ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង

ដោយ ពិន សំខុន

ថ្ងៃ២០កក្កដា២០១៧ គឺមួយថ្ងៃបន្ទាប់ពីពីធីបុណ្យអុំទូកនៅឡូវែលគ្រួសារយើងមានគ្នា៣នាក់គឺ សូបិន – សំខុន នឹង ប៉ុណ្ណារ៉ូ បានចេញដំណើរទៅទីក្រុងប៉ារីស ដែលជាប្រទេសដែលសំខុនធ្លាប់រស់នៅច្រើនឆ្នាំ ហើយសូបិន នឹង ប៉ុណ្ណារ៉ូ ក៏ធ្លាប់ទៅ

លេងបងប្អូនគេ ២-៣ដងហើយដែរ។ សូបិនចូលចិត្តទៅទស្សនារមនីយដ្ឋានប្រវត្តិសាស្ត្រនានាដ៏ច្រើនអស្ចារ្យ ណែនាំដោយអ្នកឯកទេស ចំណែកប៉ុណ្ណារ៉ូ ចូលចិត្តកន្លែងកំសាន្តតាមក្មេងអាយុ៧ឆ្នាំ រួមចំណែកដោយបងប្អូនគេដែលនៅក្មេងៗដូចគ្នា។ តែដំណើរលើកនេះរអាក់រអួលដោយផ្នែករដ្ឋបាលបារាំងបានផ្លាស់ប្តូរ ដែលយើងមិនបានដឹងជាមុន។

Visa ឬ ទិដ្ឋាការចូលទៅសហភាពអឺរ៉ុបៈ      នៅពេលចេញដំណើរមកដល់ យើងបានពិនិត្យទឹដ្ឋាការចេញចូលនឹងលិខិតឆ្លងដែនរបស់ទាំងអស់គ្នា ថាត្រឹមត្រូវគ្រប់គ្រាន់ហើយ ថែមទាំងទូរស័ព្ទទៅសួរកុងស៊ុលបារាំងនៅបូស្តុន ឱ្យបញ្ជាក់ពីការផ្លាស់ប្តូរក្នុងច្បាប់ គេបានឆ្លើយប្រាប់យើងថា‹សម្រាប់អ្នកដែលទៅលេងប្រទេសបារាំងក្នុងរយៈពេលខ្លី មិនមានអីផ្លាស់ប្តូរទេទៅសុំ វិសា អីទេ ឱ្យតែលិខិតឆ្នងដែនមានសុពលភាពគ្រប់គ្រាន់› ដូច្នេះយើងទាំងអស់គ្នាដែលមាន‹ប៉ាសព័រ›អាមេរីកាំង‹អិចស្បាយ›ក្រោយពីពេលត្រឡប់មកអាមេរីកវិញ នឹងមិនមានបញ្ហាអ្វីទេ។ នៅពេលទៅដល់មុខទ្វារចូល បុគ្គលិកយន្តហោះមិនអនុញ្ញាត្តិឱ្យ ប៉ុណ្ណារ៉ូ ចូលទេ ដោយ‹ប៉ាស្ព័រ›នោះ‹អិចស្បាយ›នៅត្រឹមតែ២ខែខាងមុខប៉ុណ្ណោះ គេតម្រូវឱ្យ‹ប៉ាស្ព័រ›ទាំងអស់ មានភាពត្រឹមត្រូវរហូតដល់៣ខែទើបស្របច្បាប់ស្រុកបារាំងនោះ ពីដើមមិនពិបាកដូចអីចឹងទេ ។ យើងបានសម្រេចប្តូរថ្ងៃចេញដំណើរ១ថ្ងៃ រង់ចាំពេលស្អែកនឹងទៅបន្តរ‹ប៉ាស្ព័រ›ឱ្យប៉ុណ្ណារ៉ូ នៅបូស្តុននាពេលព្រឹកឡើង យើងក៏ជួលបន្ទប់សំណាក់១យប់ នៅក្បែរវាលយន្តហោះ… តែវាស្នាអាក្រក់ ស្អែកឡើងទៅដល់ទីស្នាក់ការប៉ូលីសអន្តោប្រវេសន៍ យើងចាំម៉ាអស់ចិត្ត គេថាម៉ាស៊ីនធ្វើប៉ាស្ព័រវាខូច គ្មានសង្ឃឹមថាជួសជុលបានថ្ងៃនេះទេ គេអនុញ្ញាត្តិឱ្យយើងទៅធ្វើប៉ាស្ព័រ‹ប្រញាប់›នៅ‹ញូហំស័រ›បាន … តែវាស្នាអាក្រក់មកដល់ជាន់គ្នាម្តងទៀត, នៅពេលទៅដល់ទីនោះនាម៉ោងប្រមាន១រសៀល គេថាម៉ាស៊ិនគេទើបនឹងខូចនាកន្លះម៉ោងមុននេះ ដូច្នេះយើងត្រូវចាំបន្តិចក្រែងវាដើរមកវិញ តែអកុសលម៉ាស៊ីននោះ មិនបានដើរវិញទេ… យើងបានសម្រេចថា‹ដើម្បីកុំឱ្យខូចគម្រោងទាំងមូល ក៏ត្រឡប់មកវាលយន្តហោះប្តូរគម្រោង, ឱ្យសំខុនចេញដំណើរមកប៉ារីសជាមុន ប្រសិនបើមានការថ្លោះធ្លោយអ្វីផ្សេងទៀត ក៏បានមនុស្សម្នាក់ ចេញដំណើរទៅដែរ…›។ នៅពេលសំខុនអង្គុយក្នុងកៅអីយន្តហោះ វេលាម៉ោងជិត៦រសៀលទៅហើយ សូបិនបានទូរស័ព្ទប្រាប់សំខុនថា‹ខាងប៉ូលីសគេហៅមកប្រាប់ថា ប៉ាស្ព័រគេធ្វើរួចហើយ…›តែវាហួសពេលសម្រាប់យើងធ្វើដំណើររួមគ្នាទៅហើយសម្រាប់ថ្ងៃនេះ…ថ្ងៃស្អែកម្តងទៀតទើបចេញដំណើរបាន វេលាម៉ោង៦ដដែល… គួរឱ្យខឹងណាស់! ការផ្លាស់ប្តូរជាតឹងតែងជាងមុននេះ បណ្តាលមកតែទំនាក់ទំនងមិនល្អរបស់សហរដ្ឋអាមេរីកចំពោះសហគមន៍អឺរ៉ុប ទើបគេរឺតបន្តឹងតែបន្តិចសោះ យើងឯណេះត្រូវចាយលុយឱ្យស្របច្បាប់ថ្មី អស់ប្រមាណជា៥០០ដុល្លាបន្ថែមទទេទៅ។ ចេញដំណើរថ្ងៃទី២០ ទាល់តែថ្ងៃទី២៣ទើបសំខុនមកដល់ រីឯ សូបិន នឹងប៉ុណ្ណារ៉ូ ទាល់តែថ្ងៃទី២៤ក៏បានមកដល់បន្ទាប់គ្នា ហើយអ្នកមកទទួលឯវាលយន្តហោះ‹ឆាលឌឺគ្ហោល›នាទីក្រុងប៉ារីស ក៏ត្រូវប្តូរថ្ងៃទៅតាមនោះយ៉ាងវេទនា…។

