បុណ្យភ្ជុំបិណ្ឌនៅឡូវែល

ដោយ ពិន សំខុន

បុណ្យដ៏ធំសម្រាប់ប្រជាពលរដ្ឋខ្មែរ មិនថារស់នៅកម្ពុជាឬនៅអាមេរីកទេ គឹបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ហើយឆ្នាំនេះនៅថ្ងៃទី១-២តុលានេះឯង គឺនៅចុងនៃរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃ គេធ្វើពីធីកាន់បិណ្ឌ ១៥ថ្ងៃ រួចភ្លាមមក គេធ្វើពិធិបញ្ចប់មួយ ហៅថាផ្ជុំបិណ្ឌនេះឯង។ បន្ទាប់ពីភ្ជុំបិណ្ឌនេះភ្លាម គេអាចប្តើមធ្វើពិធី កឋិនទានដែលគេមានពេល៣០ថ្ងៃ សម្រាប់ប្រារព្ធ១ឆ្នាំម្តង សម្រាប់វត្តនិមួយៗ។ បុណ្យនេះមានន័យថា‹‹ជាឱកាសដែលកូនចៅធ្វើបុណ្យជូនកុសលជូនបុព្វបុរស មានដូនតា-ម្តាយឳពុកដែលបានចែកឋានទៅហើយ ដើម្បីជាការដឹងគុណដល់លោក›› នៅស្រុកកម្ពុជាក្រោមគេហៅថា‹‹បុណ្យដូនតា››ដែលមានន័យដូចគ្នា។សម្រាប់នៅឡូវែល ក៏ដូចជានៅទីក្រុងឯទៀតនៃសហរដ្ឋ ដែលមានវត្តច្រើន គេតែងពិព្រោះគ្នា យកថ្ងៃនៃចុងសប្តាហ៍ណាដែលមិនជាន់គ្នា អនុញ្ញាត្តិឱ្យពុទ្ធបរិស័ទ អាចទៅវត្តវ៉ាបានគ្រប់ៗគ្នា មិនច្បាស់ជាធ្វើចំថ្ងៃកំណត់នោះទេ។

នៅវត្តពន្លឺពុទ្ធចក្រ
​​ នៅវត្តពន្លឺពុទ្ធចក្រ

យើងសូមឆ្លៀតឱកាស ផ្តល់ពត៌មានអំពី‹វត្ត›ក្នុងសហគមន៍ ដែលប្រជាពលរដ្ឋឡូវែលនាំគ្នាទៅធ្វើបុណ្យ នាំឱវាទព្រះពុទ្ធជាម្ចាស់ មកប្រៀនប្រដៅក្រុមគ្រួសារ នឹងកូនចៅ សម្រាប់ជាការយល់ដឹងពីសហគមន៍ខ្លួន នាឱកាស‹ភ្ជុំបិណ្ឌ›នេះ។

នៅវត្តពន្លឺពុទ្ធចក្រ
នៅវត្តពន្លឺពុទ្ធចក្រ

‹វត្តពន្លឺពុទ្ធចក្រ›ធ្វើបុណ្យឆ្លងភ្ជុំបិណ្ឌ ប្រកបដោយពុទ្ធបរិស័ទច្រើនជាងគេ រហូតដល់ពាន់នាក់។ ព្រះគ្រូចៅអធីការព្រះនាម.បូ ប្រធានគណកម្មការវត្តឈ្មោះវិឆាយ សុខគ្រប់គ្រងវត្តប្រកបដោយតម្លាភាពគ្រប់គ្រាន់, មិនដែលឰថាមានជម្លោះឬក៏ផលរមាស់ ឬប្រណាំងប្រជែងដណ្តើមដំណែងគ្នា ម្តងណានៅឡើយទេ, គេច្រើននិយាយតៗគ្នាថា‹ជាកន្លែងដែលធ្វើបុណ្យបានបុណ្យ្›ដោយមានភាពជ្រះថ្លា នឹងភាពបរិសុទ្ធច្រើន ។ តាំងពីព្រះវិហ៊ារធំសង់រួចមក កាល២-៣ឆ្នាំមុន មានការបង្កើតបន្ថែម ឱ្យមានកម្មវិធីបង្រៀនអក្សរខ្មែរច្រើនថ្នាក់ សម្រាប់កុមារខ្មែរ ឱ្យអាចមករៀនភាសាជាតិរបស់ខ្លួន នៅរៀងរាល់រសៀលនៃថ្ងៃអាទិត្យទៀតផង។

ធ្វើបុណ្យនៅវត្តត្រៃរតនារាម
ធ្វើបុណ្យនៅវត្តត្រៃរតនារាម
ធ្វើបុណ្យនៅវត្តសាមគ្គីសង្ឃិការាម
ធ្វើបុណ្យនៅវត្តសាមគ្គីសង្ឃិការាម

