វិភាគលើលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សានៅឡូវែលឆ្នាំ២០១៧

ដោយ ពិន សំខុន

អ្នកបោះឆ្នោតថ្ងៃទី ២៧កញ្ញាមុននេះ បានប្រមូលគរទៅលើក្រុមអ្នកដែលនៅជុំវិញលោកអភិបាល ‹អេដ កេណ្ណឺឌី›ដែលបាន ៣២៦៦សម្លេង, អ្នកឯទៀតនោះមានលោក ‹ជន លីហ៊ី› បាន៣២៦២សម្លេង, លោក ‹វីលាម ប៊ីល សាម៉ារ៉ាស› បាន៣២៥៤សម្លេង, លោក‹ជេមមីឡីណាសូ› ដែលបានប្រកាសថាមិនប្រាថ្នាឈរឈ្មោះអាណត្តិថ្មីម្តងទៀតទេស្រាប់តែ

ត្រឡប់មកឈរឈ្មោះវិញដដែល ហើយបានសម្លេង ៣០៥៧មានលំដាប់ថ្នាក់លេខ៦ អមដោយបេក្ខជនថ្មី‹ដេវ ខនវេយ› បានលំដាប់ថ្នាក់លេខ៧, ដែលគេដឹងថា ទាំងអស់នោះជាសម្លេងនៃអ្នកគាំទ្រការដ្ឋានវិទ្យាល័យឡូវែល ឱ្យសង់នៅ‹ដោនថោន› នឹងជាក្រុមដែលមិនមានបំណងឱ្យមានក្រុមជនភាគតិច ចូលរួមរំលែកការគ្រប់គ្រងក្រុងឡូវែលនោះទេ។ នៅសល់បេក្ខជនថ្មីដើមកំណើតខ្មែរម្នាក់ទៀតដែរ ដែលមានជំហរនៅខាង‹ដោនថោន›គឺលោក ‹វាស្នា នួន›ដែលធ្លាប់ចាញ់ឆ្នោតដោយសារតែតំបន់‹បែលវឺឌៀ›តែមួយកន្លែង, ក៏បានផ្លោងលទ្ធផលទៅដល់៣០៩៥ បានលំដាប់ថ្នាក់លេខ៤ ជាគម្រប់បេក្ខជនទី៦ ដែលអាចនឹងធ្វើឱ្យសេចក្តីសម្រចរបស់ក្រុមប្រឹក្សាក្រុង នាថ្ងៃខាងមុខ យកសំណង់នៅ‹ខលី› ប្រែក្លាយទៅជា‹ដោនថោន›មកវិញបាន។

ចំណែកឆ្នោតជាសម្លេងអ្នកស្រី‹រីដា មឺសៀ› នឹង ‹រ៉តនី អេលិយ៉ុត› ដែលធ្លាប់តែនៅខ្ពស់បំផុតជាដ៏រាបនោះក៏បានធ្លាក់មកនៅលំដាប់ទី៥ នឹងទី៨ ខុសប្រក្រតី, ដូចគ្នានេះដែរ លោក ‹ដាន់ រួក›, ‹ជីម ឡេរី› នឹង ‹កូរី បាឡីនជើ› ក៏ធ្លាក់ចុះបន្តរបន្ទាប់លំដាប់៩-១០-១១ ដោយសារតែបានបោះឆ្នោតឱ្យ‹ខលី›។ បើតាមទួរលេខនៃជុំទី១នេះ ក្រុម‹ខលី›នៅសល់អ្នកកាពារពីមុន តែ៣សម្លេងប៉ុណ្ណោះ។

យើងចង់រំលឹកពីការជ្រើសយកទីតាំងសំណង់វិទ្យាល័យឡូវែលបន្តិចៈ កាលពីថ្ងៃកក្កដា២០១៧ ក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោត ស្របតាមភារៈកិច្ច សម្រេចលទ្ធផល៥សម្លេងទល់នឹង៤សម្លេង សម្រេចឱ្យយកទីតាំងសង់វិទ្យាល័យឡូវែលថ្មីនៅ‹ខលី›។ លោកអភិបាលក្រុង អេដ ខិណ្ណឺឌី នៅខាង‹ដោនថោន› មិនសុខចិត្ត្ ក៏ទៅប្រមូលគណកម្មការសាលារៀន ក្នុងតួនាទីលោកជាប្រធានគណកម្មការសាលារៀនដែរនោះ ឱ្យបោះឆ្នោត ទាំងមិនស្របច្បាប់ ប្រឆាំងនឹងសេចក្តីសម្រេចចិត្តសាលាក្រុង។ ជាមួយគ្នានោះដែរ លោក ខេណ្ណឺឌី បានឱ្យគេប្រមូលហត្ថលេខាពលរដ្ឋឡូវែល ឱ្យបាន៦៤០០នាក់ ដើម្បីធ្វើញត្តិតវ៉ាឱ្យមានប្រជាមតិ នៅពេលបោះឆ្នោតថ្ងៃទី៧វិច្ឆិកា គឺសួរយោបល់ឱ្យពលរដ្ឋទៅបោះឆ្នោតយកខាង‹ខលី›ឬ‹ដោនថោន›សាជាថ្មីទៀត។ នាពាក់កណ្តាលខែកញ្ញានេះ នាថ្ងៃ១២កន្លងទៅ តុលាការបានចេញសេចក្តីសម្រេចមួយ ទាល់ចោលសេចក្តីសម្រេចរបស់‹គណកម្មការសាលារៀន›ដែលចង់ឱ្យវិទ្យាល័យមកនៅ‹ដោនថោន›វិញនោះ។ មកទល់នឹងថ្ងៃនេះក្រុម‹ដោនថោន›នៅមានសង្ឃឹម២យ៉ាងនៅឡើយ គឺ១-សង្ឃឹមថាប្រជាមតិនឹងទទួលបាន‹ដោនថោន›ជាសម្លេងភាគច្រើន ទី២-សង្ឃឹមថា‹ដោនថោន›នឹងបានសមាជិកយ៉ាងតិច៦រូបនៅក្នុងក្រុមប្រឹក្សាសាលាក្រុងនាអាណត្តិថ្មី ដើម្បីធ្វើសេចក្តីសម្រេចជាថ្មីម្តងទៀត ប្រឆាំងនឹងសេចក្តីសម្រេចអាណត្តិមុន។

