ដោយ​ ជិន វិសាល, អនុបណ្ឌិត​សុខភាព​សាធារណៈ ( ដាក់រូបថត ជិន វិសាល ) ១៥ កុម្ភៈ ២០១៤

 

ជម្ងឺ​បាក់ស្បាត ឬ ចាញ់​ច្រាប គឺ​ជា ​បញ្ហា​សុខភាព​សាធារណៈ​​មួយ​ ដែល​មនុស្ស​គ្រប់​វ័យ​ត្រូវ​​ស្វែង​យល់​ និង​ យក​ចិត្ត​ទុក​ដាក់ ។ នៅ​ពេល​រំលឹក​ដល់​បញ្ហា​សុខភាព មនុស្ស​ម្នាក់ៗ នឹក​​ឃើញ​ត្រឹម​​តែ​ការ​មាន​​កាយ​សម្បទា​ល្អ ឬ​ រាង​កាយ ​ដែល​រួច​ផុត​​ពី​​ជម្ងឺ​តម្កាត់​ផ្សេងៗ ដែល​ញាំញី​រាង​កាយ​ប៉ុណ្ណោះ ។ ​ពួក​គេ​​​កម្រ​នឹក​ឃើញ​​ដល់​បញ្ហា​​សុខភាព​ផ្លូវ​ចិត្ត​ណាស់​ កុំ​ថា​ឡើយ​​​នឹក​ឃើញ​ដល់​ជម្ងឺ​បាក់​ស្បាត​​​ ។

សុខភាព​ល្អ​ ​មិន​មែន​​មាន​ន័យ​​ត្រឹម​តែ​​ការ​មាន​​សុខភាព​រាង​កាយ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​​​​រាប់​បញ្ចូល​​ទាំង​ការ​​​មាន​​​សុខភាព​ផ្លូវ​ចិត្ត​ល្អ​​ផង​ដែរ ។ ​​​កាល​ពី​ឆ្នាំ ១៩៤៦ អង្គការ​សុខភាព​ពិភពលោក ​បាន​កំណត់​និយមន័យ​​​ សុខភាព​ ​ថា​​ជា​ “​​​ស្ថានភាព​​​​នៃ​សុខុមាលភាព​​​​ពេញ​បរិបូណ៌ ទាំង​ផ្លូវកាយ​ ផ្លូវចិត្ត​ និង ​​សុខុមាលភាព​សង្គម ​ហើយ​​​​​មិន​មែន​​​​​​​ត្រឹមតែ​ភាព​គ្មាន​ជម្ងឺ​ ឬ ​ពិការភាព​ប៉ុណ្ណោះ​ទេ” ។​ និយមន័យ​នេះ​នៅ​តែ​មាន​សុក្រិតភាព​ និង គ្មាន​ការ​កែប្រែ​​ម្តង​​ណាសោះ​រហូត​មក​ដល់​ពេល​​បច្ចុប្បន្ន​ ។ ជាការ​ពិត​ណាស់ ទាល់​តែ​​​កត្តា​រួមផ្សំ​ទាំង​បី​នេះ​ល្អ​ ទើប​​​អាច​ចាត់​ទុក​​​មនុស្ស​ម្នាក់​ថា​​មាន​សុខភាព​ល្អ​ និង រស់​នៅ​ប្រកប​ដោយ​សេចក្តី​រីករាយ ។ ​ ដូច្នេះ​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​​សុខភាព​ផ្លូវ​ចិត្ត​ ជា​ពិសេស​​ជម្ងឺ​បាក់ស្បាត គឺ​ជា​កតព្វកិច្ច​​ ​ដែល​​មនុស្ស​គ្រប់​គ្នា​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ ឲ្យ​​ដូច​ជា​ការ​ថែទាំ​សុខភាព​រាង​កាយ​ដែរ ។ ​ ​

