‹ទស្សនៈនយោបាយ› បោះឆ្នោតសាកល២០១៦, ហេតុអ្វីក៏‹ឌណល ត្រម›ឈ្នះ

ដោយពិន សំខុន

ខុសពីវប្បធម៌នៃការបោះឆ្នោតមុនៗ លោកបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ឌណល ត្រម បានរំលោភគ្រប់ជំហ៊ានសីលធម៌ ដើម្បីឃោសនាយកជ័យជំនះលើគូរប្រគួតម្តងមួយៗ ចំនួន១៦គូរ រហូតដល់ចុងបញ្ចប់នៅខែទី២០ ដែលលោកត្រូវប្រកួតជាមួយនឹងបេក្ខនារីខាងគណបក្សប្រជាធិបតេយ្យ ហ៊ីឡារី គ្លីងតុន ដែលនៅលើបច្ចេកទេសដដែល លោកទទួលជ័យជំនះជាថ្មីម្តងទៀត ដែលអង្គការសារពត៌មានខ្លាំងទាំងប៉ុន្មាន គ្មាននរណាទាយត្រូវថា‹ឌណល ត្រម›អាចឈ្នះបានឡើយ។ តើមានអភូតហេតុអ្វីដែលរំខានមិនឱ្យអង្គការសារពត៌មានទាយត្រូវដូចសព្វមួយដងយ៉ាងនេះ?

លទ្ធផល  នៅក្នុងសេចក្តីថ្លែងការណ៍របស់ ត្រម មានសារជាច្រើនដែលប៉ះអារម្មណ៍ម្ចាស់សន្លឹកឆ្នោត

១-យោងតាមបុព្វហេតុនៃវប្បធម៌បោះឆ្នោតមុនៗ – លោក ត្រម មិនអាចជាប់ឆ្នោតបានទេ បើកាលណាមានអត្តចារឹក ប្រើពាក្យអសុរសដាក់គូរបដិបក្សរបស់ខ្លួន ដូចជាហៅថា‹ជនក្រខ្វក់› ‹ជនសម្រាម› ‹ជនជាប់គុក›…  – បើកាលណាប្រើពាក្យមិនសមរម្យ‹នាងឯងមិនសមនឹងខ្ញុំតាមទេ› ឬ មានភស្តុតាងថាបានប្រព្រឹត្តមិនគប្បីដាក់ស្ត្រីភេទ‹ចែចង់ស្ទាបអង្អែល› – បើកាលណា មានបញ្ហាសង្គម ដូចជា‹ប្រើកម្មករសំណង់ក្រោមតម្លៃទាបបំផុតកំរឹតដោយច្បាប់› ដូចជា‹មិនបង្ហាញវិក័យប័ត្រ

ថាបានបង់ពន្ធជូនជាតិ› ការប្រើពាក្យមិនពិតរាប់មិនអស់ បន្តុះបង្អាប់គូរបដិបក្ស រួចហើយ‹ប្រកែកថាមិនបាននិយាយ›… ទាំងអស់នេះសុទ្ទតែជាបុព្វហេតុ ដែលអ្នកបោះឆ្នោតអាមេរីកាំងមិនដែលបោះឆ្នោតឱ្យបេក្ខជនរបៀបនេះទេ។

២-យោងតាមបុព្វហេតុសមត្ថភាព – លោក ឌណល ត្រមមិនដែលធ្វើជាតំណាងរាស្ត្រ ជាអភិបាលរដ្ឋ ជាសមាជិកសភាតណាងរាស្ត្រ ឬ សមាជិកព្រឹទ្ធសភា ម្តងណាទេ ម្លោះហើយគ្មានបទពិសោធន៍ខាងនយោបាយ ខាងគ្រប់គ្រងនគរ គ្រប់គ្រងប្រជាជាតិនឹងធ្វើច្បាប់ម្តងណាទេ។ បន្ថែមពិនេះទៀត ឌណល ត្រម មិនដែលគ្រប់គ្រងក្នុងរដ្ឋាភិបាល នឹងគ្មានបទពិសោធន៏ខាងទំនាក់ទំនងកិច្ចការបរទេសអ្វីទាល់តែសោះ លោក ឌណល ត្រម ឡើងកាន់សេដ្ឋវិមាននៅឱកាសដែលប្រជាជាតិមានទំនាស់ដ៏តឹងតែងជាមួយ‹រដ្ឋអ៊ីស្លាម›, ជាមួយចិន, ជាមួយជនអន្តោប្រវេសន៍… ហើយពិសេសទៅទៀតនោះ លោក ឌណល ត្រម ក៏មិនដែលគ្រប់គ្រងវិស័យយោធារបស់សហរដ្ឋអាមេរីក ទាល់តែសោះ… ដែលជាហេតុឱ្យគេឆ្ងល់ថា ហេតុអ្វីក៏អ្នកបោះឆ្នោតដ៏ច្រើនម្លឹងៗ នាំគ្នាប្រថុយប្រថានអ្វីខ្លាំងម្លេះ? ដូចពេលបោះឆ្នោតមុនៗ ពលរដ្ឋមិនអាចបោះឆ្នោតឱ្យ ឌណល ត្រម បានទេ។

