ផ្តួចផ្តើមប្រព័ន្ធភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ សន្និសីទប្រចាំឆ្នាំលើកទីមួយនៃប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឡូវែល

អត្ថបទដោយ ចេម អសទីស
ប្រែសម្រួលដោយសុខា
អង្គប្រជុំហៀបនឹងដល់ទីបញ្ចប់ ស្តែងចេញពីរយៈពេលបីម៉ោងនៃអង្គប្រជុំដែលរស់រវើក លោកឌីក ហូវ(រីឆាដ ហូវ) បានបង្ហើបនូវសំណួរសាកសួរអំពីស្មារតីនៃអង្គប្រជុំទាំងមូល ថាគួរដាក់ឈ្មោះអង្គប្រជុំនេះ ដោយដកពាក្យណាមួយចេញពីពាក្យដើមដែលមាន ហើយហៅអង្គសន្និសីទនេះថា សន្និសីទសង្គមឡូវែល។ ហេតុផលគឺ គោលបំណងសំខាន់ដែលក្តោបអង្គសន្និសីទគីផ្តោតទៅលើមធ្យោបាយដែលមនុស្សទាំងអស់ក្នុងសហគមន៍បានភ្ជាប់ទំនាក់ទំនង និងកាន់តែស្គាល់គ្នា។ សម្រាប់ក្រុមដែលតែងតែតាមដានស្អិតរមួតពីការប្រព្រឹត្តទៅនៃឡូវែល មានយ៉ាងហោចណាស់ក៏៥០ក្រុម បានប្រមូលផ្តុំគ្នានៅអិល ធី ស៊ី នាព្រឹកថ្ងៃទី៧ ធ្នូឆ្នាំ ២០១៣ ហើយពិភាក្សាជុំវិញប្រធានបទ ធ្វើយ៉ាងណាឲ្យសហគមន៍បានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត។
សន្និសីទប្រចាំឆ្នាំនៃប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឡូវែល ទើបតែកើតថ្មី ក្រោមស្នាដៃបង្កើតឡើងដោយលោក ឌីក ហូវ ជាមន្រ្តីចុះបញ្ជីអចលនវត្ថុ ហើយក៏ជាអ្នកនិពន្ធកិត្តិយសនៅសាពត៌មានខ្មែរផុសសហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិកគេហទំព័រ richardhowe.com ។ លោកផ្តោតអារម្មណ៍ទៅលើ ព្រឹត្តិការណ៍ក្នុងតំបន់ ក្នុងនោះមាននយោបាយតំបន់ ប្រវត្តិសាស្រ្ត និងពត៌មាន។
សន្និសីទនាថ្ងៃនោះ ចែកចេញជាបួនផ្នែក ហើយផ្តល់មូលន័យសំខាន់ទៅលើមធ្យោបាយដែលមានប្រសិទ្ធភាពដែលរូបវ័ន្តបុគ្គល និងអង្គការនានា បានភ្ជាប់ទំនាក់ទំនងសង្គមជាមួយគ្នា ក្នុងទិសដៅបង្កើតភាពជិតស្និទ្ធក្នុងសហគមន៍។
ពីរក្រុមដំបូងនៃវាគ្មិន ទំនងមានធម្មជាតិជាក្រុមបច្ចេកទេស ក្នុងនោះមានយូវ៉ានី បាអេស, អេមីល គូរូវីឡា, និង លីហ្ស ស្ម៊ីត ពិភាក្សាទៅលើមធ្យោបាយទំាងឡាយ ដែលអាចប្រើបានក្នុងការប្រាស្រ័យ ឬភ្ជាប់ទំនាក់ទំនងក្នុងនោះមាន Twitter ដែលអាចបម្រើកិច្ចការផ្ទាល់ខ្លួន និង ការងារ។ ក្រុមទី២ រួមមាន ដេញ៉ល ម៉ាក់ហ្វេដដិន , ខារ៉ូលីន ហ្គាឡាហ្វឺ , ហ្វីល លូបស៊ីវីកហ្ស និង ចេសស៊ីកា វីលសុន ពិភាក្សាទៅលើសារៈសំខាន់ និងឥទ្ធិពលនៃវីដេអូ។ វីលសុន ជាអ្នកអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍ ក៏ដូចជានាយកនៃអិល ធី ស៊ី បានកត់សម្គាល់ថា កម្មវិធីវីដេអូដែលត្រូវបានទទួលការពេញនិយមលេខមួយគឺកម្មវិធីបញ្ចាំងអំពីក្រុមរបាំអង្គរ ដែលបង្ហាញពីរបាំអប្សរា។