ការ​មិន​ដឹង ឬ មិន​​ទទួល​ស្គាល់​​​​ជម្ងឺ​បាក់​ស្បាត ថា​ជា ​បញ្ហា​​សុខភាព​​​ បាន​​​​ចោទ​ជា​បញ្ហា​​ដល់​បុគ្គល​ផ្ទាល់​ខ្លួន​ ​ដល់​គ្រួសារ និង សង្គម​ទាំង​មូល​ ។ មាន​មនុស្ស​តិចតួច​ណាស់ ​ដែល​​​​ធ្លាប់ឮ ឬ ស្គាល់​​​​​​​ជម្ងឺ​បាក់​ស្បាត ។ ដូច្នេះ​យើង​​​​​​គួរ​​​ស្វែង​យល់​​អំពី​​ជម្ងឺនេះ​​ និង​ ​បញ្ហា​ផ្លូវ​ចិត្ត​ដទៃ​ទៀត​ ហើយ​​ជួយ​​​​ផ្សព្វផ្សាយ​ អប់រំ​​ក្រុម​គ្រួសារ និង សហគមន៍​របស់​យើង​​ ឲ្យ​យល់​ដឹង​​កាន់​តែ​ច្រើន​ថែម​ទៀត​ ។

​យើង​ខ្ញុំ​​នឹង​នាំ​យក​មក​​​ផ្តល់​ជូន​ប្រិយ​​មិត្ត​អ្នកអាន​​​​​នូវ​ព័ត៌មាន​ថ្មីៗ​ និង លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​​នានា ​ពាក់ព័ន្ធ​នឹង​​​ជម្ងឺ​បាក់​ស្បាត ​​វិធី​ព្យាបាល និង ការ​ថែទាំ​មួយ​ចំនួន​​ ដែល​​​អ្នក​​ឯកទេស​​​ចិត្តសាស្ត្រ និង ​គ្រូពេទ្យ​ផ្នែក​​ផ្លូវ​ចិត្ត​នៅ​លើ​ពិភព​លោក ​​កំពុង​​អនុវត្ត​សព្វថ្ងៃ ។ ​​លើស​ពី​នោះ​ទៀត យើង​ខ្ញុំ​​ក៏​លើក​យក​មក​ពិភាក្សា​ផង​ដែរ​នូវ​វិធី​ព្យាបាល​រោគ​​ផ្លូវ​ចិត្ត​ តាម​ប្រពៃណី​បុរាណ​មួយ​ចំនួន សម្រាប់​មិត្ត​អ្នក​អាន​​​ពិចារណា​​​​ថ្លឹង​ថ្លែង​ និង ទាញ​​សេចក្តី​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង ។

តាម​ន័យ​ទូទៅ​ ពាក្យ​ថា បាក់​ស្បាត ឬ ចាញ់ច្រាប​ គឺ​ជា​ស្ថានភាព​​ ដែល​​​បុគ្គល​ម្នាក់​មិន​អាច​​​ប្រឈម​មុខ​ ឬ ធ្វើ​សកម្មភាព​អ្វី​មួយ​​កើត នៅ​ចំពោះ​មុខ​ហេតុការណ៍ ឬ ព្រឹត្តិការណ៍​ដ៏​​​ភ័យ​រន្ធត់​មួយ​ ​​​ដែល​មាន​លក្ខណៈ​​​ស្រដៀង​គ្នា​នឹង​ហេតុការណ៍​ ដែល​គាត់​ធ្លាប់​បាន​ជួប​ប្រទះ​កាល​ពី​ពេល​មុន ។ ហេតុការណ៍​ដ៏​តក់ស្លុត​នោះ​អាច​​ជា​​​គ្រោះ​ថ្នាក់​ធម្មជាតិ ឬ ហេតុការណ៍​​បង្ក​ឡើង​ដោយ​មនុស្ស​ ។  ជា​ឧទាហរណ៍ ប្រសិន​បើ​គាត់​ធ្លាប់​​ជួប​ប្រទះ​គ្រោះ​ថ្នាក់​រថយន្ត​ ​​ដែល​បង្ក​ឲ្យ​គាត់​មាន​របួស​​ធ្ងន់ធ្ងរ ​គាត់​​ក៏​​មិនហ៊ាន​​បើក​បរ​ ឬ ជិះ​រថយន្ត​​ទៀត ដោយ​សារ​​គាត់​​​យល់​ថា​​​ គ្រោះ​ថ្នាក់​រថយន្ត​​​អាច​នឹង​កើត​ឡើង​​ជា​ថ្មី​ទៀត​ដល់​រូប​គាត់ ។ ជនជាតិ​ខ្មែរ​និយម​​​​ប្រើ​ពាក្យ​​​​​ប្រដូច​ ថា​ “​ឆ្មា​​​ធ្លាប់​ត្រូវ​ទឹក​ក្តៅ​ ទោះ​បី​ឃើញ​ទឹក​ត្រជាក់​ក៏​វា​​គិត​ថា​ជា​ទឹក​ក្តៅ​ដែរ” ​ហើយ​វា​ក៏​នឹង​ដើរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ទឹក​នោះ ។