៣-យោងតាមការគាំទ្ររបស់គណបក្សសាធារណរដ្ឋ – លោក ឌណល ត្រម ឈរឈ្មោះបានតាមគោលការណ៍ច្បាប់គណបក្ស មិនមែនដោយការគាំទ្រណាមួយទេ។ ឌណល ត្រម ឈរឈ្មោះរួចហើយ ត្រូវប្រឈមមុខនឹងបេក្ខជនគណបក្សសាធារណរដ្ឋ១៥នាក់ទៀត ដែលយ៉ាងហោចណាស់ក៍មានចំនួនពាក់កណ្តាលដែរ ដែលមានបទពិសោធន៍ខាងនយោបាយ ខាងរដ្ឋបាល ខាងកិច្ចការបរទេស ខាងកិច្ចការយោធា ច្បាស់លាស់ ជាង ឌណល ត្រម ដូចជា ប៊ូស – …  ជាដើម។ នៅពេល ឌណល ជម្រុះអ្នកទាំង១៥ ដោយពាក្យអាសុរសជាច្រើន នឹងដោយប្រយោគមិនពិត ឬ មើលងាយ ម្តងមួយៗ ធ្វើឱ្យបេក្ខជនដែលឈរឈ្មោះប្រជែង ដកខ្លួនចេញទាំងអាម៉ាស ពិសៃវានជជែកពិភក្សា រហូតដល់បានការតែងតាំ់ងជាតំណាងគណបក្សសាធាររដ្ឋជា‹បេក្ខជនប្រធានាធិបតី›នៅមហាសន្និបាទបាន តែមិនមានការគាំទ្រពីតំណាងជាន់ខ្ពស់របស់គណបក្សទេ នេះគឺជារឿងចម្លែករបស់ ដណល ត្រម។ បន្ថែមពីនេះ ឌណល ត្រម មិនប្រើ‹ថវិកាឃោសនាបោះឆ្នោត›ពីសាធារណជនដែលធម្មតា បេក្ខជនតែងលុយពីមហាសេដ្ឋីនៃគណបក្សរបស់ខ្លួនដូចពេលមុនៗទេ គេឃើញអ្នកដែលខកខានមិនបានឱ្យលុយឃោសនានោះមានការខឹងសម្បា ដោយត្រូវយកលុយនោះទៅ‹បង់តាក់›ទៅវិញ រឹតតែបាត់បង់មិត្តមួយក្រុមទៀត។
នៅលើលទ្ធផលផ្ទុយពីទម្លាប់របៀបនេះ អ្នកវិភាគជាច្រើន នឹងខ្មែរផុសស.រ.អា. បានបញ្ចេញយោបល់ថាៈ

