ខួបទី ៣៣ ឆ្នាំនៅការបង្តើកសមាគមខ្មែរ CMAA នៅម៉ាសាឈូសេត

ដោយ សុខារ័ត្ន កូយ

ឡូវែល – កម្មវិធីការប្រារព្វខួបទី ៣៣ ឆ្នាំនៅការបង្កើតសមាគមខ្មែរ ត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៏ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន សំពៅមាន ក្រុងឡូវេលដោយមានការចូលរួមពីសំណាក់ពីលោកអភិបាលក្រុងឡូវែល លោក អេត ខេនន័រដី, តំណាងរាស្រ្តខ្មែរ, តំណាងរាស្ត្រក្រុងឡូវែល, តំណាងក្រុមហ៊ុន និងអង្គការ និងប្រជាពលរដ្ឋខ្មែរប្រមាណជា ៤០០ នាក់។

ការរៀបចំនូវកម្មវិធីនេះ គឺផ្តោតជាសំខាន់ទៅលើការពង្រឹងសហគមនសម្រាប់គ្រាប់ជំនាន់ទាំងអស់។ នៅក្នុងកម្មវិធីនោះ មានការរាំរបាំប្រពៃណីពីសំណាក់ក្រុមរបាំអង្គរដានគ្រុប, ការផ្តល់រង្វាន់ដល់អ្នកមានស្នាដៃក្នុងការបំរើសហគមន៍, ការចាក់វីដូអូបង្ហាញពីសកម្មភាពការងារ និងការសម្រេចបានរបស់សមាគម, កម្មវិធីរៃអង្គាសថវិការ,និងកម្មវិធីអាហាពេលល្ងាច និងការរាំកំសាន្ត ។

 

 

 

 

 

 

 

គួបញ្ជាក់ថា សមាគមខ្មែរនៅឡូវែល ផ្តល់សេវាមួយចំនួនដូចជា ជំនួយផ្នែកដាក់ពាក្យចូលសញ្ជាតិអាមេរិក, សេវាបកប្រែភាសានៅនឹងកន្លែង និង សិក្ខាសាលាច្រើនវគ្គទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និង ការអប់រំ។ ជាងនេះទៅទៀត CMAA ក៏បានបង្កើតនូវកម្មវិធីជាច្រើនទៀតដូចជាកម្មវិធីតារាកំពុងរះ, កម្មវិធីភាពជាអ្នកដឹកនាំជំនាញរបស់យុវជន និងកម្មវិធីភាពជាសហគ្រិនសម្រាប់អ្នកទាំងអស់គ្នា។

សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សមាគមខ្មែ CMAA បានផ្តល់សេវាជូនដល់ពលរដ្ឋខ្មែរដែលបានមកទទួលសេវាដោយមិនមានការណាត់ជួបជាមុនចំនួន ៣០០០ នាក់ ។ បេសកកម្មរបស់CMAAគឺដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់ពលរដ្ឋខ្មែរអាមេរិកនិងជនជាតិ ភាគតិចដទៃទៀតនិងពលរដ្ឋដែលខ្វះខាតខាងសេដ្ឋកិច្ចនៅទីក្រុងឡូវ៉ែលតាមរយៈកម្មវិធីអប់រំ, វប្បធម៌, សេដ្ឋកិច្ចនិងសង្គម។