វិជ្ជា​ពេទ្យ​​​បស្ចឹម​ប្រទេស​ បាន​​​ប្រើ​​ពាក្យ​ថា​​​​ PTSD ដើម្បី​សម្គាល់​ជម្ងឺ​ បាក់ស្បាត ។ ពាក្យ​ទាំង​នេះ​មាន​ន័យ​ថា បញ្ហា​សុខភាព ​បង្ក​មក​ពី​​​ការ​តានតឹង​អារម្មណ៍​​​ ក្រោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ ​ ។ ​ នៅ​ក្នុង​បរិបទ​នេះ ជម្ងឺ​បាក់ស្បាត​ គឺ​ជា បញ្ហា​ថប់បារម្ភ​មួយ​ប្រភេទ ដែល​បុគ្គល​​ម្នាក់​បាន​ទទួល​រង​បទពិសោធន៍​ នៃ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ​រួម​ផ្សំ​ទាំង​​​ការ​ពិបាក​ចិត្ត, ការ​យល់​សប្តិ​​អាក្រក់​ឬ​មមាល, ការ​នឹក​ឃើញ​ឡើង​វិញ​ដុំៗ ដែល​កើត​​​ឡើង​​ក្រោយ​ហេតុការណ៍ ​​នៃ​ការ​​រំលោភ​ផ្លូវ​ភេទ, ព្រឹត្តិការណ៍ ​ដែល​គម្រាម​កំហែង​ដល់​អាយុ​ជីវិត, ការ​រង​របួស​ធ្ងន់ធ្ងរ​ ឬ​ គ្រោះ​ធម្មជាតិ ។

 

តើ​ជម្ងឺ​បាក់​ស្បាត​​​គឺ​ជា​អ្វី ?

ការ​​មាន​​អារម្មណ៍​ភ័យខ្លា​ច ឬ​ ខឹងសម្បារ នឹង​​ហេតុការណ៍​មួយ ឬ មនុស្ស​ណា​ម្នាក់ ​ដែល​បុគ្គល​នោះ​បាន​​​ជួប​ប្រទះ គឺ​ជា​​អារម្មណ៍​កើត​ឡើង​តាម​ធម្មជាតិ ។ បើ​គ្មាន​អារម្មណ៍​ទាំង​នោះ​ទេ នោះ​មនុស្ស​ម្នាក់​នឹង​ក្លាយ​ទៅជា​គ្រឿង​យន្ត ។ ប៉ុន្តែ ​ប្រសិន​បើ​អារម្មណ៍​នោះ​កើត​ឡើង​ ហើយ​ស្ថិត​នៅ​រយៈពេល​ច្រើន​សប្តាហ៍ ឬ ច្រើន​ខែ​ជាប់​គ្នា ពេល​នោះ​លោក​​អ្នក​​​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ឯកទេស​ ។ បុគ្គល​នោះ​​​ប្រហែល​មាន​បញ្ហា​ជម្ងឺ​បាក់ស្បាត ឬ ចាញ់ច្រាប ។ យោង​តាម​វិជ្ជាស្ថាន​ជាតិ ​​នៃ​ជម្ងឺ​ផ្លូវចិត្ត (NIMH) ជម្ងឺ​បាក់ស្បាត ​គឺ​​ជា​​ជម្ងឺ​ផ្លូវ​ចិត្ត​មួយ​ប្រភេទ ។ លោក​អ្នក​អាច​កើត​ជម្ងឺ​បាក់ស្បាត​ក្រោយ​ពី​បាន​រស់​​នៅ ឬ បាន​ឃើញ​​ផ្ទាល់​ភ្នែក ​នូវ​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​មួយ ដូច​ជា​​ សង្គ្រាម ព្យុះសង្ឃរា ឬ គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​ ។ ជម្ងឺ​បាក់​ស្បាត ​ធ្វើ​ឲ្យ​​លោក​​អ្នក​​បន្ត​​មាន​អារម្មណ៍​តានតឹង និង ភ័យ​ខ្លាច​ ទោះ​បី​​​ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ ​បាន​រំលង​ផុត​បាត់​ទៅ​​​ហើយ​ក៏​ដោយ​ ។ ជម្ងឺ​នេះ​ប៉ះពាល់​ដល់​ជីវិត​របស់​លោក​​អ្នក និង មនុស្ស​នៅ​ក្បែរ​លោក​​អ្នក ទាំង​មនុស្ស​នៅ​ក្នុង​រង្វង់​​គ្រួសារ និង មនុស្ស​ធ្វើ​ការ​ងារ​ជាមួយ ។ ប្រសិន​បើ​លោក​អ្នក​មាន​ជម្ងឺ​បាក់ស្បាត លោក​អ្នក​អាច​ទទួល​បាន​ការ​ព្យាបាល​ និង មាន​អារម្មណ៍​ធម្មតា​ឡើង​វិញ ។