ក-ពលរដ្ឋអាមេរីកាំងមានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះនយោបាយ៨ឆ្នាំរបស់‹អូបាម៉ា› មកពីគណបក្សប្រជាធិបតេយ្យ ដែលមិនមិនត្រឹមតែមិនបានលើកដំកើងជីវភាពពលរដ្ឋ ថែមទាំងធ្វើឱ្យធ្លាក់ចុះស្តារឡើងមិនបាន – ពលរដ្ឋទាំងនោះក៏អន់ចិត្តនឹងសមាជិកថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋដូចគ្នាដែរ ដែលមិនហ៊ានវះកាត់ឱ្យដាច់ណាត់ ប្តូរចរន្តនយោបាយឱ្យជ្រះស្រឡះពីចរន្តចាស់គម្រិល។ ថ្វីត្បិតតែ ហ៊ីឡារី គ្លីងតុង មានប្រជាប្រីយភាពខ្លាំងក៏ដោយ នឹងនៅតែ‹បន្តរនយោបាយចាស់›របស់ បារ៉ាក់ អូបាម៉ា ដដែល – ម្យ៉ាងទៀតអ្នកនយោបាយខាងគណបក្សសាធារណរដ្ឋពីមុនៗមក ក៏មិនបានកែរទម្រង់សហរដ្ឋអាមេរីកឱ្យស៊ីជម្រៅបានតាំងតែពីជំនាន់ ឌណល រ៉េហ្គាន់(១៩៨១-៨៩)មកម្លេះបាន។ ម្លោះហើយពួកវណ្ណៈកណ្តាលអាមេរីកាំង ដែលកាន់កាប់សន្លឹកឆ្នោតដ៏សន្ធឹកសន្ធាប់នោះ គេត្រូវតែប្តូរនយោបាយឱ្យផុតពិអតីតកាលឱ្យបាន គឺឱ្យឈ្នះលើគណបក្សប្រជាធីបតេយ្យ នឹង ឱ្យឯករាជ្យពីគណបក្សសាធារណរដ្ឋចេញ។ ឌណល ត្រម ចេញមក‹ចំពេលនឹងចំសេចក្តីត្រូវការ›របស់ម្ចាស់ឆ្នោតទាំងឡាយនោះ ដោយសារជា‹កំពូលអ្នកមាន›ដែលគេជឿដោយឃើញនឹងភ្នែកថាមានសមត្ថភាពដឹកនាំសេដ្ឋកិច្ចបាន ដែលគេជឿថានឹងខុសពីអ្នកឯទៀតៗដោយចារឹករឹងរូសធ្វើការដោយ‹គ្មាននរណាទាយត្រូវជាមុន› ដែលគេជឿថា‹អាមេរីកត្រូវតែត្រឡប់ទៅជាអស្ចារ្យម្តងទៀត›វិញដូចជំនាន់‹រ៉េហ្គាន់›ជាមួយនឹងការដឹកនាំថ្មីស្រឡាងមួយ។

ខ-បច្ចេកទេសនៃការឃោសនា គឹយកពិបទពិសោធន៍នៃការដណ្តើមទីផ្សារសេដ្ឋកិច្ចពិដៃគូរប្រជែងគ្នា, ឌណល បាននិយាយពីបច្ចកទេសនោះហើយថា‹គេរំលោះគូរប្រជែងមួយម្តងៗ រួចហើយនៅសល់តែ ហ៊ីឡារី តែម្នាក់ឯងវាជាការងាយស្រួលបំផុត›។ ពីអ្នកឯទៀត នៃគណបក្សជាមួយគ្នាអ្នកទាំងនោះត្អូញត្អែពីការនិយាយបំប្លើសពីការពិត ពីស្ថានភាពនយោបាយជាច្រើន ដែលបានកើតឡើង តាមរយសម្តីរបស់ ឌណល ត្រម ក្នុងរូបភាពគួរឱ្យឆ្អើម ស្អុយរលួយ ឬក៏ បរាជ័យ ដែលក្នុងទម្លាប់នឹងសីលធម៌ របស់គូប្រជែងទាំងនោះមិនអាចតបតនឹង ឌណល ក្នុងវិធីសាស្ត្រដូចគ្នាវិញបាន ក្រៅតែពីការដកខ្លួនកុំឱ្យការតិះដៀលវាធ្វើឱ្យឈឺចាប់ខ្លាំងពេក។ ហ៊ីឡារី គ្លីងតុង ប្រឈមមុខនឹង ត្រម ក៏រងសម្ពាតដូចគ្នា ខំប្រឹងឆ្លើយតបតរតាមដោយប្រើពាក្យអាសុរសដូចគ្នា ក៏បាត់បង់ប្រជាប្រីយភាពដែលខ្លួនមិនអាចទ្រាំទ្របាន, ចំណែក ត្រម វិញបាត់បង់ប្រជាប្រីយភាពដូចគ្នាតែពុំមានប្រតិកម្មអ្វីទាំងអស់ ថែមទាំងរឹតតែផ្គើនទៅទៀត ពីព្រោះវាជាពាណិជ្ជកម្មដែលគេត្រូវយក‹ភ្ញៀវ›ឱ្យបាន។ នៅពេលដែល ហ៊ីឡារី បញ្ឈប់ការតបតរដោយពាក្យអសុរស នៅ២សប្តាហ៍ចុងក្រោយ ពេលនោះហើយដែលសារធារណជនយល់ថា ហ៊ីឡារី ពិតជាខុសមែនហើយ! រឿង‹អ៊ីមែលខុសច្បាប់›ដែល‹អេហ្វប៊ីអាយ›មិនមានចោទប្រកាន់អ្វីទៀតនោះ ក៏ ហ៊ីឡារី នៅតែខុស មិនអាចឈប់បានឡើយ។

