លោក អ៊ុង រឹទ្ធី ប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក

ខ្មែរផុសស.រ.អា.

គណកម្មការបោះឆ្នោតគណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក ដឹកនាំដោយលោក ម៉ារីត ឆាង ទើបនឹងតែងតាំងតាមរយការបោះឆ្នោត ជ្រើសតាំងប្រធានគណកម្មការសាខាថ្មីរបស់ខ្លួនកាលពីថ្ងៃទី១៧ធ្នូ២០១៦ ផ្តល់ដំណែងប្រធានអាណត្តិ២ឆ្នាំ គឺ លោក អ៊ុង រឹទ្ធី, អនុប្រធានគឺលោក ម៉ារា ឈិន, នឹងអនុប្រធានទី២គឺលោក ទីទ្យា ស៊ុំ ។

សូមរំលឹកថា សាខាគណបក្សសង្គ្រោះជាតិនៅអាមេរីកនេះមាន២ក្រុម មួយក្រុមដឹកនាំដោយលោក អ៊ុង រឹទ្ធី មួយក្រុមទៀតដឹកនាំដោយលោក ជា គិមលី ប្រធានសាខាសហរដ្ឋអាមេរីកនឹងលោក ឆាន ទូច ប្រធានរដ្ឋម៉ាសាឈូសិត តែងតាំងដោយលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ។ លោក អ៊ុង រឹទ្ធី ទើបនឹងជាប់ឆ្នោត បានបកស្រាយការបែកគ្នាជា២ក្រុម នេះថា ‹ថ្នាក់លើទទួលស្គាល់ទាំង២ក្រុមស្មើរគ្នា ដោយយោងទៅតាមសេរីភាពក្នុងការជ្រើសរើសរបស់សមាជិកក្នុងតំបន់ – គោលដៅគឺមានតែមួយ គឺសំដៅទៅរកការឈ្នះឆ្នោតសាកលនៅឆ្នាំ២០១៧-១៨ខាងមុខ›។

លោក អ៊ុង រឹទ្ធី ធ្លាប់ជាសមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល២អាណត្តិ, បច្ចុប្បន្នជាបុគ្កលិកសិក្សានៅវិទ្យាល័យឡូវែល។ ខ្មែរផុសស.រ.អា.បានធ្វើបទសម្ភាសន៍មួយនៅកន្លែងធ្វើការរបស់លោក កាលពីថ្ងៃទី១៣មករានេះ, នៅពេលសួរថាៈ

ខ្មែរផុស-តើតួរនាទីជាប្រធានសាខាគណបក្សសង្គ្រោះជាតិ មានទំនាស់អ្វីនឹងការងារដែលលោកកំពុងធ្វើដែរឬទេ​?

អ៊ុង រឺទ្ធី-អត់មានទេ ពីព្រោះតួរនាទីជា‹អ្នកពិគ្រោះការសិក្សារបស់សិស្សវិទ្យាល័យឡូវែល›នេះមានក្បួនច្បាប់ចែងច្បាស់លាស់!

ខ្មែរផុស-ក្នុងសាលានេះមានកូនសិស្សខ្មែរច្រើន ដូច្នេះក៏មានកូនសិស្សខ្លះ អាចជាកូនសមាជិកគណបក្សប្រជាជន តើលោកប្រកាន់ឥរិយាបទយ៉ាងណាចំពោះសិស្សទាំងនោះ?

អ៊ុង រឺទ្ធី– គឺត្រូវជួយសិស្សឱ្យស្មើគ្នាទាំងអស់ មិនថាកូនអ្នកណាជាកូនអ្នកណាទេ ហើយម្យ៉ាងទៀតយើងមិនអាចបញ្ចេញអកប្បកិរិយាណាមួយ បង្ហាញពីចំណូលចិត្តឬមិនពេញចិត្តដោយសារទស្សនៈនយោបាយសិស្ស ឬគ្រួសាររបស់សិស្សបានទេ នេះជាវិន័យសាលា!

ខ្មែរផុស- ចុះនៅក្រៅសាលាវិញ សហគមន៍ខ្មែរនៅឡូវែលនេះ ក៏មានចំរុះគណបក្សដែរ តើលោកយល់យ៉ាងណាពីគណបក្សប្រជាជននៅទីនេះ?

អ៊ុង រឺទ្ធី– នៅទីនេះពលរដ្ឋម្នាក់ៗសុទ្ធតែមានសិទ្ធរស់នៅសុខសាន្តស្មើៗគ្នាទាំងអស់, ខ្ញុំគ្រាន់តែឆ្ងល់ទេថា មកដល់ស្រុកសេរីហើយ ហេតុអ្វីក៏នៅស្រឡាញ់គណបក្សប្រជាជនធ្វើអ្វីទៀត តើមិនឃើញថាគណបក្សនេះប្រព្រឹត្តអំពើផ្តាច់ការដែរឬទេ? អីចឹងបើយល់ថារបបផ្តាច់ការគ្រាន់បើ តើមករស់នៅទីនេះធ្វើអី? របបនៅទីនេះ មិនដូចរបបនៅស្រុកខ្មែរទេ!

ខ្មែរផុស– តើលោកនៅទីនេះ ចូលជាសមាជិកគណបក្សសង្គ្រោះជាតិ តើអាចជួយអ្វីទៅស្រុកខ្មែរបាន?

អ៊ុង រឺទ្ធី– ការជួយរបស់ខ្ញុំ គឺចង់លើកទឹកចិត្តប្រជាពលរដ្ឋឱ្យចង់មានការប្តូររបប, ចង់ជួយទប់ស្កាត់កុំឱ្យមានការរំលោភសិទ្ធមនុស្ស, ចង់ឱ្យមានការរីកចំរើនទៅដល់បងប្អូនដែលក្រីក្រតាមជនបទ, មិនចង់ឃើញពលរដ្ឋខ្មែរវេទនាដូច្នេះទេ!

ខ្មែរផុស- ទាំងនេះគ្រាន់តែជាទ្រឹស្តីទេ តើលោកនឹងនាំអ្វីដែលជាក់ស្តែង ទៅជូនពលរដ្ឋខ្មែរ?

អ៊ុង រឺទ្ធី– មានបងប្អូនជាច្រើន បានជួយជាលុយកាក់ ជាអណ្តូងទឹក ជាសាលារៀន រួចហើយៗកំពុងតែធ្វើបន្តរទៅទៀតដែរ, ចំណែកខ្ញុំ គឺមានខ្លួនខ្ញុំ ចំណេះខ្ញុំ បទពិសោធន៍ខ្ញុំ ដែលខ្ញុំបរិច្ចាកដើម្បីឱ្យមានការផ្លាស់ប្តូរសង្គមសព្វថ្ងៃ ដែលបានធ្វើបាបពលរដ្ឋខ្លួនឯងនេះចេញ, ខ្ញុំនឹងណែនាំពីចម្ងាយ តាមរយរចនាសម្ព័ន្ធនៅអាមេរីក នឹងទៅជួយស្រុកយើងដោយផ្ទាល់ រួមសុខទុក្ខជាមួយបងប្អូននៅពេលខាងមុខ -ខ្ញុំនឹងណែនាំអ្នកឯទៀតឱ្យធ្វើដូចខ្ញុំ ឱ្យកាន់តែច្រើនឡើង!

ខ្មែរផុស– សូមអរគុណលោក អ៊ុង រឹទ្ធី ចំពោះបទសម្ភាសន៍នេះ៕