 

តើ​នរណា​ខ្លះអាច​កើត​​​ជម្ងឺ​បាក់ស្បាត ?

ជម្ងឺ​បាក់​ស្បាត ​អាច​កើត​លើ​មនុស្ស​គ្រប់​ភេទ និង គ្រប់វ័យ ។ ​កុមារតូចៗ​​ក៏​អាច​កើត​ជម្ងឺ​បាក់ស្បាត​ដែរ ។ ទោះ​បី​លោក​​អ្នក​មិន​ទទួល​រង​ការ​ឈឺចាប់​ដោយ​ផ្ទាល់​ ក៏​លោក​​អ្នក​អាច​កើត​ជម្ងឺ​បាក់ស្បាត​ដែរ ឧទាហរណ៍ លោក​អ្នក​ឃើញ​មិត្តភក្តិ ឬ សមាជិក​គ្រួសារ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ ។ ទិដ្ឋភាព​ដ៏​សាហាវ​នោះ ​ចេះ​តែ​បន្ត​លេច​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ និង អារម្មណ៍​របស់​លោក​អ្នក​មិន​ឈប់​ឈរ ប្រៀប​ដូច​ជា​ខ្សែ​ភាព​យន្ត​ ដែល​លោក​អ្នក​បាន​ទស្សនា​ ហើយ​បន្ត​រូបភាព​នៃ​សកម្មភាព​នៅ​ក្នុង​ខួរ​ក្បាល​ជានិច្ច ដូច្នោះ​ដែរ ។ ចំណុច​ខុស​គ្នា​គឺ​នៅ​ត្រង់​ថា ទិដ្ឋភាព​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ ទោះ​បី​អាក្រក់ សហាវ​យ៉ាង​ណា ក៏​វា​មិន​បាន​បន្លាច ឬ បង្អាក់​​រាល់​ការ​សម្រេច​ចិត្ត ឬ សកម្មភាព​របស់​លោក​អ្នក​ដែរ ព្រោះ​ខួរ​ក្បាល​របស់​លោក​អ្នក​ចេះ​ទាត់​ចោល ឬ មិន​ខ្វល់​ចំពោះ​ទិដ្ឋភាព​នៅក្នុង​ខ្សែ​ភាព​យន្ត​នោះ ព្រោះ​វា​មិន​មែន​ជា​ការ​ពិត ។ ចំណែក​​​​ទិដ្ឋភាព​នៃ​ព្រឹត្តិការ​ណ៍ ​ដែល​បាន​កើត​ឡើង​​ក្នុង​​ឆាក​ជីវិត​ផ្ទាល់​របស់​លោក​អ្នក​វិញ វា​ចេះ​តែ​តាម​មក​លង​​រំខាន​ដល់​សកម្មភាព​របស់​លោក​អ្នក ធ្វើ​ឲ្យ​លោក​អ្នក​រួញរា ខ្លាច​រអារ ។

 