គ-ចរន្តនយោបាយសហរដ្ឋអាមេរីកពេលនេះ គឺ‹ចរន្តផ្លាស់ប្តូរ› រីឯ ហ៊ីឡារី គ្លីងតុន ជាបេក្ខជនដ៏ខ្លាំងម្នាក់មកឈរឈ្មោះនៅពេលនេះគឺជា‹ចរន្តបន្តរ› ដូច្នេះសម្រាប់អាមេរីកាំង‹វណ្ណៈកណ្តាល›គឺជាការផ្គើន ដែលតម្រូវឱ្យមាន‹ការរើបម្រាស›។ គេទើបនឹងឃើញឧទាហរណ៍នៃ‹ការរើបម្រាស›របៀបនេះ នៅចក្រភពអងគ្លេសពេលឆ្នាំមុននេះសោះ, ប្រទេសអង់គ្លេសជាមហាអំណាចនៅអឺរ៉ុប ដែលបានផ្តួចផ្តើមបង្កើត‹សហភាពអឺរ៉ុប›ឥឡូវរួមប្រជុំដោយប្រទេសចំនួន២១, ដោយស្ថានភាពសេដ្ឋកិច្ចដុនដាប មិនអាចងើបរួច ភេរវករមកដាក់គ្រាប់បែកឱ្យផ្ទុះកណ្តាលក្រុង‹ឡុងដុន› ពលរដ្ឋអស់សង្ឃឹមនឹងនៅក្នុងសម្ព័ន្ធភាពអឺរ៉ុបបាន ក៏បោះឆ្នោតប្រជាមតិ‹ប្រឆាំងនឹងយោបល់រដ្ឋាភិបាល›, បញ្ជាឱ្យដកខ្លួនចេញពី‹សហភាពអឺរ៉ុប›ភ្លាមដែរ ដែលគេឱ្យឈ្មោះថា‹Brexit›រដ្ឋាភិបាលដែលគាំទ្រឱ្យ‹នៅ› បានដួលរល៉ហើយជំនួសដោយរដ្ឋាភិបាលថ្មីមួយទៀត ដែលមានភារកិច្ចធ្វើឱ្យចក្រភពអង់គ្លេស‹អស្ចារ្យសាជាថ្មី›មកវិញ។ត្រង់នេះ អូបាម៉ា មានយោបល់ថា‹មិនដូច Brexit ទេ មានចរន្ត២ដែលនាំឱ្យមានការព្រួយបារម្មយ៉ាងនេះ គឺចរន្តសាធារណរដ្ឋ ឌណល ត្រម នឹងចរន្តមួយទៀត ប៊ឺនី សិនឌើ ខាងគណបក្សប្រជាធិបតេយ្យ ដែលបង្ករបានជាកម្លាំងថ្មីចង់ផ្លាស់ប្តូរនេះ។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ានៅពេលជួបប្រាស្រ័យទាក់ទងដំបូងជាមួយប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម បានឱ្យយោបល់ថា‹សម្តីបេក្ខជនប្រធានាធិបតី មិនដូចគ្នានឹងសម្តីប្រធានាធិបតីទេ ដែលតែនិយាយហើយ មានអ្នកផ្សេងទៀតស្តាប់ឰ ហើយយកទៅអនុវត្តន៍ភ្លាម›។

តើចរន្តបោះឆ្នោតនៅសង្កាត់លេខ១៨ម៉ាសាឈូសិតមានន័យយ៉ាងណា?