មកដល់ប៉ារីសជុំគ្នា ហើយជាកន្លែងដែលសំខុនធ្លាប់រស់នៅច្រើនឆ្នាំ នឹកឃើញទៅដល់តំបន់ចាស់២ដែលបានប្លាស់ប្តូររូបរាង យើងនៅរក្សាទឹកមុខរីករាយបាននៅឡើយ, សំខុននឹងនាំសូបិននឹងប៉ុណ្ណារូ ទៅទស្សនារមនីយដ្ឋានដែលថ្មីស្រឡាង នឹងស្រស់បំព្រងប្រកបដោយប្រវត្តិសាស្ត្រសម្រាប់អ្នកទាំង២ ប្រាកដជាផ្តល់អារម្មណ៍ថ្មីទាំងអស់គ្នាជាមិនខាន តែមុននឹងប្តើមទស្សនារមនីយដ្ឋានទាំងនោះ យើងត្រូវសម្រាកកាយឱ្យបានពេញមួយថ្ងៃ នៅ‹សង់លូឡេវីញ នៅផ្ទះបងប្រុស សំខុន ដែលជាភូមិចាស់មួយនៅមិនឆ្ងាយពីតំបន់ប្រវត្តិសាស្ត្រធំៗ ទាំងប៉ុន្មានទេ។

១-ប្រាសាទដឺវែសាយ – Chateau de Versaille


ថ្ងៃទី២៦សីហា, យើងបានទៅទស្សនាប្រាសាទ‹‹ដឺវែសាយ››ដែលជាក្រុងចាស់របស់ស្តេចចុងក្រោយបង្អស់ របស់ស្តេចបារាំង ល្វី១៣-ល្វី១៤-ល្វី១៥ ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូមែត្រ ខាងលិចក្រុងប៉ារីស ដែលបានរក្សារាជានិយមឱ្យបារាំង រហូតដល់ឆ្នាំ១៧៨៩ គឺជាឆ្នាំបដិវត្តរបស់ប្រជាពលរដ្ឋបារាំង ដើម្បីរំលំរាជានិយមប្រទេសគេ រហូលដល់មានការកាត់ក្បាលស្តេចល្វី១៥ នឹងព្រះញាតិវង្សខ្លះទៀត ហើយមានឹងមានការរំលាយគុកធំឈ្មោះ‹ឡាបាស្ទីយ – La Bastille››ហើយពេលនោះមានការប្រកាសប្រទេសបារាំងជា‹សាធារណរដ្ឋបារាំង› តាំងពីពេលនោះមក។