កត្តា​ចូលរួម​បង្ក​ឲ្យ​កើត​​​ជម្ងឺ​បាក់ស្បាត

ការ​រស់​នៅ​​ក្នុង​ស្ថានភាព​មួយ ឬ ការ​បាន​ជួប​ប្រទះ​ព្រឹត្តិការណ៍​មួយ​ ដែល​​បណ្តាល​ឲ្យ​​អ្នក​មាន​អារម្មណ៍​មួរម៉ៅ ឬ ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ថ្នាក់ អាច​បង្ក​ឲ្យ​កើត​ជម្ងឺ​បាក់ស្បាត ។ ស្ថានភាព​​​ចូលរួម​បង្ក​ឲ្យ​កើត​ជម្ងឺ​បាក់​ស្បាត​មាន​ដូច​ជា បុគ្គល​​​នោះ​​គឺ​ជា​ជន​រង​គ្រោះ​ផ្ទាល់ ឬ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​អំពើ​ហិង្សា, ​ មរណភាព​ ឬ ជម្ងឺ​ធ្ងន់ធ្ងរ​របស់​មនុស្ស​ជាទីស្រឡាញ់​ណា​ម្នាក់, ឆ្លង​កាត់​សង្គ្រាម ឬ ចូលរួម​ក្នុង​ចម្បាំង​នៅ​សមរភូមិ​ដោយ​ផ្ទាល់, គ្រោះ​ថ្នាក់​រថយន្ត ឬ​យន្តហោះ​ផ្ទុះ​​ធ្លាក់, គ្រោះ​ធម្មជាតិ​ដូច​ជា​ខ្យល់​​ព្យុះ​កំបុត​ត្បូង ខ្យល់​គួច ឬ ភ្លើង​ឆេះ,  ​អំពើ​ឧក្រិដ​យ៉ាង​សាហាវ ដូច​ជា​អំពើ​ប្លន់ ឬ បាញ់​សម្លាប់​ ។ មាន​ហេតុការណ៍​ផ្សេង​ទៀត​ជាច្រើន​ដែល​អាច​បណ្តាល​ឲ្យ​កើត​ជម្ងឺ​បាក់ស្បាត ។ ដូច្នេះ វិធី​ដ៏​ប្រសើរ​បំផុត សូម​អ្នក​​អញ្ជើញ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់ ប្រសិន​បើ​អ្នក​មាន​បញ្ហា​​រំខាន​អារម្មណ៍​របស់​អ្នក ឬ មនុស្ស​ណា​ម្នាក់​ដែល​អ្នក​ចង់​ជួយ ។

 

វិធី​សម្គាល់​ជម្ងឺ​បាក់ស្បាត

វេជ្ជបណ្ឌិត​របស់​អ្នក​អាច​ជួយ​អ្នក​បាន ។ សូម​ទូរសព្ទ ឬ ​ទៅ​ជួប​វេជ្ជបណ្ឌិត​របស់​អ្នក​​ដោយ​ផ្ទាល់​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ណា​មួយ​ដូច​ជា មាន​សុបិន្ត​អាក្រក់, នឹក​ឃើញ​​ឡើង​វិញ​នូវ​ហេតុការណ៍​អាក្រក់​​ ឬ មាន​អារម្មណ៍​ថា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​​មួយ​នោះ​ហៀប​នឹង​កើត​ឡើង​ជាថ្មី​ម្តង​ទៀត, ​កើត​មាន​គំនិត​ដ៏​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន​ដែល​អ្នក​មិន​អាច​ត្រួតត្រា​បាន, ចៀស​ឆ្ងាយ​ពី​ទី​កន្លែង ឬ វត្ថុ​ដែល​រំលឹក​ដល់​ហេតុការណ៍​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ, បារម្ភ​ច្រើន, មាន​វិប្បដិសារី,​ ស្រងូតស្រងាត់, មាន​អារម្មណ៍​ឯកោ, ដេក​មិន​លក់, ឆ្លេឆ្លា, ខឹងច្រឡោត  ឬ នឹក​គិត​ចង់​​ធ្វើ​បាប​រាងកាយ​ខ្លួនឯង ឬ អ្នក​ដទៃ ។ ចំណែក​កុមារ ដែល​មាន​ជម្ងឺ​បាក់ស្បាត​​បង្ហាញ​អាការៈរោគ​ខុស​ប្លែក​​ពី​មនុស្ស​ពេញវ័យ​ ដូច​ជា បង្ហាញ​អាក្បកិរិយា​ដូច​ជា​​កាល​ពី​នៅ​អាយុ​ក្មេង​, មិន​អាច​និយាយ​ចេញ, ត្អូញត្អែរ​ថា​ចេះ​តែ​ចុក​ពោះ ឬ ឈឺ​ក្បាល, បដិសេធ​មិន​ព្រម​ទៅ​កន្លែង​ផ្សេង​ៗ ឬ ចូលរួម​លេង​ជាមួយ​នឹង​​មិត្ត​ភក្តិ​ដទៃ​ទៀត ។