ពាក់កណ្តាលទៀតនៃកម្មវិធីនេះ បានប្តូរទៅជាកិច្ចការពិភាក្សាទៅលើឥទ្ធិពល និងយុទ្ធសាស្រ្ត។ បេក្ខជនក្រុមប្រឹក្សាក្រុងលោក ឌីរ៉ែក មីតឆែល និង ដែននី រូគី ពិភាក្សាទៅលើការដែលពួកគាត់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងយុទ្ធនាការបោះឆ្នោត។ យ៉ាងណាមិញ អ្នកទាំងពីរបានថ្លែងថា ប្រពន្ធផ្សព្វផ្សាយបែបបចេ្ចកវិទ្យា ជាមធ្យោបាយមានប្រសិទ្ធភាព ក្នុងលក្ខខណ្ឌមួយចំនួន តែមិនបានជំនួសតួនាទីផ្សព្វផ្សាយតាមបែបប្រពៃណីដូចជាការទៅទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត។
សម្រាប់ម៉ោងចុងក្រោយនៃសន្និសីទ គឺជាវេទិកាសម្រាប់អ្នកចូលរួម ក្នុងការចូលរួមកិច្ចសន្ទនាពីការភ្ជាប់ខ្លួនទៅនឹងសហគមន៍។ អតីតនាយកសាលា និងជាបេក្ខជនជាប់ឆ្នោតក្នុងក្រុមប្រឹក្សាក្រុង លោក វីលាម សាម៉ារ៉ាស បានមានប្រសាសន៍ថា ចំណុចសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជនគឺការទៅដោយផ្ទាល់ដល់ទីកន្លែងដែលគេតាំងនៅ តាមរយៈការទៅឲ្យដល់ភូមិដ្ឋាន តំបន់ដែលគេរស់នៅ និងការបង្កើតឲ្យមានជាសកម្មភាពសហគមន៍។ អ្នកស្រី សុបិន្ត ពិន ជាសហនាយកគ្រប់គ្រងនៃកាសែតខ្មែរផុសសហរដ្ឋអាមេរិក បានថ្លែងនាឳកាសនោះស្តីពីការប្រើប្រាស់សាពត៌មាន និងកាសែត ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ខ្មែរដែលនៅឡូវែល និងតំបន់ដទៃទៀត។
អ្នករៀបចំសន្និសីទ បានចាត់ទុករាល់កិច្ចសំណេះសំណាល ពិភាក្សាថាបានជោគជ័យ និងបានស្នើដល់អ្នកចូលរួមបន្តការគាំទ្រ និងមានវត្តមាននៅឆ្នាំបន្ទាប់ សំដៅបន្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាមាគ៌ាក្នុងការបន្តចរន្តទំនាក់ទំនងសង្គមឲ្យកាន់តែប្រសើរ និងខ្លាំងក្លាឡើងក្នុងតំបន់ឡូវែល។
សារពត៌មានខ្មែរផុសចូលរួមលើកតម្លៃស្មារតីនៃអង្គសន្និសីទ។ ឥលូវនេះ លោកអ្នកអាចតាមដានអំពីយើងខ្ញុំតាមរយៈធ្វីតធឺ @khmerpostUSA និងតាមរយៈគេហទំព័រហេ្វសប៊ុក KhmerPostUSA។