គ្រោះមហន្តរាយធម្មជាតិដែលបង្កការខូតខាតជាទឹកប្រាក់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក

ដោយ ខ្មែរផុស ស.រ.អ

ជាការពិតណាស់ អស់រយៈពេលពីរសប្តាហ៍បន្ទាប់ពីទទួលរងព្យុះ​សង្ឃរាតំបន់ត្រូពិក ដែលមានឈ្មោះថា ​«ហាវី»បានធ្វើឱ្យបាក់ដីនិងទឹកជំនន់នៅរដ្ឋតិចសាស់ភាគអាគ្នេយ៏ តំបន់ទីប្រជុំជនហ៊ូស្តុន​នៅពេលនេះបានស្ងួតហើយជីវិតរស់នៅប្រចាំថ្ងៃ កំពុងចាប់ផ្តើមវិលត្រឡប់ទៅរកភាពធម្មតាវិញហើយ។ ប៉ុន្តែនៅតំបន់ខ្លះ ផ្ទះសម្បែងនិងអាគារមួយមួយចំនួន គឺនៅតែជនលិចនៅឡើយ។

ព្យុះ​សង្ឃរា​ហាវីបានផ្ទុះឡើងកាលពីថ្ងៃទី ២៥ ខែសីហាជាខ្យល់ព្យុះប្រភេទកាតេកូរី ៤ ដែលមានខ្យល់បក់ខ្លាំងនិង​​ព្យុះប្រកប​ដោយ​គ្រោះថ្នាក់​។ បន្ទាប់ពីព្យុះបានធ្វើចលនាបោកបក់ទៅកាន់តំបន់ដីគោក វាបានបន្តដំណើរទៅកាន់ភាគអាគ្នេយ៍នៃរដ្ឋតិចសាស់រយៈពេលពីរបីថ្ងៃដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងហើយតំបន់ជាច្រើនត្រូវបានជន់លិច។

បើតាមការដកស្រង់ពីព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ព្យុះសង្ឃរា និងទឹកជំនន់នេះ បានធ្វើឲ្យជនលិចផ្ទះសម្បែង, មនុស្សច្រើនជាង ១ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងកង្វះទឹកស្អាត។ អ្វីដែលសំខាន់នោះគឺថាព្យុះនេះបានសម្លាប់មនុស្សច្រើនជាង ៧០ នាក់ និងបានបង្កការខូចខាតរហូតដល់ទៅទំហំ ៣០០ ម៉ាយនៃរដ្ឋតិចសាស និងផ្នែកជាច្រើននៃរដ្ឋលូស៊ីអាណា។ រូបភាពផ្ទះដែលជនលិច និងត្រូវបានបំផ្លាញដោយព្យុះហាវីនៅរដ្ឋតិចសាស

នៅក្នុងព្រឹត្តការណ៍នោះដែរ លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ​បានធ្វើ​ដំ​ណើរ​ទស្សនកិច្ច​ចំនួន ​២ លើកនៅតំបន់​ឈូង​សមុទ្រ​ម៉ិកស៊ិកដើម្បីពិនិត្យ​មើល​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​មួយចំនួន​​ដែល​បណ្តាល​មក​ពី​ព្យុះ​សង្ឃរា​ហាវី។ បន្ទាប់ពីទស្សនកិច្ច លោកត្រាំ​ ក៍បានដាក់ស្នើ​សុំ​សភានូវទឹកប្រាក់ប្រមាណ​​៨​ពាន់​លាន​ដុល្លារ​ដើម្បីយកមក​ជួយ​សង្គ្រោះ​និង​ស្តារ​តំបន់ទទួលរងការខូចខាត​ឡើង​វិញ។

ប្រភពដដែរក៏បានបញ្ជាក់ថា ពលរដ្ឋប្រមាណ ១២0,000 នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀស ជាមួយនឹងសត្វចិញ្ចឹមចំនួន ប្រហែល ៥,000 ក្បាល បន្ទាប់ពីព្យុះ​សង្ឃរា​ហាវី។ បច្ចុប្បន្ននេះ ពលរដ្ឋច្រើនជាង ២១,០០០ នាក់ កំពុងតែស្នាក់នៅក្នុងជំរំសង្រោះបន្ទាន់នៅឡើយ។ បើតាមការវាយតំលៃនៃការខូចខាតដែលបង្កឡើងដោយព្យុះ​សង្ឃរា​ហាវី ខាតបង់ទឹកប្រាក់តម្លៃប្រមាណ ៧៥ ពាន់លានដុល្លារ ដែលជាតូលេខគ្រោះធម្មជាតិដ៏ខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក។

ស្ថានភាពបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការជួយសង្គ្រោះ និងស្តារឡើងវិញនៅឡើយ ដោយប្រហែល ២៥%  ត្រូវបានជួយសង្គ្រោះ និង ៧៥% កំពុងស្តារឡើងវិញ ពីសំណាក់​អ្នក​ស្ម័គ្រ​ចិត្ត, បុគ្គលិកនិង​មន្រ្តី​ជួយ​សង្គ្រោះ​គ្រាហ៍​អាសន្ន​។សម្រាប់ការងារស្តារឡើងវិញចំពោះការបំផ្លិចបំផ្លាញដោយសារខ្យល់ព្យុះហាវីនេះ នឹងត្រូវចំណាយពេលរាប់ឆ្នាំដើម្បីឲ្យមកដូចស្ថានភាពដើមវិញ។

បន្ទាប់ពីព្យុះហាវី ឥឡូវនេះមានព្យុះសង្ឃរាមួយផ្សេងទៀតឈ្មោះ ​«អាយម៉ា»ប្រភេទកាតេកូរី ៤​ មានល្បឿនខ្យល់ ១៣០​ ម៉ាយក្នុងមួយម៉ោងដែលជាព្យុះដ៏ខ្លាំងក្លាមួយ បានកំពុងតែបោកបក់កំរាមកំហែងនៅក្នុងរដ្ឋហ្វរីដា ដោយនាំមកនូវខ្យល់ និងមានភ្លៀងធ្លាក់ខ្លាំង។

គិតត្រឹមថ្ងៃអាទិត្យទី ១០ ខែកញ្ញានេះពលរដ្ឋជាង ៧លាននាក់ត្រូវបានគេជម្លៀសចេញដោយនៅក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវបានឲ្យស្នាក់នៅក្នុងជម្រកសុវត្ថិភាព។ ហើយយ៉ាងហោចណាស់លំនៅដ្ឋាន ១៧០,០០០ ខ្នងគ្មានថាមពលប្រើប្រាស់ និងមានអ្នកស្លាប់យ៉ាងហោចណាស់ ២៥ នាក់ដោយសារព្យុះអាយម៉ា។ ជាមួយគ្នានេះដែរ លោកត្រាំក៏បានកោះផ្តុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៩ ខែកញ្ញានេះ ដើម្បីជំរុញឱ្យពលរដ្ឋដែលរស់នៅតាមតំបន់ព្យុះនឹងឆ្លងកាត់ឲ្យគោរពតាមការណែនាំរបស់អាជ្ញាធរ។

សូមបញ្ជាក់ថាព្យុះ​សង្ឃរា​ហាវី និងអាយម៉ាប្រភេទកាតេកូរី ៤នេះ អាចចាត់ទុកជាព្យុះដ៏គ្រោះថ្នាក់បំផុតដំបូងដែលបានបោកបក់មកលើតំបន់ដីគោកក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះវ៉ីលប្រភេទម៉ាប្រភេទកាតេកូរី ៣ បានវាយប្រហាររដ្ឋហ្វរីដានៅឆ្នាំ ២០០៥ ។