 

តើ​ជម្ងឺ​បាក់ស្បាត​ចាប់​ផ្តើម​នៅ​ពេល​ណា ?

មនុស្ស​ម្នាក់ៗ​កើត​​មាន​ជម្ងឺ​បាក់ស្បាត​​នៅ​ពេល​ខុសៗ​គ្នា ។ សញ្ញា​នៃ​ជម្ងឺ​បាក់ស្បាត​ចាប់​ផ្តើម​ភ្លាមៗ​បន្ទាប់​ពី​​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ រួច​ហើយ​វា​ក៏​បន្ត​មាន​​ជាប់​រហូត​ទៅ ។ មនុស្ស​ខ្លះ​ទៀត​​ចាប់​ផ្តើម​មាន​សញ្ញា​​ថ្មី ឬ សញ្ញា​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ នៅ​ក្នុង​រយៈ​ពេល​ច្រើន​ខែ ឬ ច្រើន​ឆ្នាំ​ក្រោយ​មក ។ ​

 

តើ​​អ្នក​ជម្ងឺ​បាក់ស្បាត​អាច​ជា​សះស្បើយ​​របៀប​ណា ?

វេជ្ជបណ្ឌិត​ ឬ អ្នក​ឯកទេស​​ផ្នែក​ផ្លូវ​ចិត្ត ដែល​មាន​បទ​ពិសោធន៍​ ខាង​ព្យាបាល​មនុស្ស​មាន​ជម្ងឺ​បាក់ស្បាត អាច​ជួយ​អ្នក​បាន​នៅ​ក្នុង​​បញ្ហា​នេះ ។ វិធី​ព្យាបាល​​អាច​​រួម​បញ្ចូល​ទាំង វិធី​​ព្យាបាល​ដោយ​ “ការ​បណ្តោយ​ឲ្យ​អ្នក​ជម្ងឺ​​រៀបរាប់​រឿងរ៉ាវ​​”, ការ​ប្រើ​ថ្នាំ​ពេទ្យ ឬ វិធី​រួមផ្សំ​ចម្រុះ​នៃ​វិធី​ទាំង​ពីរ​ខាង​ដើម ។ ការ​ព្យាបាល​អាច​ត្រូវ​ចំណាយ​ពេល​ចាប់​ពី ៦ ទៅ ១២​ សប្តាហ៍ ។ មនុស្ស​ខ្លះ​ត្រូវ​ការ​រយៈ​ពេល​វែង​​ជាង​នោះ ។ វិធី​ព្យាបាល​មិន​មែន​សុទ្ធ​តែ​ដូច​គ្នា​សម្រាប់​មនុស្ស​​គ្រប់​គ្នា​នោះ​ទេ ។​ វិធី​​ព្យាបាល​ដែល​កប​នឹង​ជម្ងឺ​របស់​អ្នក​ អាច​នឹង​មិន​កប​ជា​មួយ​នឹង​មនុស្ស​ផ្សេង​ទៀត ។ ការ​ផឹក​ស្រា ឬ ប្រើ​​គ្រឿង​​ញៀន​​ផ្សេងៗ នឹង​មិន​ជួយ​បន្ធូរ​បញ្ហា​ជម្ងឺ​បាក់ស្បាត​ឡើយ ហើយ​ជួន​កាល​វា​​អាច​នឹង​បង្ក​ឲ្យ​បញ្ហា​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ក៏​មាន ។ ​(នៅ​មាន​ត)