‹វត្តត្រៃរតនារាម›ធ្វើបុណ្យឆ្នាំនេះក៏សម្បូរពុទ្ធបរិស័ទចូលរួមធ្វើបុណ្យណាស់ដែរ មានជាច្រើនរយនាក់ ដោយសារជាវត្តដែលបានកើតមុនគេនៅឡូវែលនេះ តាំងតែពីជំនាន់ជាមួយនឹងព្រះតេជគុណ សៅ ឃន មកម្លេះ។ ព្រះគ្រូចៅអធិការបច្ចុប្បន្នព្រះនាម មី ឡែម បន្តរពីព្រះតេជគុណ សៅ ឃន ដែលបាននិមន្តទៅបង្កើតវត្តថ្មីមួយ ឈ្មោះ‹វត្តខ្មែរឡូវែល›កាលពីប៉ុន្មានឆ្នាំមុន នៅត្រើយម្ខាង, ប្រធានគណកម្មការឈ្មោះ.អាយវិន អៀមទាំង២រូប គ្រប់គ្រងវត្តដែលទើបនឹងបានធូរស្បើយពីជម្លោះជិត២០ឆ្នាំ រវាងវត្តលើ-វត្តក្រោម, ការផ្អាកសង្គ្រាមនេះក៏ដោយសារបន្ទាប់ពីមានឧបត្តិហេតុបិទវត្តដោយអាជ្ញាធរត្រួតពិនិត្យសន្តិសុខមកព្រះគ្រូចៅអធីការ សែម សារិន‹វត្តក្រោម› បាននិមន្តទៅបង្កើតវត្តខ្មែរថ្មីមួយទៀតឈ្មោះ‹វត្តសាមគ្គីសង្ខិការាម› នៅ‹ធីងបូរ៉ូ› ប្រមាណ៣-៤មាយឆ្ងាយពីវត្ត‹ត្រៃរតនារាម›ប៉ុណ្ណោះ, ស្ឋានភាពធូរស្រាលមែន តែមិនទាន់បានចប់សព្វគ្រប់ពីការកោះហៅរបស់តុលាការ នៅឡើយទេ។

‹វត្តសាមគ្គីសង្ឃិការាម›វត្តនេះទើបនឹងកើតបានប្រមាណ២-៣ឆ្នាំសោះ ឥឡូវកំពុងពង្រីកបានទៅជាធំហើយថ្មីស្រឡាង ទីធ្លាធំទូលាយ ពេលភ្ជុំបិណ្ឌនេះ ទទួលពុទ្ធបរិស័ទទៅធ្វើបុណ្យ នៅក្នុង‹តង់›ក្រណាត់លើកំណាត់ដីដែលសល់ខាងក្រោយនៅឡើយ។ ទោះជាភ្លៀង មានផុកពភ្អៀចតាមផ្លូវដើរក៏ដោយ ក៏ញាតិញោមប្រមាណ២រយនាក់មកធ្វើបុណ្យយ៉ាងណែននៅឡើយ នាថ្ងៃអាទិត្យនេះដែរ។ ជាចៅអធីការផង នឹងជាប្រធានគណកម្មការវត្តផង ព្រះអង្គ សែម សារិន គ្រប់គ្រងវត្តដោយពុំមានគណកម្មការដែលទៅពីវត្តត្រៃរតនារាម(ខាងក្រោម)នៅក្នុងនោះទេ ដោយសារគណកម្មការនោះនៅជាប់រឿងក្តីក្តាំ(វត្តត្រៃរតនារាម វត្តលើ-វត្តក្រោម)មិនទាន់ចប់។ មកទល់ថ្ងៃនេះ សំណង់ថ្មីទំនងជាសង់អស់ ៨០ម៉ឺន ពីព្រោះគេនិយាយថាសំណង់នេះសងគេរួចហើយ ៥០ម៉ឺន នៅសល់ប្រមាណ៣០ម៉ឺនទៀត នឹងសងរំលួសជាបន្តរទៅទៀត។ នៅ‹ធិងបូរ៉ូ›មិនសូវមានខ្មែររស់នៅទេ តែឧបាសិការនឹងឧបាសកជើងវត្ត ទៅពីវត្តក្រោមនៃវត្តត្រៃរតនារាម ស្ទើរតែទាំងអស់, គេចូលចិត្តទៅវត្ត‹សាមគ្គីសង្ខិការាម›ពីព្រោះនៅឆ្ងាយ មិនសូវជាប់ផ្លូវ ស្ងប់ស្ងាត់ ហើយស្រួលចតឡាន។