ព្រះបរមរាជវាំងដែលបានរកឃើញទីតាំងរបស់ខ្លួន កាលពីឆ្នាំ….. នៅកន្លែងបរបាញ់សត្វព្រះរាជាជំនាន់មុន នាសតវត្យទី១១ ស្តេច‹ណាប៉ូឡេអុង› បានប្តើមសង់ប្រាសាទនៅកន្លែងនោះ ដើម្បីបំពេញបំណងស្នេហារបស់ខ្លួន ថ្វាយព្រះនាង‹ម៉ារី អង់ត្វាណែត› បន្តរបន្ទាប់មក ស្តេចអង្គឯទៀតៗ ក៏បន្តរស្នាដៃសំណង់ ឱ្យទៅជាព្រះបរមរាជវាំង រួចមកក៏ក្លាយជារាជធានីចក្រភពបារាំង រហូតចប់ទីបញ្ចប់នៃរាជានិយមបារាំងនោះទៅ។

ថ្វីត្បិតតែមានកលិយុកផ្ទៃក្នុង ដ៏ខ្លាំងក្លា នៅវែសាយ នឹងនៅពេញទាំងប្រទេសក៏ដោយ ព្រះរាជវាំង‹វែសាយ›ដែលមានវិសាលភាពធំទូលាយ លាតសន្ធឹងលើផ្ទែដីរាប់ពាន់ហិចតា ទាំងប្រាង្កប្រាសាទ ទាំងសួនឱទ្យាន មានការថែរក្សាសោភ័ណ្ឌភាព រូបចម្លាក់ ផ្ទាំងគំនូរនិយាយពីជីវិតក្នុងវាំង ពីស្នាដៃព្រមហាក្សត្រ ពីព្រឹត្តការណ៍ធំៗដែលបានកើតឡើង នៅសែសសល់យ៉ាងច្រើនសន្ធឹក, លើកលែងតែសង្ហារឹមខ្លះៗ បានត្រូវបាក់បែកខូចខាត បាត់បង់ជាមួយនឹងមហាបដិវត្តន៍មហាជនខ្លះទៅហើយដែរ។

យើងបាននាំក្រុមគ្រួសារទៅដល់ក្រុង‹វែសាយ› ដែលមិនត្រឹមតែជាការទស្សនាប្រាសាទតែប៉ុណ្ណោះទេ គឺទៅទស្សនាក្រុងចាស់ទាំងមូល ដែលជារាជធានីបារាំងមុនឆ្នាំ១៧០០ ជារាជធានីដ៏អស្ចារ្យ ប្រកបដោយសំណង់ប្រណិតក្បាច់ក្បូរសិល្បៈកំរឹតខ្ពស់ សម្រាប់មន្ត្រី នឹងទិប្រជុំជនពាណិជ្ជកម្មចាស់  យើងបានប្រើពេលពេញមួយថ្ងៃ ពុំអាចមើលទីដ៏អស្ចារ្យនោះបានសព្វគ្រប់បានទេ, ទេសចរជាតិនឹងបរទសរាប់ពាន់ម៉ឺននាក់ បានមកប្រជ្រៀតគ្នាបន្តរកន្ទុយរង់ចាំវេនចូលទស្សនាអច្ឆរីយវត្ថុបារាំង នេះជារៀនរាល់ថ្ងៃមិនចេះចប់ទាល់តែសោះ តាំងពីរយឆ្នាំមកហើយ។ ប្រាសាទ‹វែសាយ›ទាំងនេះ បានបង្ហាញពីភាពរុងរឿងរបស់‹រាជាប្រទេសបារាំង› តែភាពអស្ចារ្យនេះ បានត្រូវអ្នកប្រាជ្ញអក្សរសាស្ត្រ សរសេរអំពី‹អំណាចរបស់ប្រជាពលរដ្ឋ›នឹងបណ្តាលឱ្យមានភាពរុងរឿងទាំងអស់គ្នា នាឆ្នាំ១៧១០ ទស្សនៈនេះបានត្រូវរង់ចាំ ជំនឿរបស់ពលរដ្ឋជាង៥០ឆ្នាំក្រោយមក ទើបមានមានប្រតិកម្មជាក់ស្តែងពីសំណាក់ពលរដ្ឋបារាំង ទើបមានការក្រោកឡើងបះបោរទាំងរាស្ត្រទាំងសភា ហើយរាជបល្លង្គក៏ត្រូវរលំ រាជានិយមបារាំងក៏ត្រូវបញ្ចប់។

ខុសគ្នាពិសហរដ្ឋអាមេរីក ដែលប្រវត្តិសាស្ត្ររបស់ខ្លួនមានតិចជាង៣០០ឆ្នាំប៉ុណ្ណោះនោះ ច្រើនមានសំណង់ប្រវត្តសាស្ត្រនៅជិតបច្ចុប្បន្ន មានទ្រង់ទ្រាយទៅអនាគតច្រើន រីឯសំណង់ចាស់ៗ គឺមានគំរូដើមរបស់អនានិគមបារាំងច្រើនកន្លែង ដែលគេអាចប្រៀបធៀបទៅនឹងគំរូនៃប្រាសាទទីក្រុង‹វែសាយ›នេះបាន ។

(សូងរង់ចាំអានភាគបន្តរ នៅលេខក្រោយ)