេច ស៊ីសុវត្ថិ បញ្ជូនព្រះរាជបុត្រ មុនីវង្ស ទៅពិនិត្យខ្មោច បារដែស ហើយឱ្យចេញព្រះរាជក្រឹត្យប្តូរឈ្មោះ‹ភូមិក្រាំងលាវ› ទៅជា‹ភូមិតិរិច្ឆាន› ជាការដាក់ទោសអ្នកភូមិឱ្យទៅជាទាសករទាំងអស់។

IMG_8854

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដដែលនេះ កំពុងតែក៏កើតឡើងវិញ នៅកំពុងឆ្នាំងដែលលោក ង៉ោ កឹមឈៀង ជាតំណាងរាស្ត្រ ។ ជនជាតិយួននៅពេញបឹងទន្លេសាប មានរបៀបនេសាទបែបថ្មី មិនឱ្យមានត្រីសម្រាប់ធ្វើប្រហុក ត្រីងៀត ត្រីឆ្អើរ ម៉ាំ ឬទឹកត្រី ដែលជាម្ហូបចំណីរបស់ប្រទេស ដូចឆ្នាំមុនៗទៀតទេ។ រដ្ឋាភិបាលខ្មែរ កំពុងកាពារផលប្រយោជន៍ជនជាតិយួន យ៉ាងសកម្ម កំពុងរៀបចំដីឱ្យយួនឡើងគោក ជាសញ្ញាជំពាក់គុណគេ ហើយក៏ជាសញ្ញាអនានិគមបែបថ្មី មកលើកម្ពុជា។

 

ស្រមោលនៃមេរៀនប្រវត្តិសាស្ត្រ គឺលោក ង៉ោ គឹមឈៀង បង្ហាញជាកញ្ចក់ឆ្លុះមុខបច្ចុប្បន្ន សម្រាប់ប្រជាពលរដ្ឋកំពុងឆ្នាំង រៀបចំអនាគត់របស់ខ្លួន កាន់វាសនាអនាគតគ្រួសារខ្លួនដោយខ្លួនឯង កុំឱ្យចេះតែភ្លាត់ស្នៀត ដោយការបោកប្រាស់ណាមួយ ជារហូតទៅបានឱ្យសោះ។