ក្រោមការដឹកនាំរបស់លោក អេដ ខេណ្ណឺឌី ការបោះឆ្នោតក្រុមប្រឹក្សាក្រុងលើកនេះស្ទើរក្លាយជាសង្គា្រមក្នុងស្រុកទៅហើយ!ពីព្រោះតែមិនព្រមទទួលលទ្ធផលដែលខ្លួននៅខាងសម្លេងភាគតិច, ឥឡូវក្រុមខាង‹ខលី›ក៏បានប្រតិកម្មតបមកវិញ គឺគេផ្សាយបេក្ខជនដែលគាំទ្រ‹ខលី›ចំនួន៩នាក់ដែលអ្នកបោះឆ្នោតត្រូវគូសយកនាពេលបោះឆ្នោតឱ្យនៅថ្ងៃទី៧ខាងមុខ គឺ១-‹រីដា មើសៀ› ២-‹រ៉តនី អេលីយ៉ុត› ៣-‹ដាន់ រួក› ៤-‹ជីម ឡេរី› ៥-‹សុខារិ ឆាវ› ៦-‹ម៉ាត់ឡឺឡាឈើ›៧-‹កូរី បាឡិនជើ› ៨-‹ដាន់ ហ្វីន› ៩-‹រ៉ូបឺត ជីណាក់› បានន័យថាមានក្រុមប្រឹក្សាចាស់៥នាក់ ដែលបានបោះឆ្នោតឱ្យ‹ខលី›ពីមុន រួមនឹងអ្នកថ្មី៤នាក់ទៀត ដែលមានចក្ខុវិស័យទំនើប ទៅលើអនាគតយុវជន។

ចំណែកឯការបោះឆ្នោតខាង‹គណកម្មកាសាលារៀន›វិញ គេសង្កេតឃើញ កាលពិអាពត្តិមុនមានបេក្ខជនច្រើនមកពិខាង‹ដោនថោន› ចំណែកឯអាណត្តិថ្មីនេះ បេក្ខជនភាគច្រើន មានទស្សនៈគាំទ្រវិទ្យាល័យឡូវែលឱ្យនៅខាង‹ខលី›ទៅវិញ, តែក៏មានបេក្ខជនខាងខ្មែរមានម្នាក់គឺ ‹ដមីណីក ឡេ› បង្ហាញខ្លួននៅពេលពិភក្សាតាមទូទស្សន៍ ឃើញថា ជា‹បេក្ខជនមានសមត្ថភាព› តែគាំទ្រខាង‹ដោនថោន›។

ទោះជាយ៉ាងណាក្តី សហគមន៍ខ្មែរនឹងទទួលភាពររីករាយមួយដែរ នៅពេលឃើញមានបេក្ខជនខ្មែរមានសមត្ថភាព២រូប អាចនឹងជាប់ឆ្នោតទាំង២នាក់ ជាសមាជិកក្រុមប្រឹក្សាក្រុងនាអាណត្តិថ្មីនេះគឺ ‹វាស្នា នួន› នឹង ‹សុខារី ឆាវ› នឹងម្នាក់ទៀតនៅខាងគណកម្មការសាលារៀនគឺ ‹ដមីនីក ឡេ›, ក៏ប៉ុន្តែអ្នកបោះឆ្នោតខ្មែរមួយចំនួន នៅតែមានការព្រួយបារម្មណ៍នៅឡើយថា បេក្ខជន ‹សុខារី ឆាវ› អាចនឹងខិតទៅជិតនយោបាយក្រុងភ្នំពេញ ដូចមានឧទាហរណ៍អតីតកាល, ដែលបេក្ខជននោះត្រូវហ៊ានចេញមកបញ្ជាក់ពីជំហ៊ររបស់ខ្លួន ឱ្យបានច្បាស់លាស់មុនពេលបោះឆ្នោត ដើម្បីឱ្យទាញឱ្យបាន នូវសម្លេងពីសហគមន៍ខ្មែរទាំងមូល បន្ថែមពីលើពលរដ្ឋសាសន៍ផ្សេងៗទៀត ដែលបានគាំទ្រលោករួចហើយ៕