សហគមន៍ខ្មែរជាច្រើន នៅសង្កាត់លេខ១៨ មានការមិនទុកចិត្តចំពោះបេក្ខជន រ៉ាឌី ម៉ម ចាប់តាំងពីបោះឆ្នោតឆ្នាំ២០១៤ចប់ភ្លាមមកម្លេះ, ខេមរា កៃ ក៏បានលេចចេញជាបេក្ខជន ដែលតំណាងឱ្យសហគមន៍ខ្មែរអ្នកមិនសប្បាយចិត្តទាំងនោះភ្លាមដែរ។
អ្នកដែលគាំទ្រខាងតំណាងរដ្ឋ រ៉ាឌី ម៉ម ចរន្តក្រុមស្បែកស នៅសភាបូស្តុន នៅសាលាក្រុង នៅក្នុងគណបក្សប្រជាធិបតេយ្យ នឹងមានអ្នកដែលចង់ឃើញមានវិនិយោគពីភ្នំពេញមកកាន់ក្រុងឡូវែល – បន្ថែមពីនោះ នៅមានសហជីពគ្រូបង្រៀនដ៏សំខាន់មួយដែលមិនចង់ឃើញសាលា‹ឆាទ័រស្គូល›រីកចំរើន គេបោះឆ្នោតឱ្យ រ៉ាឌី ដែល‹ប្រឆាំងនឹងឆាទ័រស្គូល›។ នៅមានចរន្តមួយទៀតដែលរួមគណបក្សធំទាំង២បាន គឺអ្នកដែលមិនស្គាល់សហគមន៍ខ្មែរច្បាស់លាស់, ខ្លាចសហគមន៍ខ្មែររួមគ្នាបានដោយសារតែរឿងនយោបាយស្រុកខ្មែរ, មានកម្លាំងច្រើនហើយឯករាជ្យតែខ្លួនឯង, អ្នកទាំងនោះគេបោះឆ្នោតឱ្យ រ៉ាឌី ម៉ម ពីព្រោះមានមិត្រភក្ត្រច្រើនក្នុងចំណោមក្រុមស្បែកស ដែលមិនចង់ឰរឿងស្រុកខ្មែរ។ លទ្ធផលគឺ នៅសង្កាត់លេខ១៨ មានអ្នកចុះឈ្មោះបោះឆ្នោតជាង១,២ម៉ឺននាក់ អ្នកចេញទៅបោះឆ្នោត បាន៥៣%(ធម្មតាបានតែ២០-៣០%ប៉ុណ្ណោះ)គេបានបោះឱ្យតំណាងរដ្ឋ រ៉ាឌី ម៉ម ជិត៨ពាន់នាក់, បោះឱ្យ ខេមរា កៃ ជាង៣ពាន់នាក់។រហូតមកដល់ថ្ងៃបោះឆ្នោតទៅហើយក្តី សហគមន៍ខ្មែរ រាប់ទាំង‹ខ្មែរផុសស.រ.អា.›ផង នៅតែជឿនៅឡើយថា ខេមរា កៃ អាចមានសង្ឃឹមនៅឡើយ ដោយខាងសហគមន៍ខ្មែរមានការគាំទ្រច្រើនពេក, តែលទ្ធផលបញ្ជាក់ផ្សេងទៅវិញ ការបោះឆ្នោតលើកនេះ‹ចរន្តផុស›ខុសធម្មតា បានកើតគ្រប់កន្លែង។

សហគមន៍ខ្មែរនៅតែគេថា‹ចេះតែបែកបាក់គ្នា›ដដែល ដោយមានខ្មែរ២នាក់ឈរឈ្មោះប្រជែងគ្នាលើដំណែងតែមួយ។ នៅឡូវែលអ្នកជាប់ នឹងអ្នកធ្លាក់ឆ្នោតទាំង២នាក់ មិនទាន់រករូបមន្តសម្រាប់បង្ហាញថា‹មានការជានាគ្នាក្នុងសហគមន៍›នៅឡើយទេ, ម្ចាស់ឆ្នោតចង់ឃើញថា ក្នុងតួរនាទីបង្រួបបង្រួមសហគមន៍ខ្មែរនោះ អ្នកទាំងពីឥឡូវនេះដើរតួរជាអ្នកតំណាងក្រុមអ្នកឈ្នះនឺងអ្នកចាញ់បានហើយ តើមានគម្រោងយ៉ាងណាដែរដើម្បីកសាងសង្គមជាដើមកំណើតរបស់ខ្លួននោះ?