ធ្វើបុណ្យនៅវត្តខ្មែរឡូវែល
ធ្វើបុណ្យនៅវត្តខ្មែរឡូវែល

‹វត្តខ្មែរឡូវែល›នឹងឈ្មោះមួយទៀត‹វត្តសហគមន៍ព្រះសង្ឃខ្មែរ›ធ្វើបុណ្យភ្ជុំឆ្នាំនេះនៅថ្ងៃសៅរ៍ទី១តុលា នៅសាលរបស់អតីតយុទ្ធជន នៅក្បែរនោះ។ នៅពេលបានដំណឹងថា វត្តនេះនឹងមានធ្វើពីធីសម្ភោធទីតាំងថ្មីមួយ យើងក៏បានទៅថ្វាយបង្គំព្រះអង្គចៅអធីការ សៅ ឃន ចង់នាំដំណឹងពីការផ្លាស់ប្តូរ ដែលមាននៅទីវត្តអារាមខ្មែរ, ព្រះអង្គបានផ្តល់ពត៌មានថា‹កុដិដែលព្រះអង្គកំពុងគង់ទីនេះទើបនឹងសម្ភោធហើយ សម្រាប់តំកល់ព្រះបដិមាករ ៥ពាន់អង្គ នឹង ធ្វើបុណ្យតូចៗ ស្ថិតនៅជាប់គ្នានឹងកុដិចាស់ លើផ្លូវ ថមសុន ដូចគ្នា›។ ព្រះអង្គបានរំលឹកពីស្នាដៃព្រះអង្គ ក្នុងការជួយកសាងក្រុងឡូវែល នឹងប្រជាពលរដ្ឋខ្មែរក្នុងតំបន់ ដូចជាបានបង្កើត‹បុណ្យអុំទូក›, បុណ្យចូលឆ្នាំខ្មែរ, ពង្រីកពុទ្ធសាសនា, ជួយបង្កើតសមាគមខ្មែរ, ជួយក្រុងខ្មែរ ដូចជាជួយបង្គោលទង់ជាតិមួយដើម នៅផ្លូវចូលនៃក្រុងខ្មែរ, ព្រះអង្គនឹងបន្តរពង្រីកវត្ត ដោយសង់ព្រះវិហ៊ារធំដាក់ព្រះបដិមាករ៨៤ពាន់ទៀត, ក៏ប៉ុន្តែដីរបស់វត្តស្ថិតនៅដំបន់‹ទឹកលិច› នឹងកន្លែងដីរដ្ឋគេ‹កាពារ› ដែលវានឹងផ្តល់ភាពលំបាកដល់ការសាងសង់ទាំងឡាយ ដែលបំរុងនឹងបង្កើតឡើង។ បន្ទាប់ពិមានរឿងអាស្រូវមួយ ផ្ទុះឡើងក្នុងបរិវេណវត្តដោយព្រះសង្ឃព្រះនាម បណ្ឌិត ញ៉ែម គឹមតេង មក វត្តរបស់ព្រះគ្រូ សៅ ឃន បានរងភាពអាម៉ាសជំនួសបណ្ឌិតអង្គនោះ ដោយសារព្រះអង្គ សៅ ឃន ចេញមុខកាពារថាខ្សែរភាពយន្ត‹វិដេអូ›ដែលលួចថត ចេញផ្សព្វផ្សាយពាសពេញ ពីរូបអ្នកប្រព្រឹត្តអំពើអាសអាភាសនោះ ថា‹ជាការក្លែងបន្លំ មិនមានការពិតទេ›ម្លោះហើយក៏មានការប្តឹងផ្តល់ពិបទបរិហាកេរ បណ្តាលឱ្យ‹វត្តខ្មែរឡូវែល›រឺតតែអាម៉ាសខ្លាំងឡើងទៀត ជំនួសសាមីខ្លួន តាំងពី២-៣ឆ្នាំកន្លងមកហើយ។ នៅខែសីហាកន្លងទៅនេះ យើងបានពត៌មានថ្មីថា ភិក្ខុបណ្ឌិត ញ៉ែម គឹមតេង មិនបាននៅវត្តនេះតទៅទៀតទេ ដោយសារព្រះគ្រូចៅអធិការ សៅ ឃន បណ្តេញចេញពីវត្តទៅហើយ, ព្រះអង្គបានឆ្លើយបញ្ជាក់ថា‹រឿងនោះចប់សព្វគ្រប់ហើយ ជាការពិតថាភិក្ខុញ៉ែម គឺមតេង មិនមាននៅទីនេះទៀតទេ› តែព្រះអង្គមិនព្រមបញ្ជាក់ថា‹មានបុព្វហេតុអ្វីកើតឡើងទេ›។